ការស៊ើបការណ៍ក្នុងពេលវេលាជាក់ស្តែងតាមរយៈផ្កាយរណបរឺហៅថា Space Based Intelligence បានក្លាយជាកូនអុកថ្មីមួយទៀតសម្រាប់ការប្រកួតប្រជែងគ្នានៅលើសមរភូមិអវកាស។ ដោយកាលពីអំឡុងខែកុម្ភៈកន្លងទៅនេះ រុស្ស៊ីក៏ធ្លាប់បានព្រមានអាមេរិកពីការនឹងដាក់ប្រព័ន្ធប្រឆាំងផ្កាយរណបនៅក្នុងអវកាសផងដែរ។ តើការស៊ើបការណ៍ក្នុងពេលវេលាជាក់ស្តែងតាមរយៈផ្កាយរណបគឺជាអ្វី និងមានសារៈសំខាន់ដូចម្តេចខ្លះ? Space based intelligence នេះគឺជាការប្រមូល និងវិភាគទិន្នន័យដែលទទួលបានពីផ្កាយរណបនៅលើគន្លងផែនដី ដែលអាចអោយឃ្លាំមើលពីសកម្មភាពនៅក្នុងពេលវេលាជាក់ស្តែងបាននៅខាងក្រោម ហើយវាមានសារៈសំខាន់ជាពិសេសសម្រាប់ដល់វិស័យការពារជាតិក្នុងការរកដំណោះស្រាយ និងឆ្លើយតបភ្លាមៗជាយុទ្ធសាស្រ្តចំពោះបញ្ហាកើតឡើងនៅខាងក្រោម។ នៅក្នុងខណៈនេះផងដែរ ក៏សង្កេតឃើញថាមានការកើនឡើងកាន់តែច្រើននៃ Space based intelligence នេះនៅក្នុងអវកាស ដែលបានសេចក្តីថាចំនួនផ្កាយរណបក៏មានកាន់តែច្រើនដូចគ្នា ហើយស្របពេលដែលព័ត៌មាន និងទិន្នន័យត្រូវបានទទួលបានដ៏ច្រើនលើសលប់បែបនេះ ទើបជាកត្តាសំខាន់ណាស់ដែលតំរូវអោយមានប្រព័ន្ធ AI សម្រាប់វិភាគ រឺជ្រើសរើសទិន្នន័យដែលចាំបាច់សម្រាប់យោធា។
ទន្ទឹមនឹងនេះផងដែរ យើងក៏សង្កេតឃើញពីបញ្ហាប្រឈមមួយ ជាពិសេសសម្រាប់នៅក្នុងរយៈពេលរាប់សិបឆ្នាំខាងមុខទៀត ប្រសិនបើចំនួន Space-Based Intelligence នៅតែបន្តកើនឡើងពាសពេញផ្ទៃអវកាស។ នោះគឺជាបញ្ហាល្បឿនយឺតដោយសារតែទិន្នន័យដ៏ច្រើនរបស់វា។ ដើម្បីដោះស្រាយនូវរឿងមួយនេះ អាមេរិកត្រូវពង្រឹងនិងបង្កើនប្រព័ន្ធ Cloud Computing របស់ពួកគេ ទើបអាចបន្ថែមនូវកំរិតមាត្រដ្ឋាន និងនាំអោយល្បឿនអាចដើរបានរហ័សជាងនេះ ហើយចំពោះរឿងនេះដែរពួកគេអាចសហការជាមួយនឹងប្រព័ន្ធ Cloud Computing AWS របស់ក្រុមហ៊ុន Amazon បានផងដែរ។ ម្យ៉ាងទៀតពួកគេក៏ត្រូវគិតគូរពីការពង្រឹងកំណើននៃប្រព័ន្ធ Optical Communication នៅខាងក្រោមផងដែរ ទើបអាចនាំទិន្នន័យមកកាន់ស្ថានីយ៍នៅខាងក្រោមបានលឿនជាងមុន។ ដូចនេះ អាមេរិកក៏ត្រូវគិតគូរ និងពង្រឹងបន្ថែមលើសមត្ថភាពដឹកនាំ និងទទួលយករបស់បណ្តាញពាក់ព័ន្ធនៅខាងក្រោមផងដែរ។