សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ លោកឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកបានរំលឹកឡើងវិញ អំពីជំនួបជាមួយសម្តេចធិបតី នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញា ឆ្នាំ២០២៣ផងដែរ។
ជាមួយគ្នានោះ លោក Daniel J. Kristenbrink បានបង្ហាញពីគោលជំហរបស់សហរដ្ឋអាមេរិកក្នុងការបន្តធ្វើការឱ្យកាន់តែជិតស្និត ជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជា នឹងក្លាយជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក (ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែកក្កដា ឆ្នាំ២០២៧)។
ក្នុងជំនួបនេះ សម្តេចធិបតី និងលោក Daniel J. Kritenbrink បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត លើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជននិងប្រជាជន ព្រមទាំងវិស័យការពារជាតិនិងសន្តិសុខជាដើម។
ដោយឡែក ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងដែរ នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលកំពុងមានរួមមាន៖ ការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ, ការថ្កោលទោសការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ពីសំណាក់ប្រទេសរុស្ស៊ី, កម្មវិធីជំនួយបរទេស, ការរុករកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម, ការពង្រឹងការអនុវត្តច្បាប់, ការពិនិត្យទៅលើវិស័យនានា សម្រាប់វឌ្ឍនភាពនាពេលខាងមុខនៅប្រទេសកម្ពុជា ដូចជាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, ការជួញដូរមនុស្ស, ការបង្កើតលទ្ធភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងមានភាពសេរី ព្រមទាំងបញ្ហាសន្តិសុខតំបន់។
នៅក្នុងកិច្ចពិភាក្សានោះដែរ លោកឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា ដែលមានបំណងប្រាថ្នា ចង់ឲ្យប្រទេសមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ ដែលក្នុងនោះ សំឡេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព ហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ៕