ចំណាប់អារម្មណ៍នេះ បានធញវើឡើង ខណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូ ពីបណ្តាក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន១៧ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញ។
នៅក្នុងជំនួបនោះ លោក Brian D. McFeeters បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ លោកថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលតំណាងឱ្យក្រុមហ៊ុនធំៗប្រមាណ១៧ ដែលមានប្រតិបត្តិការអាជីវកម្មលើវិស័យបច្ចេកវិទ្យាទំនើប បណ្ដាញផ្សព្វផ្សាយសង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារលក់រាយ និងកម្មន្តសាល ថាមពល ធានារ៉ាប់រងជាដើម បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការវិនិយោគ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការបោះទុនវិនិយោគនៅកម្ពុជា ក៏ដូចជាចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ក្នុងការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ក្នុងនោះសម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់របស់វិស័យឯកជន ដែលមិនត្រឹមតែរួមចំណែកដល់ការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្តោះទេ ប៉ុន្តែថែមទាំងដើរតួយ៉ាងសកម្ម នៅក្នុងការលើកកម្ពស់ការទូតនៃទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋ និងឯកជន។
សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) អំពីការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌគោលនយោបាយគាំទ្រដល់ការវិនិយោគរបស់រាជរដ្ឋាភិបាល តាមរយ:ការផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយនឹងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងជាពិសេស ជាមួយនឹងគោលនយោបាយនៃការផ្ដល់នូវការលើកទឹកចិត្ត សម្រាប់វិនិយោគិន និងការដាក់ចេញនូវគំនិតផ្ដួចផ្ដើមនៃគំរូអាជីវកម្មថ្មីៗ ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ។
សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បន្តកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
សូមបញ្ជាក់ថា តំណាងក្រុមហ៊ុនវិនិយោគរបស់សហអាមេរិកចំនួន១៧ ដែលបានចូលជួបប្រមុខរាជរដ្ឋាភិបាលនោះរួមមាន៖
១. ក្រុមហ៊ុន Abbott ប្រចាំកម្ពុជា ជាប្រភេទក្រុមហ៊ុនធ្វើអាជីវកម្មលើអាហារូប្ថម្ភ (Nutrition)។
២. ក្រុមហ៊ុន ADM ដែលជាក្រុមហ៊ុនឈានមុខលើការផ្គត់ផ្គង់ផលិតផលអាហារ និងភេសជ្ជៈ។
៣. ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Caltex។
៤. ក្រុមហ៊ុន ConocoPhilips ដែលជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងផ្នែករុករក និងផលិត ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ។
៥. ក្រុមហ៊ុន Estée Lauder Companies ដែលជាក្រុមហ៊ុនផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលគ្រឿងសម្អាង។
៦. ក្រុមហ៊ុន FedEx Express គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់លើសេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងសេវាកម្មធុរកិច្ច។
៧. ក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនផលិត និងតម្លើងរថយន្តដ៏ល្បីល្បាញរបស់អាមេរិក។
៨. ក្រុមហ៊ុន Jhpiego ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យសុខាភិបាល។
៩. ក្រុមហ៊ុនធានារ៉ាប់រង Manulife ។
១០. ក្រុមហ៊ុន Mastercard ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក។
១១. ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង Instagram។
១២. ក្រុមហ៊ុន Pfizer ប្រចាំប្រទេសថៃ និងឧបទ្វីបឥណ្ឌូចិន ។ Pfizer គឺជាក្រុមហ៊ុនផលិតឱសថ និងវ៉ាក់សាំងឈានមុខមួយរបស់អាមេរិក។
១៣. ក្រុមហ៊ុន Philip Morris International ។
១៤. ក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការនាំចូល និងតំឡើងរថយន្ត, សម្ភារបរិក្ខារ, សេវាកម្ម និង franchises លើផ្នែកម្ហូបអាហារ។
១៥. ក្រុមហ៊ុន Roche ដែលជាក្រុមហ៊ុនផ្តោតលើបរិវត្តកម្មបច្ចេកវិទ្យាលើវិស័យសុខាភិបាល ។
១៦. ក្រុមហ៊ុន Tilleke & Gibbins ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មមេធាវី។
និង១៧. ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក ៕