បន្ទាប់ពីចាកចេញពីប្រទេសបារាំង ដើម្បីទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតពេលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនធំៗមួយចំនួន ដើម្បីបង្ហាញពីឱកាសវិនិយោគនៅកម្ពុជា។
សន្យានៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែមករា ម្សិលមិញ ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗទាំងនោះ បានបង្ហាញពីឆន្ទៈក្នុងការពង្រីកអាជីវកម្ម ក៏ដូចជាចូលមកវិនិយោគនៅប្រទេសកម្ពុជានាពេលខាងមុខ ដែលក្រុមហ៊ុនទាំងនោះ មានដូចជា៖ ក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com, ក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាត Grab, ក្រុមហ៊ុនអភិវឌ្ឍ និងផលិតឧបករណ៍អគ្គិសនី Shenzhen Power Solution និងក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត HawkEye 360 Inc ជាដើម។
ខណៈពេលជួបជាមួយក្រុមហ៊ុន Trip.com លោកស្រី Jane Sun អគ្គនាយិកាបានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ដែលជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។ ហើយជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ និងបានបង្ហាញនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេស តាមរយៈកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បាន និងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
ចំណែកជំនួបជាមួយក្រុមហ៊ុន Grab លោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab បានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Grab ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ជាក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាត (Smart phone) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ សព្វថ្ងៃក្រុមហ៊ុន Grab មានវត្តមានអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍ និងបានការប្តេជ្ញាជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួនជាប់ជាប្រចាំ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយនិងបានអរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យដឹកជញ្ជូន ដែលគម្រូអាជីវកម្មរបស់ Grab បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងទាក់ទាញ និងប្រមូលផ្តុំប្រតិបត្តិករក្រៅប្រព័ន្ធ ជាពិសេសផ្នែកដឹកជញ្ជូន ឱ្យចូលមកក្នុងថ្នាលឌីជីថលរបស់ Grab ដែលកំពុងតែមានការអភិវឌ្ឍ និងទំនើបកម្មជាលំដាប់ ហើយក្នុងឱកាសនោះផងដែរ សម្តេចធិបតីបានគាំទ្រចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន Grab ផងដែរ។
នៅក្នុងជំនួបជាមួយក្រុមហ៊ុន Shenzhen Power Solution លោកស្រី Xia Li ដែលជាស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន បានជម្រាបជូនសម្តេចធិបតីអំពីផលិតផលរបស់ក្រុមហ៊ុន ដែលអាចជួយដល់ការកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៅតាមតំបន់ជនបទ តាមរយៈការផលិតឧបករណ៍អគ្គិសនីច្រើនប្រភេទដើរ ដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យ និងមានផលប្រយោជន៍ច្រើនសម្រាប់ផាសុកភាព និងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ដោយឡែកនៅក្នុងជំនួបជាមួយ ក្រុមហ៊ុន HawkEye 360 Inc លោក John Serafini នាយកប្រតិបត្តិ បានជម្រាបជូនអំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន ចាប់តាំងពីពេលបង្កើតឡើង រហូតមកដល់ទទួលបានជោគជ័យ ដូចពេលបច្ចុប្បន្ន។ ទន្ទឹមនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន ក៏បានជម្រាបជូនសម្តេចធិបតី អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត (geospatial information solution) ផងដែរ ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការចូលរួមសហការវិនិយោគជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក និងបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនបន្តសិក្សាលទ្ធភាពនៅក្នុងការវិនិយោគលើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្តនេះ៕