សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃច័ន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
តាមរបាយការបញ្ជាក់ថា ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉”។ ស្ពាននេះមានប្រវែង១២០ម៉ែត្រ ទទឹង១១ម៉ែត្រ ចំណាយថវិកាសាងសង់១,៣៨៧,០០០ដុល្លារ។ ស្ពាននេះ ផ្តើមសាងសង់កាលពីខែមិថុនា ឆ្នាំ២០២២ មកទល់ចុងខែមិថុនា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមការងារជំនាញមន្ទីរសាធារណការខេត្ត ដើម្បីបម្រើជាប្រយោជន៍សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងអ្នកទេសចរ។ ហើយដើមហេតុដែលនាំឱ្យមានការកសាងស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ថ្មីនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត មើលឃើញពីស្ថានភាពលំបាកនៅរដូវវស្សា ដោយការធ្វើដំណើរបងប្អូនពលរដ្ឋលើស្ពានកោះយ៉ចាស់ ងាយនឹងបង្កគ្រោះថ្នាក់ ពិសេសពេលរដូវវស្សាតែម្តង។ អាជ្ញាធរស្រុកមណ្ឌលសីមា បានចាត់ទុកស្ពាននេះថា នឹងដើរតួនាទីយ៉ាងសំខាន់បម្រើដល់ការធ្វើដំណើរដឹកជញ្ចូនអ្នកទេសចរ ឬទិន្នផលនេសាទទៅកាន់តំបន់ទេសចរណ៍ ព្រមទាំងទៅទីផ្សារបានកាន់តែសុវត្ថិភាពឆាប់រហ័ស។
មានប្រសាសន៏នៅក្នុងពិធីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ គឺជាសមិទ្ធផលថ្មីមួយទៀត នៅឆ្នាំ២០២៤នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ ដើម្បីសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បានធ្វើដំណើរ បន្ទាប់ពីស្ពានបាឡេ ដែលឆ្លងកាត់ព្រែកកោះយ៉នេះ មានសភាពចាស់ទ្រុឌទ្រោម។
សម្តេចធិបតីបានបញ្ជាក់ថា តាមរយៈសន្តិភាពេញលេញ ក្រោមគោលនយោបាយឈ្នះឈ្នះ កោះកុង នឹងកាន់តែរស់រវើកនាពេលអនាគត ហើយសមិទ្ធផលថ្មីៗជាច្រើនទៀត នឹងកើតមានលើទឹកដីខេត្តកោះកុង។ នៅពេលដែលកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ប្រជាជនក្នុងខេត្តកោះកុង មានប្រមាណជាង៨ម៉ឺននាក់ប៉ុណ្ណោះ តែរហូតមកដល់ឆ្នាំ២០២៤នេះ កើនឡើងជាង១៤ម៉ឺននាក់ ហើយដោយសាស្ថានភាពសេដ្ឋកិច្ចកាន់តែកើននោះ ប្រជាពលរដ្ឋ ក៏បន្តនាំគ្នាមករស់នៅក្នុងខេត្តកោះកុងផងដែរ។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោមដំបូលនៃសុខសន្តិភាព មានកន្លែងច្រើនណាស់នៅក្នុងទឹកដីខេត្តកោះកុង មានការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍ទាំងច្នៃប្រឌិត និងទេសចរណ៍ធម្មជាតិ ខណៈដែលតំបន់មួយចំនួនពីអតីតកាល ជាកន្លែងលាក់កងទ័ព ជាកន្លែងច្បាំងគ្នា រាប់ជំនាន់មកហើយ ក៏បានប្រែក្លាយទៅជាតំបន់មានការអភិឌ្ឍសម្រាប់ខេត្តកោះកុង។ សម្តេចបន្តថា ការដាក់ចេញគោលនយោបាយច្បាស់លាស់ គឺគោលនយោបាយទី១ គឺគោលនយោបាយបញ្ចប់សង្គ្រាម ដែលនាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញ និងការបង្រួបបង្រួមជាតិទាំងស្រុង នេះជាការងារចាំបាច់។ គោលនយោបាយនេះ គឺជាគោលនយោបាយដែលចាំបាច់។
សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ក្រោយឆ្នាំ១៩៧៩ តំបន់មួយចំនួននៅក្នុងខេត្តកោះកុង នៅតែជាទីតាំងសមរភូមិក្តៅនៅឡើយរវាងកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋកម្ពុជា នាសម័យនោះ។ បើគ្មានសន្តិភាពទេ យើងមិនអាចបង្រួបបង្រួមជាតិបានទេ ហើយយើងក៏មិនអាចធ្វើខេត្តកោះកុង តភ្ជាប់មួយបណ្តាខេត្តផ្សេងៗទៀតដូចសព្វថ្ងៃបានដែរ ដោយសារផ្លូវដាច់ដោយគ្រាប់មីន មានដីអំណោយផល មានទឹកដែលអាចធ្វើកំពង់ផែបាន ប៉ុន្តែមិនអាចអភិវឌ្ឍន៍បានដោយសារគ្មានអ្នកវិនិយោគមកបណ្តាក់ទុន៕