ការស្នើឲ្យតំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃនៅប្រទេសជប៉ុន ផ្សព្វផ្សាយអំពីសក្តានុពលរបស់ប្រទេសកម្ពុជា ទៅដល់វិនិយោគិនជប៉ុននេះ បានធ្វើឡើង ខណៈដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក អូបាយ៉ាស៊ី តាកេអុ (OBAYASHI TAKEO) ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION ចូលជួបសម្តែងការគួរសម កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនោះ លោក អូបាយ៉ាស៊ី តាកេអុ បានជម្រាបសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីបំណងពង្រីកការវិនិយោគរបស់ខ្លួន ក៏ដូចជាជំរុញទឹកចិត្តក្រុមហ៊ុនជប៉ុនដទៃទៀត ឱ្យទៅវិនិយោគនៅប្រទេសកម្ពុជា។ លោកក៏បានលើកឡើងផងដែរ អំពីគម្រោងពិព័រណ៍សាកលនៅក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាឆ្នាំ២០២៤ ខាងមុខនេះ ជាមួយក្តីសង្ឃឹមថា កម្ពុជានឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ដែលប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសជាច្រើន ក្នុងតំបន់កាន់សៃ មានបំណងបោះទុនវិនិយោគនៅកម្ពុជា ព្រមជាមួយនេះ សម្តេច បានលើកទឹកចិត្តឱ្យបន្តជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន ដើម្បីទទួលបាននូវការចាប់អារម្មណ៍ និងឱកាសក្នុងការពង្រីកវិនិយោគរបស់ខ្លួននៅកម្ពុជា។ សម្តេចធិបតីបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងចូលរួមព្រឹត្តិការណ៍ពិព័រណ៍សាកលក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាពេលខាងមុខនេះ តាមការស្នើរបស់លោក OBAYASHI TAKEO។
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាព នៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគជប៉ុន តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់ ។ បរិយាកាសទាំងនេះ ជាការជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជាតំបន់ប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសខ្នាតយក្ស ដែលមានទីតាំងក្នុងតំបន់កាន់សៃ នៅភាគខាងលិចនៃប្រទេសជប៉ុន ក្នុងនោះរួមមានចំនួន៧ខេត្ត ដូចជា ខេត្តអូសាកា, ខេត្តក្យូតុ, ខេត្តហ្យូហ្កុ, ខេត្តណារ៉ា, ខេត្តស៊ីហ្កា, ខេត្តមិអិ និងខេត្តវ៉ាកាយ៉ាម៉ា ដោយក្រុមហ៊ុនយក្សទាំងអស់នោះ សុទ្ធសឹងមានឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន៕