យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយមកដល់ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនា ចំណែកការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។
នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាចុងក្រោយនេះដែរ គេឃើញគណបក្សចំនួន៤ ដែលត្រូវបានគ.ជ.ប ទទួលស្គាល់ជាផ្លូវការ បានធ្វើយុទ្ធនាការឃោសនាតាមរបៀបផ្សេងៗគ្នា ដែលគណបក្សខ្លះហែរជាក្បួន ហើយគណបក្សខ្លះទៀត គ្រាន់តែជួបជុំសមាជិក សមាជិកនៅតាមទីស្នាក់ការប៉ុណ្ណោះ តាមលទ្ធភាពរបស់ខ្លួន។
ខណៈនៅថ្ងៃទី២៤ ខែកុម្ភៈ ស្អែកនេះ ជាថ្ងៃ-ស ដែលតម្រូវឲ្យបណ្ដាគ្រប់គណបក្សនយោបាយទាំងអស់រក្សាភាពស្ងប់ស្ងាត់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១០ យប់ថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់ម៉ោង១២យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាម គ.ជ.ប គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញ ផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា សេចក្តីណែនាំ រួមនឹងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
ចំណែកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យ ការងារឯទៀត ត្រូវផ្តល់កិច្ចសហការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុងដំណាក់កាលនេះ ជាពិសេសក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាព ទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិតធ្វើឱ្យ មានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោត និង រាប់សន្លឹកឆ្នោតបាន។
គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បទបញ្ញា និងនីតិវិធី របស់ គ.ជ.ប។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤បានចូលរួម ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង៣៖០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង៣៣ ចំណុះឲ្យភូមិភាគទាំង៨៕