យ៉ាងហោចណាស់មានមនុស្ស103នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ និង188នាក់ទៀតបានរងរបួសនៅក្នុងទីក្រុង Kerman របស់អ៊ីរ៉ង់បន្ទាប់ពីមានការបំផ្ទុះពីរលើកនៅជិតកន្លែងបញ្ចុះសពរបស់លោកមេបញ្ជាការយោធា Qasem Soleimani ដែលក្រុមមន្ត្រីបានហៅថានេះជាការវាយប្រហារភេរវកម្ម។ ប្រធានក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់លីបង់គឺក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃពុធថា ការសម្លាប់របស់អ៊ីស្រាអែលលើប្រមុខរងក្រុមសម្ព័ន្ធមិត្តប៉ាឡេស្ទីនហាម៉ាសនៅក្នុងទីក្រុង Beirut គឺជា"ឧក្រិដ្ឋកម្មគ្រោះថ្នាក់ដ៏ធំមួយដែលយើងមិនអាចនៅស្ងៀមបាន"។ សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងយ៉ាងស្ងាត់ស្ងៀមលើការបន្តវត្តមានយោធារបស់ខ្លួននៅឯមូលដ្ឋានយោធាដ៏ធំមួយនៅឯប្រទេសកាតាសម្រាប់រយៈពេល 10 ឆ្នាំទៀត។
-
មនុស្សជាង100នាក់ស្លាប់ក្នុងការបំផ្ទុះពីរលើកក្បែរផ្នូរមេបញ្ជាការអ៊ីរ៉ង់
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី០៣ ខែមករាបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្ស103 នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ និង188 នាក់ទៀតបានរងរបួសនៅក្នុងទីក្រុង Kerman របស់អ៊ីរ៉ង់បន្ទាប់ពីមានការបំផ្ទុះពីរលើកនៅជិតកន្លែងបញ្ចុះសពរបស់លោកមេបញ្ជាការយោធា Qasem Soleimani ដែលក្រុមមន្ត្រីបានហៅថានេះជាការវាយប្រហារភេរវកម្ម។
ទូរទស្សន៍រដ្ឋបានលើកឡើងថា ក្នុងចំណោមការបំផ្ទុះទាំងនេះ យ៉ាងហោចណាស់ក៏មានមួយដែរ ត្រូវបានបង្កឡើងដោយគ្រាប់បែក ដោយហេតុការណ៍នេះបានកើតឡើងនៅក្នុងថ្ងៃគំរប់ខួបលើកទីបួននៃការស្លាប់របស់លោក Soleimani ដោយសារការវាយប្រហារដោយដ្រូនរបស់សហរដ្ឋអាមេរិក និងបានកាន់តែបង្កើនភាពតានតឹងនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស។
ការផ្ទុះលើកទីមួយមានចម្ងាយ 700 ម៉ែត្រពីផ្នូររបស់លោក Soleimani និងលើកទីពីរគឺចម្ងាយ 1 គីឡូម៉ែត្រ នៅខណៈពេលដែលអ្នកធ្វើធម្មយាត្រាទៅដំណើរទៅទស្សនាទីកន្លែងនោះ។
គួររំលឹកថាលោក Soleimani ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលបញ្ជាដោយអតីតប្រធានាធិបតីលោក Donald Trump នៅអាកាសយានដ្ឋានអន្តរជាតិ Baghdad កាលពីបួនឆ្នាំមុននៅក្នុងពីថ្ងៃពុធ។
-
ប្រមុខហេសបូឡាប្រតិកម្មចំពោះការសម្លាប់ប្រមុខរងហាម៉ាស
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៤ ខែមករាបានអោយដឹងថា ប្រធានក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់លីបង់គឺក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃពុធថា ការសម្លាប់របស់អ៊ីស្រាអែលលើប្រមុខរងក្រុមសម្ព័ន្ធមិត្តប៉ាឡេស្ទីនហាម៉ាសនៅក្នុងទីក្រុង Beirut គឺជា "ឧក្រិដ្ឋកម្មគ្រោះថ្នាក់ដ៏ធំមួយដែលយើងមិនអាចនៅស្ងៀមបាន"។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Sayyed Hassan Nasrallah បានចែករំលែកការរំលែកទុក្ខដល់ក្រុមហាម៉ាសចំពោះការឈ្លានពានរបស់អ៊ីស្រាអែលកាលពីយប់ថ្ងៃអង្គារដែលបានសម្លាប់លោក Saleh al-Arouri ។
ការវាយប្រហារកាលពីថ្ងៃអង្គារបានសំដៅទៅកាន់ជាយក្រុង Beirut ភាគខាងត្បូងនៃ តំបន់ Dahiyeh ដែលអ្នកវិភាគបានលើកឡើងថា វាក៏អាចជាសារមួយពីអ៊ីស្រាអែលទៅកាន់ក្រុមហេសបូឡាផងដែរថា សូម្បីតែបន្ទាយដ៏រឹងមាំរបស់ពួកគេ ក៏អ៊ីស្រាអែលអាចទៅដល់បានដែរ។
វាជាការវាយប្រហារលើកដំបូងដែលវាយលុកក្រុង Beirut បន្ទាប់ពីជិតរយៈពេលបីខែនៃការបាញ់ប្រហារជារៀងរាល់ថ្ងៃរវាងយោធាអ៊ីស្រាអែល និងក្រុមហេសបូឡាដែលភាគច្រើនស្ថិតនៅក្នុងតំបន់ព្រំដែន។
-
អាមេរិកសម្រេចកិច្ចព្រមព្រៀងស្ងាត់ៗជាមួយកាតាលើមូលដ្ឋានយោធាដ៏ធំបំផុត
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី០២ ខែមករាបានអោយដឹងថា សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងយ៉ាងស្ងាត់ស្ងៀមលើការបន្តវត្តមានយោធារបស់ខ្លួននៅឯមូលដ្ឋានយោធាដ៏ធំមួយនៅឯប្រទេសកាតាសម្រាប់រយៈពេល 10 ឆ្នាំទៀត នេះបើតាមមន្រ្តីការពារជាតិមួយចំនួនបានប្រាប់សារព័ត៌មាន CNN។
កិច្ចព្រមព្រៀងនេះ ដែលមិនត្រូវបានប្រកាសឡើងជាសាធារណៈ បានបង្ហាញពីការពឹងផ្អែករបស់ទីក្រុងវ៉ាស៊ីនតោនមកលើប្រទេសឈូងសមុទ្រតូចមួយនេះ ដែលថ្មីៗនេះក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រុះសម្រួលការដោះលែងជនជាតិអាមេរិកពីការជាប់ឃុំឃាំងនៅតំបន់ហ្គាហ្សា និងវេណេស៊ុយអេឡា។
មូលដ្ឋានទ័ពអាកាស Al Udeid ដែលមានទីតាំងនៅវាលខ្សាច់ភាគនិរតីនៃទីក្រុង Doha គឺជាកន្លែងដំឡើងយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ហើយអាចផ្ទុកទាហានអាមេរិកជាង 10,000 នាក់បាន។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានទៅទស្សនកិច្ចនៅមូលដ្ឋាន Al Udeid កាលពីខែមុន ហើយលោកក៏បានថ្លែងអំណរគុណដល់ប្រទេសកាតាសម្រាប់ការបង្កើនការចំណាយរបស់ពួកគេលើមូលដ្ឋានមួយនេះផងដែរ។