យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានរបស់វៀតណាម VN Express ដែលទើបទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា ម្ចាស់គណនី TikTok ជនជាតិវៀតណាម ឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូ នៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យ និងមានរូបភាពព្រះមហាក្សត្រ និងទង់ជាតិថៃនោះ ត្រូវបានប៉ូលិសទីក្រុងហូជីមិញ ចាប់យកមកពិន័យជាប្រាក់ចំនួន៧.៥ លានដុង ស្មើប្រមាន៣០០ដុល្លារសហរដ្ឋអាមេរិក។
តាម VN Express បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៣ ខែមករា នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងក្រុងហូជីមិញ បានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្ម ដោយប្រើបច្ចេកវិទ្យាខ្ពស់ក្រុងហូជីមិញ បានដាក់ទណ្ឌកម្មរដ្ឋបាល លោកស្រី Hua Quoc Anh ដោយផ្អែកលើអាកប្បកិរិយារបស់គាត់ ការរំលោភផ្នែករដ្ឋបាលលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ប្រេកង់ បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការអេឡិចត្រូនិក ដោយពិន័យជាប្រាក់ចំនួន៧.៥ លានដុង និងឱ្យម្ចាស់គណនី TikTok រូបនេះ សន្យាមិនឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងជាថ្មីទៀតឡើយ។
គួររំលឹកថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ បានបង្ហោះវីដេអូប្រវែង១នាទី២៥ វិនាទី ដែលរៀបរាប់អំពីការថតរូបនៅប្រាសាទអង្គរវត្តដោយមាននារីម្នាក់ស្លៀកឈុតប្រពៃណីថៃ ហើយកាន់ដំបងដើរជុំវិញប្រាសាទ។ វីដេអូនេះក៏មានបញ្ចូលរូបភាពទង់ជាតិថៃ និងព្រះមហាក្សត្រថៃ អមដោយសំឡេងថា “សួស្ដីប្រទេសថៃ!” នៅលើគណនី TikTok ឯកជនរបស់ខ្លួន ដែលមានអ្នកតាមដានប្រហែល៧០០,០០០នាក់ ។
នៅថ្ងៃទី១២ ខែវិច្ឆិកា អាជ្ញាធរអប្សរា បានវាយតម្លៃថា វីដេអូនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបាននិយាយថា ខ្លួនបានស្នើសុំឱ្យក្រុមហ៊ុនបណ្ដាញសង្គម TikTok លុបវីដេអូនោះចេញ។ អាជ្ញាធរអប្សរាក៏បានជំរុញអ្នកប្រើអ៊ីនធឺណិតឈប់បន្តការចែករំលែកវីដេអូដែលមាន “មាតិកាមិនសមរម្យ” នេះ។
ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Hua Quoc Anh បានបង្ហោះឃ្លីបសុំទោសនៅលើ Facebook ផ្ទាល់ខ្លួនរបស់គាត់ ដោយបាននិយាយថា “ឥឡូវខ្ញុំដឹងថា ខ្លួនខុស ខ្ញុំដឹងកំហុសខ្ញុំ ដូច្នេះខ្ញុំសូមអភ័យទោសដោយស្មោះចំពោះមិត្តកម្ពុជា និងប្រទេសកម្ពុជា នឹងមិនមានរឿងបែបនេះកើតឡើងម្ដងទៀតទេ។ ឆានែលក៏បាត់ដែរ ឃ្លីបក៏ត្រូវបានលុបចេញពីវេទិកាទាំងអស់ ហើយខ្ញុំចង់បញ្ចប់រឿងនេះទាំងស្រុងនៅទីនេះ”។
ទោះជាយ៉ាងណាក៏ដោយ ការសុំទោសរបស់លោក Hua Quoc Anh មិនគ្រប់គ្រាន់ដើម្បីបំបាត់កំហឹងសាធារណជននោះទេ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបញ្ជាក់ថា ពួកគេមិនទទួលយកការសុំទោសរបស់បុរសម្នាក់នេះទេ ដោយសារតែពួកគេគិតថា អាកប្បកិរិយារបស់ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ ខ្វះភាពស្មោះត្រង់ និងវិប្បដិសារី។
លើសពីនេះ សហគមន៍អនឡាញបានអំពាវនាវឱ្យធ្វើពហិការលើបុគ្គលនេះសម្រាប់ការបង្កើតវីដេអូ ដែលមានខ្លឹមសារអវិជ្ជមាន បង្កគ្រោះថ្នាក់ ស្អប់ខ្ពើម ហើយជាច្រើនដងមានការឈ្លោះប្រកែកគ្នាដោយសារតែការប៉ះពាល់លើបញ្ហាវប្បធម៌ សាសនា និងនយោបាយ។ បច្ចុប្បន្ន គណនី TikTok របស់ជនជាតិវៀតណាមរូបនេះ ដែលមានអ្នក Follow ជាង ៧០៧,០០០ និងមានអ្នក Like ប្រមាណ១៩.៨ លាន ត្រូវបានបិទជាអចិន្ត្រៃយ៍ដោយក្រុមហ៊ុន TikTok៕