ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធនេះថា អ្នកវិទ្យាសាស្ត្ររុស្ស៊ីជិតនឹងឈានដល់ការបង្កើតវ៉ាក់សាំងសម្រាប់ការពារពីជំងឺមហារីក។ រុស្ស៊ីចង់ដាក់អាវុធនុយក្លេអ៊ែរទៅក្នុងអវកាស នេះបើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានបង្ហាញឡើង និងពិពណ៌នាឡើងថាជាការគំរាមកំហែងសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ។ ប្រធានាធិបតីនៃប្រទេសស៊ែប៊ី លោក Aleksandar Vučić បានបង្ហាញកាលពីថ្ងៃពុធនេះនូវប្រព័ន្ធរបស់រុស្ស៊ីថ្មីដែលសម្រាប់ការពារប្រឆាំងនឹងដ្រូនដែលហៅថា Repellent ដែលស៊ែប៊ីបានទិញកាលពីមួយរយៈមុនពីសម្ព័ន្ធមិត្តរបស់ខ្លួន រុស្ស៊ី។
-
រុស្ស៊ីជិតឈានដល់ការផលិតវ៉ាក់សាំងការពារជំងឺមហារីក
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី15 ខែកុម្ភៈបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធនេះថា អ្នកវិទ្យាសាស្ត្ររុស្ស៊ីជិតនឹងឈានដល់ការបង្កើតវ៉ាក់សាំងសម្រាប់ការពារពីជំងឺមហារីក ដែលអាចនឹងមានសម្រាប់អ្នកជំងឺក្នុងពេលឆាប់ៗនេះ។ លោកពូទីនបាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយតាមរយៈទូរទស្សន៍ថា "យើងបានខិតជិតទៅនឹងការបង្កើតនូវអ្វីដែលហៅថាវ៉ាក់សាំងការពារពីជំងឺមហារីកនិងថ្នាំ ប្រព័ន្ធស៊ាំការពារសម្រាប់មនុស្សជំនាន់ក្រោយហើយ" ។
លោកបានបន្ថែមថា "ខ្ញុំសង្ឃឹមថាឆាប់ៗនេះ វានឹងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព ដែលជាវិធីសាស្រ្តសម្រាប់ព្យាបាលរបស់បុគ្គល" ដោយលោកបាននិយាយឡើងនៅក្នុងវេទិកានៃទីក្រុងម៉ូស្គូស្តីពីបច្ចេកវិទ្យានាពេលអនាគត។
-
អាមេរិកបារម្ភរុស្ស៊ីរៀបចំបាញ់បង្ហោះអាវុធនុយក្លេអ៊ែរទៅកាន់អវកាស
យោងតាមសារព័ត៌មាន Telegraph ចុះផ្សាយថ្ងៃទី15 ខែកុម្ភៈបានអោយដឹងថា រុស្ស៊ីចង់ដាក់អាវុធនុយក្លេអ៊ែរទៅក្នុងអវកាស នេះបើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានបង្ហាញឡើង និងពិពណ៌នាឡើងថាជាការគំរាមកំហែងសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ។ លោក Joe Biden ត្រូវបានជំរុញកាលពីយប់ថ្ងៃពុធ ដោយទម្លាយឡើងនូវព័ត៌មានសម្ងាត់របស់អាមេរិកមួយទាក់ទងនឹងប្រតិបត្តិការយោធា ដែលត្រូវបានចែករំលែកឡើងជាមួយនឹងសមាជិកសភាអាមេរិកគ្រប់រូប។
គួរបញ្ជាក់ថា ប្រព័ន្ធសព្វាវុធនេះ អាចត្រូវបានប្រើប្រាស់ដើម្បីកំណត់គោលដៅលើផ្កាយរណបរបស់លោកខាងលិចដែលស្ថិតនៅក្នុងលំហ ដែលអាចបំផ្លាញប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធកំណត់គោលដៅយោធារបស់ពួកគេ។ យោងតាមប្រភពពីសេតវិមានបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងតែតាមដាននូវការគំរាមកំហែងនេះ និងបានពិពណ៌នាថាវាជា "ការគំរាមកំហែងមួយយ៉ាងធ្ងន់ធ្ងរ" ថ្វីបើមិនមែនជាបញ្ហា "ភ្លាមៗ" ក៏ពិតមែន។
-
ស៊ែប៊ីបង្ហាញប្រព័ន្ធប្រឆាំងដ្រូនថ្មីទទួលបានពីរុស្ស៊ី
យោងតាមសារព័ត៌មាន Euronews ចុះផ្សាយថ្ងៃទី15 ខែកុម្ភៈបានអោយដឹងថា ប្រធានាធិបតីនៃប្រទេសស៊ែប៊ី លោក Aleksandar Vučić បានបង្ហាញកាលពីថ្ងៃពុធនេះនូវប្រព័ន្ធរបស់រុស្ស៊ីថ្មីដែលសម្រាប់ការពារប្រឆាំងនឹងដ្រូនដែលហៅថា Repellent ដែលស៊ែប៊ីបានទិញកាលពីមួយរយៈមុនពីសម្ព័ន្ធមិត្តរបស់ខ្លួន រុស្ស៊ី ថ្វីបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ។
ប្រព័ន្ធនេះត្រូវបានប្រើប្រាស់ឡើងក្នុងគោលបំណងការពារពីដ្រូន និងអាចការពារគ្របដណ្តប់លើផ្ទៃដីបានប្រមាណ 30 គីឡូម៉ែត្រ។ ការលើកឡើងនេះត្រូវបាននិយាយនៅក្នុងអំឡុងពេលនៃពិធីតាំងពិពណ៌អាវុធ និងឧបករណ៍យោធានៅក្នុងទីក្រុង Nis ភាគខាងត្បូងប្រទេសស៊ែប៊ី ដែលក្នុងអំឡុងពេលទិវាបុណ្យជាតិនៃប្រទេសស៊ែប៊ី។
នៅចុងខែមករានេះ លោក Vučić បានព្រមានអំពីការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រឆាំងដ្រូននេះ ថ្វីបើលោកមិនបានបញ្ជាក់ពីពេលវេលាដែលបានទិញប្រព័ន្ធនេះក៏ដោយ។
គួរបញ្ជាក់ថា កន្លងមកដោយសារតែមានកិច្ចសហប្រតិបត្តិការជាមួយនឹងរុស្ស៊ី ព្រមទាំងចិនក្នុងវិស័យការពារជាតិផងនោះ ទើបធ្វើអោយប្រទេសស៊ែប៊ី ដែលជាបេក្ខភាពមួយនៅក្នុងសមាជិកភាពរបស់សហភាពអឺរ៉ុប (EU) ផងដែរនោះ ក៏ត្រូវបានរិះគន់យ៉ាងឥតឈប់ឈរពីទីក្រុងព្រុចសែល។