សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានតម្លៃ២៤៣លានដុល្លារអាមេរិក។
ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១នេះ បើកការដ្ឋានសាងសង់ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ២៤៣លានដុល្លារអាម៉េរិក រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental_Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦។
តាមរបាយការណ៏បានឲ្យដឹងថា គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ ម៉ែត្រនេះ នឹងបង្កើនសមត្ថភាពផែដល់៤៥០ ០០០ TEUs/ឆ្នាំ និងនាំឱ្យសមត្ថភាពផែសរុបកើនដល់១ ២៥០ ០០០ TEUs/ឆ្នាំ ដោយអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណ៩៣ភាគរយ ចូលចតបាន ដើម្បីបង្កើនការប្រកួតប្រជែង។ កម្ពុជាគ្រោងនឹងបន្តការពង្រីក នៃគម្រោងផែកុងតឺន័រថ្មី-ជំហានទី២ (ឆ្នាំ២០២៥-២០២៨) និងជំហានទី៣ (ឆ្នាំ២០២៦-២០២៩) ការណ៍នេះ នឹងក្លាយជាកាតាលីករថ្មីបន្ថែម ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅ កម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ មានការកើនទ្បើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនទ្បើងជាលំដាប់ ។
ជាក់ស្តែង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់មានចំនួនប្រមាណជាង ៧លានតោន កើនទ្បើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥ លានដុល្លាអាម៉េរិក កើនទ្បើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ បន្ថែមពីនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ គិតចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២។
ការណ៏នេះបានចូលរួមចំណែកក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់៧ ភាគរយ ប្រកបដោយចីរភាពក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយមុនការផ្ទុះទ្បើងនៃជំងឺកូវីដ-១៩ និងវិបត្តិសាកល និងក្រោយមកក៏នៅបន្តមានកំណើនក្នុងអត្រា៥,៦ភាគរយ ក្នុងឆ្នាំ២០២៣ និង៦,៦ ភាគរយ ក្នុងឆ្នាំ២០២៤ ដែលក្នុងនោះអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ត្រូវបានព្យាករណ៍ថា នឹងបន្តសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់៧,៩ ភាគរយ ក្នុងឆ្នាំ២០២៣ និង៨ ភាគរយ ក្នុងឆ្នាំ២០២៤ ដោយសារការបន្តនិន្នាការកើនទ្បើងនៃសកម្មភាពដឹកជញ្ជូន និងគមនាគមន៍។
មានប្រសាសន៏នៅក្នុងពិធីនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ពីអតីតកាល បានត្រឹមតែបម្រើឲ្យការនាំផលិតផលកសិកម្មពីប្រទេសក្រៅប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះ បានក្លាយទៅជាកំពង់ផែដែលមានសក្ដានុពល មិនសម្រាប់តែកម្ពុជានោះទេ តែសម្រាប់សក្ដានុពលតំបន់តែម្ដង។ សម្ដេចបន្តថា រាជរដ្ឋាភិបាលអាណត្តិមុន ដែលមានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានដាក់ទិសដៅក្នុងការកែប្រែកំពង់ផែនេះ ទៅជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់រួចមកហើយ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក៏នឹងបន្ដលើកិច្ចការងារនេះដូចគ្នា។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចក្ខុវិស័យ នៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីឲ្យសក្ដានុពលនៅតំបន់នេះក្លាយទៅជាសក្ដានុពលដែលបម្រើទៅដល់វិស័យពាណិជ្ជកម្មតំបន់ និងអន្ដរជាតិ ដើម្បីភ្ជាប់កម្ពុជាជាមួយតំបន់អន្ដរជាតិ និងជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ដោយមិនចាំបាច់ពឹងផ្អែកបរទេស។
សម្ដេចបន្ថែមទៀតថា ឥឡូវកម្ពុជាមានកំពង់ផែ ប៉ុន្ដែសមត្ថភាព និងលទ្ធភាពនៅមានកម្រិត ដូច្នេះមានន័យថា កប៉ាល់មិនអាចមកចតនៅកន្លែងនេះទេ ត្រូវពឹងផែប្រទេសជិតខាង ដើម្បីផ្ទេរទំនិញ ជាហេតុធ្វើឲ្យខាតបង់ និងបាត់ភាពប្រកួតប្រជែងច្រើន តែនៅពេលការសាងសង់រួចរាល់នោះ នឹងកាន់តែផ្ដល់ភាពងាយស្រួល និងកាន់តែចំណេញច្រើនដល់កម្ពុជា៕