គម្រោងស្ពានឆ្លងទន្លេចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ៦០លានដុល្លារ ដែលជាកម្ចីពីរដ្ឋាភិបាលចិន គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នេះបើតាមការឲ្យដឹងពីលោក ផន រីម អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ។
លោកថា នៅពេលស្ពាននេះសាងសង់រួច នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស-ច្បារអំពៅ បានយ៉ាងច្រើន។ គម្រោងស្ពាននេះ ត្រូវបានសិក្សាដោយក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) ដែលទទួលបានថវិកាពីរដ្ឋាភិបាលចិន។ ហើយស្ពាននេះ ក៏នឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូងព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើង នូវការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញផងដែរ។ ស្ពាននេះ មានបណ្ដោយជាង៨០០ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក)។ គម្រោងស្ពាននេះ មានតម្លៃប្រមាណ៦០លានដុល្លារសហរដ្ឋអាមេរិក។ ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ ត្រើយខាងលិច ស្ថិតនៅភូមិសាស្ត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងត្រើយខាងកើត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ស្ពានឆ្លងទន្លេចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសចិន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ស្ពាននេះ ជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួចដែលមានដូចជា៖ ស្ពានកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២ ស្ពានព្រែកសំរោង ស្ពានកោះអន្លង់ចិន ស្ពានកោះធំ និងកំពុងសិក្សាមួយទៀតភ្ជាប់ផ្លូវជាតិលេខ២៣៕