ការបង្ហើបអំពីគម្រោងនេះ បានធ្វើឡើង ខណៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតិឲ្យលោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ បានជួបពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចមកព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ លោក Elder Dale G.Renlund បានអះអាងថា សកម្មភាពការងាររបស់ Church of Jesus Christ ផ្ដោតសំខាន់ទៅលើកិច្ចការមនុស្សធម៌ ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍វិស័យសាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន ជាដើម។ ជាមួយគ្នានោះ លោកបានជម្រាបជូនសម្ដេចធិបតីអំពីគម្រោងកសាងមន្ទីរពេទ្យព្យាបាលជំងឺបេះដូងមួយកន្លែង នៅក្នុងខេត្តសៀមរាប សំដៅជួយដល់ការព្យាបាល និងលើកកម្ពស់សុខមាភាពប្រជាជនកម្ពជា ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ Church of Jesus Christ ក្នុងការបន្តចូលរួមចំណែកលើកកម្ពស់ និងគាំទ្រវិស័យសុខាភិបាល និងលើការបណ្ដុះបណ្ដាលកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋតាមសហគមន៍ នៅតាមមូលដ្ឋានផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលដែលសម្រេចបានរបស់ Church of Jesus Christ ក្នុងការគាំទ្រលើគម្រោងជាច្រើន ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗរបស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើការធានាឱ្យមានសេរីភាពខាងជំនឿសាសនា និងការធានានូវសុខដុមនីយកម្មខាងសាសនានៅក្នុងសង្គមកម្ពុជា។ សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាជាប្រទេសដែលធ្លាប់បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅពេលនោះ របបប្រល័យពូជសាសន៍ខ្មែរក្រហម បានលុបបំបាត់ចោលទាំងស្រុងរាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ។
តាមរយៈបទពិសោធន៍ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាព និងស្ថិរភាពពេញលេញនៅកម្ពុជា៕