នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅសួរសុខទុក្ខលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ និងជាត្រូវជាបងធម៌របស់សម្ដេច ដោយផ្ទាល់នៅភូមិគ្រឹះរបស់លោក ថាក់ ស៊ីន នាទីក្រុងបាងកក។
ឆ្លៀតក្នុងដំណើរអញ្ជើញទៅសាកសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ ស៊ីន នៅទីក្រុងបាងកកនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញកូនស្រីពៅរបស់លោក ថាក់ ស៊ីន លោកស្រី Paetongtarn Ung-ing Shinawatra ដែលជាប្រធានគណបក្សភឿថៃ មកធ្វើទស្សនកិច្ចនៅកម្ពុជានៅខែក្រោយនេះផងដែរ។
តាមរយៈបណ្ដាញសង្គម តេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ឱ្យដឹងដូច្នេះថា "ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក។ ឯកឧត្តម ថាក់ ស៊ីន ទោះបីមានជម្ងឺ ក៏បានទទួលយើងក្នុងនាមជាបងប្អូន ដោយមានការចូលរួមរបស់ អ៊ុង អ៊ីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ"។
តាមរយៈសំណេរនេះ សម្ដេចតេជោ ក៏បានបញ្ជាក់ឱ្យដឹងដែរថា ដើម្បីពង្រឹងចំណងមិត្តភាព សម្ដេច បាន អញ្ជើញ លោកស្រី អ៊ុង អ៊ីង ប្រធានគណបក្សភឿថៃ មកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។
តែទោះជាយ៉ាងណា សម្ដេចតេជោ បានអះអាងថា ជំនួបរវាងអតីតនាយករដ្ឋមន្ត្រីទាំង២នាក់ ជួបគ្នាពេលនេះ មិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់សម្ដេចតេជោ និងលោក ថាក់ ស៊ីន តាំងពីឆ្នាំ១៩៩២មកម្ល៉េះ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ ស៊ីន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបងប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។
បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែម ទៀតផង។ ក្នុងអំឡុងពេលរស់នៅក្រៅប្រទេស លោក ថាក់ស៊ីន និងក្រុមគ្រួសារ ហោះមកកម្ពុជា ជួបសម្តេចតេជោ ហ៊ុន សែន ជាញឹកញាប់។
កាលពីខែសីហា ឆ្នាំ២០២៣ មុននឹងធ្វើដំណើរចូលប្រទេសវិញ លោក ថាក់ស៊ីន និងប្អូនស្រី គឺលោកស្រី យីងឡាក់ ក៏បានបង្ហាញខ្លួននៅផ្ទះសម្តេចតេជោផងដែរ ដើម្បីចូលរួមអបអរសាទរខួបកំណើតរបស់សម្តេច។ ក្រោយពេលលោក ថាក់ស៊ីន ចូលដល់ប្រទេស ហើយត្រូវចាប់ខ្លួននោះ គេក៏បានឃើញលោកស្រី យីងឡាក់ បង្ហាញវត្តមាននៅផ្ទះរបស់សម្តេចផងដែរ៕