កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបបានសម្លាប់ប្រតិបត្តិករហាម៉ាសចំនួនប្រាំមួយនាក់រួមទាំងប្រតិបត្តិករតំបន់ភាគខាងត្បូងនៃក្រុមហាម៉ាសដែលទទួលបន្ទុកក្នុងការសួរចម្លើយជនសង្ស័យគេញសំងាត់ផងដែរ។ សហរដ្ឋអាមេរិកកំពុងជម្លៀសមូលដ្ឋានយោធា Hemo ដែលមានទីតាំងនៅជិតព្រលានយន្តហោះនៃទីក្រុង Qamishli នៅភាគឦសានប្រទេសស៊ីរីបន្ទាប់ពីមានការវាយប្រហារម្តងហើយម្តងទៀតពីកងកម្លាំង"ប្រឆាំងរបស់អ៊ីរ៉ាក់"។ កាលពីប៉ុន្មានថ្ងៃមុននេះ មានរូបភាពជាច្រើនបានចែករំលែកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញថាមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កំពុងត្រួតពិនិត្យដ្រូនរបស់ប្រទេសនេះ។
-
អ៊ីស្រាអែលសម្លាប់អ្នកប្រមាញ់គេញសំងាត់ហាម៉ាសនៅហ្គាហ្សា
យោងតាមសារព័ត៌មាន Time of Israel ចុះផ្សាយថ្ងៃទី១៧ ខែមករាបានអោយដឹងថា កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបបានសម្លាប់ប្រតិបត្តិករហាម៉ាសចំនួនប្រាំមួយនាក់ រួមទាំងប្រតិបត្តិករតំបន់ភាគខាងត្បូងនៃក្រុមហាម៉ាសដែលទទួលបន្ទុកក្នុងការសួរចម្លើយជនសង្ស័យគេញសំងាត់ផងដែរ។
កងកម្លាំងការពារអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណអ្នកប្រមាញ់ចារបុរសនោះថាជា Bilal Nofal ដោយបាននិយាយថាលោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់យោធា នេះបើតាមព័ត៌មានផ្តល់ឡើងដោយអង្គភាពសំងាត់ក្នុងស្រុក Shin Bet។
កងទ័ពអ៊ីស្រាអែលនិយាយថា"ការសម្លាប់របស់លោកនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សមត្ថភាពរបស់អង្គការភេរវករនេះក្នុងការអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពរបស់ខ្លួន"។
-
កងទ័ពអាមេរិកភៀសខ្លួនពីមូលដ្ឋានទ័ពស៊ីរី
យោងតាមសារព័ត៌មាន Sputnik News ចុះផ្សាយថ្ងៃទី១៧ ខែមករាបានអោយដឹងថា ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានរាយការណ៍កាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកកំពុងជម្លៀសមូលដ្ឋានយោធា Hemo ដែលមានទីតាំងនៅជិតព្រលានយន្តហោះនៃទីក្រុង Qamishli នៅភាគឦសានប្រទេសស៊ីរី បន្ទាប់ពីមានការវាយប្រហារម្តងហើយម្តងទៀតពីកងកម្លាំង"ប្រឆាំងរបស់អ៊ីរ៉ាក់"។
របាយការណ៍បាននិយាយថាមូលដ្ឋាន Hemo ស្ថិតនៅចម្ងាយ 4 គីឡូម៉ែត្រភាគខាងលិចអាកាសយានដ្ឋាន Qamishli ដែលគឺជាមូលដ្ឋានដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី ដោយមានបុគ្គលិកយោធាអាមេរិកយ៉ាងហោចណាស់ 350នាក់។
របាយការណ៍បាននិយាយថា មូលដ្ឋាននេះបានបម្រើជាមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់សហរដ្ឋអាមេរិកសម្រាប់បណ្តុះបណ្តាលកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិឃឺដ។ គួររំលឹកថាកាលពីសប្តាហ៍មុន មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានស្នើសុំឱ្យក្រុម"រណសិរ្សតស៊ូស៊ីអ៊ីត" នៅក្នុងប្រទេសអារ៉ាប់នានាចាប់ផ្តើម"វាយប្រហារសត្រូវ" នៅគ្រប់ទីកន្លែង។
-
គីមជុងអ៊ុនពិនិត្យដ្រូនមានការចំលងពីអាមេរិក
យោងតាមសារព័ត៌មាន Defense Security Asia ចុះផ្សាយថ្ងៃទី17 ខែមករាបានអោយដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ មានរូបភាពជាច្រើនបានចែករំលែកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញថាមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កំពុងត្រួតពិនិត្យដ្រូនរបស់ប្រទេសនេះ។
ប៉ុន្តែដ្រូនដ៏ទំនើបបំផុតរបស់កូរ៉េខាងជើងដែលមានឈ្មោះថា Saetbyol-4 និង Saetbyol-9 នេះមានរូបរាងស្រដៀងនឹងដ្រូន RQ-4 Global Hawk និង MQ-9 Reaper របស់សហរដ្ឋអាមេរិកផងដែរ។
ជាហេតុបណ្តាលអោយមានការអះអាងបានថាដ្រូនកូរ៉េខាងជើងទាំងពីរនេះគឺជាការចម្លងពីសមភាគីអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានអះអាងថា ដ្រូន Saetbyol-4 គឺជា"ដ្រូនឈ្លបយកការណ៍យុទ្ធសាស្ត្រ" ខណៈដែលដ្រូន Saetbyol-9 គឺជា "ដ្រូនវាយប្រហារពហុគោលបំណង" ។
ការរំពឹងទុកដែលថាដ្រូនកូរ៉េខាងជើង Saetbyol-4 និងSaetbyol-9 នឹងអាចប៉ះគ្នាជាមួយនឹងដ្រូន Global Hawk និង Reaper នៅក្នុងដែនអាកាសឧបទ្វីបកូរ៉េថ្ងៃណាមួយ គឺជាស្ថានភាពដ៏គួរឱ្យចាប់អារម្មណ៍មួយ។