មានរឿងជាច្រើនដែលត្រូវទន្ទឹងរង់ចាំនៅឆ្នាំ 2022 រួមទាំងទូរស័ព្ទថ្មី របស់ Samsung និង Apple ដែលអាចនឹងចេញលក់នៅឆមាសទីមួយនៃឆ្នាំនេះ។ ដូច្នេះ មកក្រឡេកមើលស្មាតហ្វូនដែលយើងទន្ទឹងរង់ចាំច្រើនបំផុតក្នុងឆ្នាំ 2022 ដោយផ្អែកលើពាក្យចចាមអារ៉ាម និងរបាយការណ៍ ដែលបានកើតឡើងរហូតមកដល់ពេលនេះ។
Apple iPhone SE 3
iPhone SE 3 អាចនឹងចេញលក់នៅឆមាសទីមួយនៃឆ្នាំ 2022 នេះបើយោងតាមកំណត់ត្រារបស់អ្នកវិភាគ Ming-Chi Kuo ដែល MacRumors បានរាយការណ៍។
វាត្រូវបានគេរំពឹងថានឹងទទួលបានប្រព័ន្ធអ៊ីនធឺណែត 5G និងការជំរុញដំណើរការថ្មី ដោយសារតែការបន្ថែមបន្ទះឈីប A15 Bionic របស់ក្រុមហ៊ុន Apple ដែលជាប្រព័ន្ធដំណើរការដូចគ្នាដែលផ្តល់ថាមពលដល់ iPhone 13 នេះបើយោងតាម Nikkei Asian Review ។
ផ្អែកលើរបាយការណ៍ដែលបានផ្សព្វផ្សាយរហូតមកដល់ពេលនេះ វាហាក់ដូចជា Apple គ្រោងនឹងពង្រីកខ្លួន ដោយផ្តល់ឱ្យ iPhone SE នូវមុខងារទំនើបៗមួយចំនួន ខណៈពេលដែលសង្ឃឹមថា នឹងរក្សានូវគុណភាពដែលធ្វើឱ្យវាមានភាពទាក់ទាញតាំងពីដំបូងមក។
Apple iPhone 14 Max
ការអាប់ដេតដ៏ធំបំផុតដែលយើងរំពឹងថានឹងឃើញពីទូរស័ព្ទ iPhone នៅឆ្នាំក្រោយ គឺកាមេរ៉ា ការរចនា និងទំហំអេក្រង់។ ក្រុមហ៊ុន Apple នឹងបោះបង់ចោល iPhone Mini ហើយជំនួសមកវិញនូវ iPhone ទំហំ 6.7 អ៊ីង នៅឆ្នាំក្រោយ នេះបើយោងតាម Nikkei Asian Review ។ នោះមានន័យថាត្រកូល iPhone 14 អាចមានពីរម៉ូដែល ទំហំ 6.1 អ៊ីញ (iPhone 14 និង iPhone 14 Pro) និងទំហំ 6.7 អ៊ីញពីរ (iPhone 14 Max និង iPhone 14 Pro Max) ។ iPhone 14 Max របស់ Apple ហាក់បីដូចជានឹងផ្តោតទៅលើអ្នកដែលចង់បានអេក្រង់ធំជាងមុន។
កំណែទម្រង់ទូរស័ព្ទ Pro និង Pro Max នៃ iPhone 2022 របស់ Apple អាចមានកាមេរ៉ាខាងក្រោយទំហំ 48 មេហ្គាភិចសែល។ នោះគឺជាការបោះជំហានដ៏គួរឱ្យកត់សម្គាល់មួយពីប្រព័ន្ធកាមេរ៉ា 12 មេហ្គាភិចសែលរបស់ iPhone 13 Pro ។
ត្រកូល iPhone 14 ទំនងជានឹងចេញលក់នៅខែកញ្ញា ដូចជាការចេញលក់ស្មាតហ្វូនធំៗរបស់ Apple ផងដែរ។
Samsung Galaxy S22 Ultra
ការលេចធ្លាយព័ត៌មានពីគេហទំព័រ Front Page Tech បានបង្ហាញថា Galaxy S22 Ultra អាចនឹងភ្ជាប់មកជាមួយរន្ធផ្ទុកសម្រាប់ S-Pen ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ Samsung ដោយមិនបារម្ភខ្លាចបាត់បង់វា។ មានពាក្យចចាមអារ៉ាមផ្សេងទៀតនិយាយថា Galaxy S22 Ultra នឹងមានប្រព័ន្ធកាមេរ៉ាជាមួយនឹងការពង្រីកអុបទិកជាបន្តបន្ទាប់ នេះបើយោងតាមការលេចធ្លាយពី Ice Universe ។
