កងទ័ពជើងទឹកនៃប្រទេសនូវែលសេឡង់ បានធ្វើបេសកកម្មប្រកបដោយក្តីមេត្តាមិនធម្មតាមួយ ដើម្បីទៅយកមនុស្សពីរនាក់ដែលជាប់គាំងក្នុងប្រទេសសិង្ហបុរីអស់រយៈពេល 18 ខែ ដោយសារជំងឺកូវីត-19។ ស្ថានភាពសុខភាពមួយបានបង្ហាញថា អ្នកទាំងពីរមិនអាចហោះហើរទៅកាន់ប្រទេសនូវែលសេឡង់បានទេ ហើយចំនួនទឹកប្រាក់ក្នុងធនាគារដែលធ្លាក់ចុះរបស់ពួកគេ បានធ្វើឱ្យការស្នាក់នៅក្នុងប្រទេសសិង្ហបុរីមានការលំបាក។
យោងតាមឯកសារដែលបានចេញផ្សាយក្រោមច្បាប់ព័ត៌មានផ្លូវការ បេសកកម្មបានកើតឡើងបន្ទាប់ពីទីប្រឹក្សាគណៈកម្មាធិការជាន់ខ្ពស់របស់ប្រទេសនូវែលសេឡង់ប្រចាំប្រទេសសិង្ហបុរី បានអង្វរជំនួសឲ្យអ្នកទាំងពីរដោយនិយាយថា ជំហររបស់ពួកគេគឺ "ពិសេសណាស់" ហើយគាត់ខ្លាចថា "ស្ថានភាពរបស់ពួកគេអាចប្រែទៅជាកាន់តែអាក្រក់” ។
គូស្នេហ៍មួយគូរនេះ បានទទួលការលើកលែងពិសេសក្នុងការធ្វើដំណើរនៅលើកប៉ាល់ HMNZS Canterbury ដែលកំពុងត្រូវបានជួសជុលឡើងវិញនៅក្នុងប្រទេសសិង្ហបុរី។ កប៉ាល់នេះបានចាកចេញពីប្រទេសសិង្ហបុរីក្នុងខែវិច្ឆិកា ឆ្នាំ 2021។ ការធ្វើដំណើរចំណាយពេល 19 ថ្ងៃ ដែលមានន័យថា ប្តីប្រពន្ធនេះមិនចាំបាច់ដាក់ឱ្យនៅដាច់ពីគេទេ នៅពេលមកដល់ប្រទេសនូវែលសេឡង់។
អ៊ីម៉េលរបស់រដ្ឋាភិបាលដែលបានលាតត្រដាងបង្ហាញពីការព្រួយបារម្ភមួយ ដែលបេសកកម្មអាចកំណត់ជាគំរូមិនល្អមួយ។ ទោះយ៉ាងណាក៏ដោយ មន្ត្រីម្នាក់បានសរសេរថា “វាមិនមែនជាការជម្លៀស [ជនជាតិនូវែលសេឡង់] ពីអាស៊ីអាគ្នេយ៍នោះទេ”។
នៅក្នុងអ៊ីមែលដាច់ដោយឡែកមួយ មន្ត្រីបានសរសេរថា “ប្រសិនបើយើងបង្កើតគំរូមួយ ដែលមនុស្សដែលគ្មានសមត្ថភាពក្នុងការហោះហើរ បានរកឃើញកន្លែងដែលមានកប៉ាល់ [កងទ័ពជើងទឹក] ដែលកំពុងធ្វើដំណើរទៅកាន់ [ប្រទេសនូវែលសេឡង់] ជាមួយនឹងកន្លែងទំនេរ និងបុគ្គលិកផ្នែកវេជ្ជសាស្រ្តនៅលើកប៉ាល់ ខ្ញុំអាចគាំទ្រជាមួយវា”។
ក្រសួងការបរទេសនៃប្រទេសនូវែលសេឡង់បានកត់សម្គាល់ថា ករណីនេះពាក់ព័ន្ធនឹង "កាលៈទេសៈជាក់លាក់ និងមិនធម្មតាមួយ" ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។
អត្ថបទដកស្រង់ពី Pete Mckenzie
បកប្រែនិងកែសម្រួលដោយ Mr. Blue