ចិនប្រកាសបិទផ្លូវនាវាចរណ៍លើអ៊ីស្រាអែល និងរារាំងក្រុមហ៊ុនដឹកជញ្ជូនពីការទំនាក់ទំនងជាមួយកំពង់ផែអ៊ីស្រាអែល! រឿងនេះកើតឡើងបន្ទាប់ពីការដកខ្លួនរបស់ក្រុមហ៊ុនដឹកជញ្ជូនអឺរ៉ុបចេញពីព្រែកជីកស៊ុយអេ និងសមុទ្រក្រហម! ចិនធ្វើឡើងនេះដោយបំពេញបំណងតាមការទាមទាររបស់យេម៉ែនក្នុងការបិទដែនសមុទ្រ Bab al-Mandab ដើម្បីវាយប្រហារដល់អ៊ីស្រាអែល។ អេហ្ស៊ីបបានប្រកាសថាការវាយប្រហាររបស់ក្រុម Houthi នៅច្រកសមុទ្រ Bab al-Mandab មិនបានធ្វើអោយប៉ះពាល់ដល់ព្រែកជីកស៊ុយអេនោះទេ ហើយកងទ័ពអេហ្ស៊ីបបានចាប់ផ្តើមសាងសង់ជញ្ជាំងបំបែកថ្មីរវាងឧបទ្វីបស៊ីណៃ និងតំបន់ហ្គាហ្សាដើម្បីការពារពីការផ្លាស់ទីលំនៅ។ សម្ពាធអេហ្ស៊ីបបានដាក់គឺបានទទួលជោគជ័យក្នុងការបើកច្រកឆ្លងកាត់ Karam Abu Salem ដើម្បីនាំយកជំនួយចូលទៅក្នុងហ្គាហ្សា ខណៈពេលដែលក្រុមហាម៉ាសនៅតែបន្តវាយប្រហារលើកងទ័ពអ៊ីស្រាអែល។ ជាមួយនឹងអង់គ្លេស និងអាល្លឺម៉ង់បានប្រកាសពីការដកខ្លួនចេញពីការគាំទ្រសង្រ្គាមអ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា និងអំពាវនាវឱ្យមានបទឈប់បាញ់អចិន្ត្រៃយ៍ តើអ៊ីស្រាអែលកំពុងឈានដល់ចំនុចបញ្ចប់មែនទេ?
-
ចិនវាយប្រហារក្រុមហ៊ុនដឹកជញ្ជូនអឺរ៉ុបដើម្បីផលប្រយោជន៍ពីព្រែកជីកស៊ុយអេ
យោងតាមសារព័ត៌មាន The Maritime Executive ចុះផ្សាយថ្ងៃទី១៧ ខែធ្នូបានអោយដឹងថា កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រចិន OOCL បានប្រកាសឡើងថាបានសម្រេចចិត្តផ្អាកការដឹកជញ្ជូនទាំងអស់ទៅកាន់ និងចេញពីកំពង់ផែសមុទ្ររបស់អ៊ីស្រាអែល។
ក្រុមហ៊ុននេះបាននិយាយឡើងនៅក្នុងសេចក្តីប្រកាសមួយឃ្លានៅលើគេហទំព័ររបស់ខ្លួនថា "ដោយសារតែបញ្ហាប្រតិបត្តិការ ក្រុមហ៊ុន OOCL នឹងបញ្ឈប់ការទទួលយកទំនិញទៅកាន់ និងចេញពីប្រទេសអ៊ីស្រាអែលជាមួយនឹងការអនុវត្តន៍ភ្លាមៗរហូតដល់មានការជូនដំណឹងបន្ថែម" ។
យ៉ាងហោចណាស់មានខ្សែក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រចំនួន ៤ បានបោះបង់ចោលការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដោយសារតែការគំរាមកំហែងពីការវាយប្រហាររបស់កងកម្លាំង Houthi និងបានធ្វើការផ្លាស់ប្តូរទិសដៅធ្វើដំណើរ។ ប៉ុន្តែក្រុមហ៊ុន OOCL មិនបានរកដំណោះស្រាយបែបនេះទេ។
-
ជំនួយត្រូវបានដឹកតាមច្រក Kerem Shalom របស់អ៊ីស្រាអែលជាលើកដំបូង
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៨ ខែធ្នូបានអោយដឹងថា ក្រុមមន្ត្រីបាននិយាយថា ច្រកព្រំដែន Kerem Shalom រវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាបានបើកឡើងវិញកាលពីថ្ងៃអាទិត្យសម្រាប់អោយរថយន្តដឹកជំនួយចេញចូលជាលើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាម ដែលជាវិធានការមួយក្នុងគោលបំណងដើម្បីបង្កើនចំនួនស្បៀងអាហារ និងថ្នាំពេទ្យទ្វេដងដល់តំបន់នោះ។
ច្រកឆ្លងកាត់នេះត្រូវបានបិទឡើងបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី7 ខែតុលាដោយក្រុមហាម៉ាស់ ហើយជំនួយត្រូវបានបញ្ជូនតាមរយៈច្រកព្រំដែន Rafah របស់ហ្គាហ្សា និងអេហ្ស៊ីបតែមួយគត់ប៉ុណ្ណោះ ដែលអ៊ីស្រាអែលបាននិយាយថាអាចអនុញ្ញាតិអោយរថយន្តដឹកជំនួយបានត្រឹមតែ 100 គ្រឿងប៉ុណ្ណោះចូលក្នុងមួយថ្ងៃ។
-
អង់គ្លេស និងអាល្លឺម៉ង់អំពាវនាវឱ្យមានបទឈប់បាញ់អចិន្រ្តៃយ៍
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១៧ ខែធ្នូបានអោយដឹងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron និងសមភាគីអាល្លឺម៉ង់អ្នកស្រី Annalena Baerbock បានសង្កត់ធ្ងន់ថា "តម្រូវការគឺបន្ទាន់" សម្រាប់ "បទឈប់បាញ់អចិន្រ្តៃយ៍" នៅក្នុងតំបន់ Gaza នៅក្នុងអត្ថបទរួមមួយសម្រាប់កាសែត Sunday Times របស់ចក្រភពអង់គ្លេស។
រដ្ឋមន្ត្រីទាំងពីរបានសរសេរនៅក្នុងអត្ថបទ Sunday Times រួមគ្នាថា "ជនស៊ីវិលច្រើនពេកហើយត្រូវបានសម្លាប់"នៅក្នុងជម្លោះនេះ ហើយបានបង្កើនសម្ពាធដល់អ៊ីស្រាអែលក្នុងការនាំយកប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។
ពួកគេបានសរសេរថា"យើងត្រូវតែប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីត្រួសត្រាយផ្លូវដើម្បីឆ្ពោះទៅរកបទឈប់បាញ់អចិន្រ្តៃយ៍ ដែលនាំទៅរកសន្តិភាពប្រកបដោយនិរន្តរភាព។ កាន់តែឆាប់ កាន់តែល្អ តម្រូវការនេះគឺបន្ទាន់"។