កាលពីឆ្នាំ២០១៤ ធនាគារ Asian Development Bank រួមជាមួយនឹងធនាគារ World Bank Group បានចេញរបាយការណ៍រួមមួយដែលមានឈ្មោះ ICA រឺហៅថា Cambodia Investment Climate Report។ ពិតដូចជាក់ស្តែងណាស់ នៅក្នុងរបាយការណ៍នេះបានរៀបរាប់ពីចំនុចមូលហេតុខ្លះៗ ដែលធ្វើអោយបរិយាកាសវិនិយោគនៅកម្ពុជាមិនសមប្រកប ខណៈពួកគេក៏បានចោលតំរុយនូវគន្លឹះដំណោះស្រាយផងដែរ សម្រាប់អនុវត្តឡើងនាពេលអនាគត។ កន្លងមកឃើញថា នាពេលបច្ចុប្បន្ន បញ្ហា និងដំណោះស្រាយដែលមាននៅក្នុងសេចក្តីរបាយការណ៍របស់ធនាគារទាំងពីរ ពិតជាត្រូវបានដោះស្រាយឡើង និងទទួលបានជោគជ័យ១០០ភាគរយ។ ដូច្នេះហើយ តើបច្ចុប្បន្ននេះ ក្រុមហ៊ុន រឺអាជីវកម្មនៅកម្ពុជានឹងទទួលបានឳកាសអ្វីខ្លះ ដែលកំពុងអំណោយផលនៅក្នុងប្រទេសនាពេលនេះ? ផ្អែកតាមរបាយការណ៍នេះ បានបង្ហាញថា កាលពីមុនមក កម្ពុជាប្រឈមនឹងបញ្ហាចម្បងមួយនោះគឺ ប្រភពថាមពលអគ្គិសនី។ ដោយមិនត្រឹមតែតំលៃនៃអគ្គិសនីថ្លៃប៉ុណ្ណោះទេ ប៉ុន្តែការផ្គត់ផ្គង់នៃប្រភពថាមពលនេះក៏មិនមានគ្រប់គ្រាន់នៅក្នុងផ្ទៃប្រទេសផងដែរ ម្ល៉ោះហើយរបាយការណ៍បានស្វែងរកដំណោះស្រាយឡើងថា ប្រទេសកម្ពុជាគួរតែបានទិញប្រភពថាមពលនេះ និងធ្វើការចរចាឡើងជាមួយនឹងប្រទេសជិតខាង។ ម្យ៉ាងវិញទៀតផងដែរ កត្តាសំខាន់មួយទៀតដែលរារាំងសកម្មភាពនៃការវិនិយោគនៅកម្ពុជា នោះគឺជាតំលៃនៃការចំណាយក្រៅផ្លូវការ ដែលធ្វើអោយក្រុមហ៊ុនត្រូវធ្វើការបង់ប្រាក់ទៅតាមច្បាប់ និងបទបញ្ញត្តិជាច្រើនមិនច្បាស់លាស់។
ដើម្បីដោះស្រាយនូវកត្តានេះ ក្នុងខណៈដែលយើងឈានចូលមកសម័យបច្ចេកវិទ្យាឌីជីថល កម្ពុជាបានដាក់អនុវត្តនូវកម្មវិធីប្រតិបត្តិការស្វ័យប្រវត្តិផ្សេងៗនៅក្នុងរដ្ឋាភិបាល ដូចជាការប្រើប្រាស់ Swift Passage សម្រាប់ E-commerse និងប្រព័ន្ធប្រតិបត្តិការស្វ័យប្រវត្តិសំរាប់ពន្ធ ដែលនេះធ្វើអោយបានឆ្លងកាត់នៅតាមរដ្ឋាភិបាល ចៀសវាងការបង់ប្រាក់ជាច្រើនលើកដឹងលឺតែភាគីចំនួនពីរ។ កត្តាផ្សេងទៀត មានដំណើរការសាំញាំនៃការចុះឈ្មោះក្រុមហ៊ុន។ ដូច្នេះហើយ នាពេលបច្ចុប្បន្នេះ កម្ពុជាបានដាក់អនុវត្តនូវប្រព័ន្ធស្វ័យប្រវត្តិសំរាប់ដំណើរការចុះឈ្មោះក្រុមហ៊ុន ដែលមានភាពលឿនរហ័ស និងបានជួយលើកនូវប្រាក់ចំណូលរបស់ក្រុមហ៊ុនដែលបានចុះឈ្មោះផ្លូវការ និងជួយបង្កើនដល់ប្រាក់ចំណូលសំរាប់បុគ្គលផងដែរ។ កត្តាចុងក្រោយ គឺពាក់ព័ន្ធនឹងការព្រួយបារម្ភទៅលើការសំរបសំរួល និងច្បាប់ផ្សេងៗទាក់ទងនឹងការនាំចេញ រឺនាំចូលផ្សេងៗ។ ដោយដំណោះស្រាយទៅលើបញ្ហានេះ គឺអាចធ្វើឡើងទៅបានតាមរយៈការការពារការវិនិយោគ ដោយប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការស្វ័យប្រវត្តិនៃការនាំចូល និងដាក់ប្រើប្រាស់នូវច្រកចេញចូលតែមួយ។ ជាលទ្ធផល ការកើនឡើងនៃការវិនិយោគនៅកម្ពុជា នឹងផ្តល់ផលវិជ្ជមានដ៏សំខាន់មួយ គឺនឹងអាចប្រកួតប្រជែងនឹងគោលដៅវិនិយោគដទៃទៀតដែលនៅអាស៊ីបូពា៌ និងការបាត់បង់សិទ្ធិចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបបាន។