នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។
តាមរបាយការបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ គឺដើម្បីសម្អាតទឹកកខ្វក់បង្ហូរចេញពីតំបន់ជម្រាលជើងឯក ដែលស្ថិតក្នុងកណ្តាលរាជធានីភ្នំពេញ ហើយត្រូវបង្ហូរចូលក្នុងបឹងជើងឯក ស្ថិតនៅប៉ែកខាងត្បូងរាជធានី មុននឹងបង្ហូរចូលទន្លេបាសាក់ ជាមួយនឹងលទ្ធភាពសម្អាតទឹកកខ្វក់ចំនួន៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីប្រមាណ៣ហិចតា។
គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីផ្តល់នូវការចម្រោះទឹកកខ្វក់ក្នុងរាជធានីភ្នំពេញឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការបំពុលទឹកក្នុងបឹងជើងឯក ជាពិសេសរួមចំណែកក្នុងការការពារ និងលើកកម្ពស់គុណភាពទឹកអនាម័យ និងបរិស្ថានរស់នៅជូនដល់ប្រជាជន ដែលជាចំណែកយ៉ាងសំខាន់សម្រាប់សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។
គម្រោងនេះ ត្រូវបានសិក្សា និងបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តាមរយៈទំនាក់ទំនងនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ហើយនឹងក្លាយជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន” ប្រកបដោយផ្លែផ្កាយ៉ាងពិតប្រាកដ។
មានប្រសាសន៏នៅក្នុងពិធីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តំបន់បឹងជើងឯក គឺជាកន្លែងវាលកប់ខ្មោច នៅក្នុងរបបខ្មែរក្រហម ប៉ុន្តែក្រោមម្លប់សន្តិភាព តំបន់នេះ កំពុងក្លាយទៅជាតំបន់អភិវឌ្ឍន៍យ៉ាងរស់រវើករបស់រាជធានីភ្នំពេញ។ សម្តេចបន្តថា ទីតាំងគម្រោង ជាកន្លែងសម្លាប់មនុស្សនៅក្នុងរបបវាលពិឃាតខ្មែរក្រហម មានប្រមាណ២ម៉ឺននាក់ ដែលយកពីគុកទួលស្លែង។ សម្តេចធិបតី សម្តែងការសោកស្តាយ ប្រសិនបើកម្ពុជាគ្មានសង្គ្រាម ហើយប្រជាពលរដ្ឋប្រមាណ២ម៉ឺននាក់នេះ មិនត្រូវបានសម្លាប់ ពួកគេនឹងបង្កើតធនធានមនុស្សច្រើនបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត តំបន់បឹងជើងឯក ប្រសិនបើមើលនៅពេលបច្ចុប្បន្ននោះគិតថា ជាកន្លែងធម្មតា ប៉ុន្តែបើក្រឡេកមើលពីអតីតកាលតំបន់នេះជាបឹង ប៉ុន្តែបច្ចុប្បន្ននេះទីតាំងនេះត្រូវបានស្ថាបនាផ្លូវជាច្រើនខ្សែរួចហើយ។ ដូច្នេះក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ បានប្រែក្លាយកន្លែងព្រៃខ្មោចទៅជាកន្លែងដែលរស់រវើក។
តំបន់បឹងជើងឯក នឹងក្លាយជាទីតាំងប្រព្រឹត្តកម្មទឹកកង្វក់ ជួយដល់បរិស្ថាន និងផាសុកភាព សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅរាជធានីភ្នំពេញ។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ត្រូវចង់ចាំអ្វីៗដែលកើតមានឡើងនេះ ដោយសារសុខសន្តិភាព បើកម្ពុជាបន្តមានសង្គ្រាមនោះ ប្រជាពលរដ្ឋនឹងជួបទុក្ខវេទនា ដូចអតីតកាល។
គួររំលឹកថា សំណង់ក្នុងគម្រោងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះរួមមាន៖
ទី១, សំណង់ស្ទាក់ និងបូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបាន ៧ម៉ែត្រគូបក្នុងមួយនាទី។
ទី២, ផ្លូវសម្រាប់ថែទាំប្រឡាយ និងសម្រាប់ជីកដាក់បំពង់លូដែកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ប្រវែងប្រមាណ ១,៧០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្រាលកៅស៊ូ AC។
ទី៣, បំពង់លូដែកទំហំ០.៣ម៉ែត្រ ប្រវែងប្រមាណ១,៨៤០ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពីសំណង់ស្ទាក់ និងបូមបញ្ជូនទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។
ទី៤, ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។
គម្រោងទាំងនេះប្រើប្រាស់ថវិកាសរុបប្រមាណ២៤លានដុល្លារអាមេរិក។ ថវិកានេះ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន៕