ការស្នើនេះបានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតឥស្លាមប៉ាគីស្ថាន បានអបអរសាទរការបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅដោយគ្មានអំពើហិង្សា និងបានអះអាងថា នៅក្នុងកុម្ភៈខាងមុខនេះ ប៉ាគីស្ថាននឹងរៀបចំការបោះឆ្នោតសភាផងដែរ។ បន្ទាប់ពីការបោះឆ្នោតបង្កើតរដ្ឋសភាថ្មីហើយនោះ ប៉ាគីស្ថាននឹងលើកទឹកចិត្តជំរុញដល់ការបង្កើតនូវអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប៉ាគីស្ថាន និងកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយ ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់ថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង ក៏ជាបំណងប្រាថ្នារបស់រដ្ឋសភាកម្ពុជាដែរ។ សម្តេចបានលើកឡើងថា កិច្ចសហប្រតិបត្តិការរដ្ឋសភា ក៏ដូចជារដ្ឋាភិបាលប្រទេសទំាងពីរ មិនត្រឹមបម្រើផលប្រយោជន៍ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា និងប៉ាគីស្ថាននោះទេ តែនឹងបម្រើដល់ផលប្រយោជន៍រួម ជាការចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាព ក្នុងតំបន់ និងសកលលោកទំាងមូល។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណប្រទេសប៉ាគីស្ថាន ដែលបានគំាទ្រដល់ការបោះឆ្នោតនៅកម្ពុជា និងតែងតែជួយលើកទឹកចិត្តដល់ការអភិវឌ្ឍនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ប៉ាគីស្ថានពិនិត្យលទ្ធភាពនៅក្នុងការពង្រីកការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដូចជាការកែច្នៃកសិផលផ្នែកអាហារហាឡាល់ “Halal” ជំរុញការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ និងការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជនក្នុងវិស័យទេសចរណ៍ជាដើម។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត ប៉ាគីស្ថាន មានសុទិដ្ឋិនិយមថា នៅពេលស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសប៉ាគីស្ថានបានបង្កើតជាផ្លូវការនោះ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាងពីរកាន់តែរីកចម្រើន មានការលូតលាស់បានឆាប់រហ័ស។
ទាក់ទងការធ្វើពាណិជ្ជកម្ម ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចថា បច្ចុប្បន្ននេះ ស្ថានទូតប៉ាគីស្ថាននៅភ្នំពេញ បានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយសង្ឃឹមថា កិច្ចព្រមព្រៀងក្នុងវិស័យពាណិជ្ជកម្មមួយ នឹងចេញជារូបរាងនៅពេលឆាប់ៗខាងមុខនេះដែរ៕