ជាធម្មតាតែងតែបានលឺគេនិយាយដល់អ្នកកាន់នយោបាយស្តាំនិយម រឺឆ្វេងនិយម តើនយោបាយទាំងនេះមានអត្ថន័យយ៉ាងដូចម្តេច? ជាការពិតទៅ ពាក្យថា«ស្តាំនិយម» រឺ«ឆ្វេងនិយម» គឺបានមកពីកំរិតវាស់ស្ទង់ទីតាំងនយោបាយដែលមនុស្សម្នាក់ៗប្រកាន់ខ្ជាប់នៅក្នុងប្រព័ន្ធវាស់ស្ទង់មួយដែលហៅថា Political Spectrum រឺវិសាលគមនយោបាយ ដើម្បីអោយមនុស្សម្នាក់ៗអាចដឹងថាពួកគេកំពុងស្ថិតនៅទីតាំងនយោបាយប្រភេទណាមួយរបស់ខ្លួនឯង។ គួរកត់សម្គាល់ថាអ្នកឆ្វេងនិយម គឺជាពពួកក្រុមដែលមានទំនោរមករកលទ្ធិសេរី ចំណែកឯអ្នកស្តាំនិយមគឺជាពពួកក្រុមដែលមានទំនោរមករកលទ្ធិអភិរក្សនិយម។
ជាក់ស្តែងជាឧទាហរណ៍នៅក្នុងសង្គមកាណាដា ប្រព័ន្ធ Political Spectrum របស់ពួកគេត្រូវបានកំណត់ឡើងដោយខ្សែបន្ទាត់ពីរកាត់គ្នា ដែលមិនត្រឹមតែបន្ទាត់វាស់កំរិតភាពឆ្វេង រឺស្តាំនិយមប៉ុណ្ណោះទេ នៅមានថែមបន្ទាត់មួយទៀត។ ខ្សែបន្ទាត់ដេកដែលមានវាស់ស្ទង់កំរិតភាពឆ្វេង រឺស្តាំនិយមគឺជាខ្សែបន្ទាត់មួយដែលវាស់ស្ទង់ពីកំរិតសេដ្ឋកិច្ច។ នៅពេលដែលមនុស្សកាន់តែខិតជិតមករកឆ្វេងនិយម នោះពួកគេនឹងអោយតំលៃដល់ការបង់ពន្ធជូនរដ្ឋច្រើនជាងធម្មតា ជាថ្នូរមកវិញរដ្ឋាភិបាលនឹងត្រូវជួយ រឺជ្រៀតជ្រែកការងារជាច្រើននៅក្នុងសង្គម ដូចជាផ្គង់ផ្គង់វិស័យអប់រំ និងវិស័យសុខាភិបាល។
នៅពេលមនុស្សម្នាក់ខិតជិតទៅរកស្តាំនិយមវិញ នោះពួកគេនឹងគាំទ្រអោយតំលៃលើទីផ្សារសេរី ដែលតំរូវអោយមានការប្រឹងប្រែងរៀងៗខ្លួន និងមិនត្រូវការការរួចចំណែកច្រើនពីរដ្ឋាភិបាលនោះទេ ដូចនេះពួកគេអាចបង់ពន្ធជូនរដ្ឋតិច ប៉ុន្តែត្រូវស្វ័យគ្រប់គ្រងដោយខ្លួនឯងរៀងៗខ្លួន។ ខណៈដែលបន្ទាត់ឈរវិញនៅក្នុងប្រព័ន្ធ Political Spectrum ប្រទេសកាណាដាគឺដើម្បីវាស់ស្ទង់ពីកំរិតសង្គម ដោយមានវាស់ចាប់ពីកំរិតនៅផ្នែកខាងក្រោមមានឈ្មោះថា Conservative រហូតដល់កំរិតនៅផ្នែកខាងលើហៅថា Progressive។ អ្នកដែលមានទំនោរទៅរកផ្នែក Progressive គឺជាមនុស្សដែលចូលចិត្តចូលរួមការងារនៅក្នុងសង្គមច្រើន ដូចជាចូលរួមយុទ្ធនាការលើកកម្ពស់សមធម៌នៅក្នុងសង្គម និងចូលរួមសកម្មភាពដែលអាចផ្តល់ប្រយោជន៍ដល់អ្នកដែលខ្សត់ខ្សោយជាងខ្លួននៅក្នុងសង្គម។ សម្រាប់អ្នកដែលមានទំនោរទៅរកក្រុម Conservative វិញ គឺជាអ្នកដែលគាំទ្រនិងអោយតំលៃលើច្បាប់ ក៏ដូចជាតំលៃប្រពៃណី និងប្រព័ន្ធអំណាចជាដើម ដោយពួកគេយល់ឃើញថាវិធីទាំងនេះគឺអាចធ្វើអោយសង្គមមួយមានភាពសណ្តាប់ធ្នាប់ល្អ និងអាចរក្សាស្ថេរភាពបាន។ តើទស្សនិកជនទាំងអស់គ្នាយល់ថាខ្លួនអ្នកកំពុងស្ថិតនៅក្នុងកំរិតទីតាំងណាមួយនៃប្រព័ន្ធ Political Spectrum នេះ?