សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកដល់កងទ័ពបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ ឆ្លើយតបទៅនឹងបញ្ហាសកល និងមហិច្ឆិតាអាក្រក់របស់ជនក្បត់ជាតិ។
ការក្រើនរំលឹករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចឡើងក្នុងសារលិខិត ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើត បញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។
សារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងការលើកទឹកចិត្តចំពោះយោធិនទាំងអស់ ដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជាមួយបណ្តាគ្រប់កងឯកភាពទូទាំង កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី ហើយក៏បានសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរួមចំណែកដល់ដំណើរការអភិវឌ្ឍជាតិក្នុងពេលកន្លងមក ដែលជាពលិកម្មដ៏ធំធេង ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន ខណៈពេលដែលប្រទេសមួយចំនួនក្នុងពិភពលោក កំពុងប្រឈម និងរងគ្រោះ ដោយសារសង្គ្រាម អំពើរភេរវកម្ម នឹងព្រឹត្តិការណ៏អសន្តិសុខផ្សេងៗទៀត។
ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងទៀតថា គ្រប់ស្នាដៃ និងសមិទ្ធផលជាច្រើន ដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្រេចបាននាពេលកន្លងមកនេះ គឺពិតជាមិនអាចធ្វើបាននោះទេ ប្រសិនជាមិនមានការចូលរួមចំណែកពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យោធិន គ្រប់រូប ក្នុងការបំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហាន មោះមុត វិន័យម៉ឺងម៉ាត់ និងការប្តេជ្ញា ទទួលខុសត្រូវនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ទោះបីជាយើងមានមោទនភាពចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលសម្រេចបានមកហើយយ៉ាងណាក្ដី ប៉ុន្តែយើងទាំងអស់គ្នាក៏សុទ្ធតែបានជ្រួតជ្រាបថា ឆ្នាំ២០២៤ នេះ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬ ដោយប្រយោលពីស្ថានការណ៏អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទនៅ តែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់ គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដោយការវិវត្ត ប្រែប្រួលនៃសភាព ការណ៏អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់ទាមទារ ឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងទៀតថា គោលដៅដ៏សំខាន់ពីរ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចេរភាព។ សុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ជាពិសេស គឺគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនេះ ក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ។
ដូច្នេះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាគ្រប់បណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវតែបន្តជំរុញយកចិត្តទុកដាក់លើការងារកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងធ្វើយ៉ាងណា កសាងពង្រឹងអង្គភាពឲ្យបានរឹងមាំលើគ្រប់វិស័យ ដែលជាមូលដ្ឋានដ៏ចាំបាច់ធានាឲ្យការដឹកនាំបញ្ជា ការកសាងកម្លាំង និងការពង្រឹងប្រៀបការពារជាតិ៕