នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ គឺជា “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ” (២៤ មករា ១៩៩៩ - ២៤ មករា ២០២៤) ហើយត្រូវបានរៀបចំពិធីអបអរសាទរយ៉ាងគ្រឹកគគ្រេងផងដែរ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក កំបូល ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៏នៅក្នុងពិធីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនេះ ក្នុងស្មារតី រំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធនារី កងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុង បុព្វហេតុ ជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្ត នូវទស្សនៈវិស័យ កម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្របពេលដែលប្រទេសជាតិ និងប្រជាពលរដ្ឋយើងទូទាំងប្រទេស ទទួលអំណរសាទរ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ដល់ ៧មករា ២០២៤ និងអបអរសាទរខួបលើកទី៧០ ទិវាកំណើតកង យោធពលខេមរភូមិន្ទ ៩ វិច្ឆិកា កន្លងមកនេះ។
មានប្រសាសន៏នៅក្នុងពិធីនោះដែរ សម្ដេចនាយករដ្ឋមន្ត្រីបានអះអាងថា រាជរដ្ឋាភិបាលនីតិកាលថ្មីដាក់ចេញកំណែទម្រង់ជាច្រើនដើម្បីពង្រឹងសមត្ថភាពកងទ័ព។ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធកម្ពុជាទៅជាកងកម្លាំងទំនើបមានសមត្ថភាព ធានាបាននូវភាពម្ចាស់ការក្នុងការការពារអធិបតេយ្យភាព សុខសន្តិភាព ឯករាជ្យភាពរបស់ជាតិ និងធានាបាននូវការអភិវឌ្ឍប្រទេសជាតិ។ សម្ដេចបានបន្តថា កំណែទម្រង់កងទ័ពត្រូវផ្អែកលើមូលដ្ឋាន នៃស្មារតីជាតិនិយម ការពារជាតិ សាសនា ព្រះមហាក្សត្រ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពឱ្យបានជាដាច់ខាតជូនជាតិ និងប្រជាជន។ ក្រៅពីពង្រឹងស្មារតី គឺត្រូវពង្រឹងសមត្ថភាពកងទ័ពរបស់ជាតិ ដើម្បីធានាជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិគ្រប់មុខជំនាញនៃកងទ័ពរបស់យើង បានន័យថា ពង្រឹងសមត្ថភាព ឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យទាំងអស់របស់កងទ័ព នេះគឺការកែទម្រង់ផ្អែកលើស្មារតីជាតិនិយម។ ម្យ៉ាងវិញទៀត កងទ័ពក៏ត្រូវបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពនៃប្រទេសជាមិត្តទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិត្យាននុភាព នៃកងទ័ពនៅលើឆាកអន្តរជាតិ។
ជាមួយនឹងការលើកឡើងខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍ចំនួន៥ចំណុច សម្រាប់កងយោធពលខេមរភូមិន្ទគឺ៖
ទី១, កងទ័ពកម្ពុជា ត្រូវតែជាកងទ័ពដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិ, មាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរព ឲ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តនានា, ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ, និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និង ប្រជាជន ។
ទី២, គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឲ្យបានស្ថិតស្ថេរ និង មានប្រសិទ្ធភាព ពោលគឺត្រូវប្រើប្រាស់កម្លាំងឲ្យសមស្របនឹងតម្រូវការជំនាញ និងត្រូវគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ, បរិក្ខារយោធាគ្រប់បែបយ៉ាង, ព្រមទាំងស្បៀងអាហារជាដើម ឲ្យបានត្រឹមត្រូវ និង បានគង់វង្ស។
ទី៣, គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន ការរៀនសូត្រ និងការកសាងប្រភព ធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់, ជាពិសេស ពង្រឹងការបង្កើនជំនាញដល់យោធិន ឲ្យស្របទៅតាមភារកិច្ច និងតួនាទី រៀងៗខ្លួន។
ទី៤, ត្រូវណែនាំអង្គភាពទាំងអស់ យកចិត្តទុកដាក់ត្រៀមកម្លាំង, មធ្យោបាយ, និងសម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះភ័យជាយថាហេតុ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឲ្យបានល្អ ក្នុងស្មារតីបុរេសកម្ម ជាមួយនឹងអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ទី៥, ត្រូវលើកទឹកចិត្តដល់អង្គភាពទាំងអស់ ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពកងទ័ព និង ក្រុមគ្រួសារ ធានាផាសុកភាព, សុខុមាលភាព, និង ផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន៕