យើងរំពឹងថា Galaxy S22 Ultra ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញបន្ថែមទៀតសម្រាប់អ្នកនិយមប្រើប្រាស់ទូរស័ព្ទ Galaxy Note ឬសម្រាប់អ្នកដែលកំពុងស្វែងរកទូរស័ព្ទកាមេរ៉ាដែលមានថាមពលខ្លាំង។
ជាធម្មតា Samsung បង្ហាញត្រកូល Galaxy ថ្មីរបស់ខ្លួនក្នុងចន្លោះខែមករា ដល់ខែមីនា ដូច្នេះយើងទំនងជាមិនបាច់រង់ចាំយូរទៀតទេ ដើម្បីស្វែងយល់បន្ថែមពីវា។
Samsung Galaxy S21 FE
ឥឡូវនេះ ក្រុមហ៊ុន Samsung គ្រោងនឹងចេញនូវទូរស័ព្ទថ្មីមួយដែលមានឈ្មោះថា Galaxy S21 FE នៅក្នុងខែមករា នេះបើយោងតាមគេហទំព័រថ្មីរបស់កូរ៉េ DDaily ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរបាយការណ៍នោះប្រែក្លាយជាការពិត ទូរស័ព្ទនេះនឹងមានលក់តែនៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះ។
សម្រាប់អ្វីដែលយើងអាចរំពឹងពី Galaxy S21 FE ទូរស័ព្ទជួរកណ្តាលរបស់ Samsung អាចមានអេក្រង់ទំហំ 6.4 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ 2,340 x 1,080 និងកាមេរ៉ាចំនួន 3 ដែលរួមមាន 32-megapixel, 12-megapixel និង 8-megapixel lenses នេះបើយោងតាម គេហទំព័រវិញ្ញាបនប័ត្រ TENAA របស់ប្រទេសចិនដែល MyFixGuide បានរាយការណ៍។
វាក៏អាចភ្ជាប់មកជាមួយប្រព័ន្ធដំណើរការ Qualcomm Snapdragon 888 នេះបើយោងតាមការលេចធ្លាយដែលលេចចេញនៅលើ Google Play Console ។ នោះអាចជាវិធីមួយដែល Samsung បែងចែក Galaxy S21 FE ពី Galaxy A52 5G ដែលភ្ជាប់មកជាមួយបន្ទះឈីប Qualcomm Snapdragon 750G 5G ដែលមានថាមពលតិច។ Galaxy S21 FE ក៏ត្រូវបានគេរំពឹងថានឹងមានរូបរាងស្រដៀងគ្នាទៅនឹង Galaxy S21 ដូចដែលបានបង្ហាញនៅក្នុង Render ។
OnePlus 10 Pro
ថ្មីៗនេះ ត្រកូល "Pro" លំដាប់ថ្នាក់ខ្ពស់របស់ OnePlus ទទួលបានភាពល្បីល្បាញ ដោយលោក Andrew Hoyle របស់ CNET បានហៅទូរស័ព្ទ OnePlus 9 Pro ថាជា "ទូរស័ព្ទល្អបំផុតដែល OnePlus មិនដែលធ្លាប់បានផលិតពីមុនមក"។
ព័ត៌មានលេចធ្លាយពី OnLeaks និងគេហទំព័រកិច្ចព្រមព្រៀង Zouton អះអាងថា នឹងបង្ហាញកាមេរ៉ាដែលបានរចនាឡើងវិញនៅលើ OnePlus 10 Pro ។ វាប្រហែលជាមានប្រព័ន្ធកាមេរ៉ាដូច OnePlus 9 Pro ដែរ ប៉ុន្តែជាមួយនឹងការរៀបចំថ្មីដែលស្រដៀងទៅនឹងការដំឡើងកាមេរ៉ា 4 គ្រាប់ នៅលើ Samsung Galaxy S21 Ultra ។ បើមិនដូច្នេះទេ ទូរស័ព្ទនេះត្រូវបានគេរំពឹងថា នឹងមកជាមួយអេក្រង់ AMOLED ទំហំ 6.7 អ៊ីញ កម្រិត 1,440 ភីកសែល ថាមពលថ្ម 5,000 mAh និងអង្គផ្ទុកទិន្នន័យ 128GB ឬ 256GB នេះបើយោងតាម Zouton ដែលរាយការណ៍ថាវានឹងចេញលក់នៅឆមាសទីមួយនៃឆ្នាំ 2022។
អត្ថបទដកស្រង់ពី Lisa Eadicicco