BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​​“ប្រាសាទអង្គរវត្ត” ដាក់បញ្ចូល​ក្នុង​បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក​ បាន​៣១ឆ្នាំ​ហើយ​

ថ្ងៃព្រហស្បតិ៍, 14 ខែធ្នូ 2023 15:21  មានជ័យ

IMG_45836767655654 (4) - choek sopon (1)

​ថ្ងៃនេះ គឺជា​ខួបលើកទី៣១ នៃការដាក់បញ្ចូល “ប្រាសាទអង្គរវត្ត” ក្នុងបញ្ជីសម្បត្តិបេតិ​កភណ្ឌ​ពិភពលោក (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២៣) ដែលតំបន់រមណីយដ្ឋានអង្គររបស់ខ្មែរ ត្រូវបាន​ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ជាមួយនឹងភាព​ល្បី​ល្បាញរន្ទឺសុះសាយ ទៅកាន់ពិភពលោក។

IMG_45836767655654 (3) - choek sopon

ប្រាសាទអង្គរត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក​​នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក​។ ក្រោយពីការដាក់បញ្ចូលតំ​បន់រមណី​យដ្ឋាន​អង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធ ធ្វើឡើង​នៅទី​ក្រុង​តូក្យូ ចាប់ពីថ្ងៃទី​១២-១៣ ខែតុលាឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើម​គំនិតរបស់រាជរដ្ឋាភិ​បាល​ជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធ​សាស្ត្រ និងផែនការសកម្មភាពនានា ជាប្រយោជន៍ដល់កិច្ចការ ពារអភិរក្ស និងអភិវឌ្ឍន៍​រមណីយដ្ឋានអង្គរ​ ហើយដើម្បីសម្រេចគោលដៅ គណៈកម្មាធិការសម្របសម្រួ​លអន្តរជាតិ​ហៅកាត់ ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើង នាខែធ្នូ ឆ្នាំ១៩៩៣ និងបច្ចុប្បន្ន​ធ្វើបេស​កកម្មការងារលើការអភិរក្ស ការពារនិងថែទាំប្រាសាទនានាក្នុងប្រទេសកម្ពុជា។

IMG_45836767655654 (2) - choek sopon

តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើ​រមណី​យដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រការ៉េ។ នៅ​ក្នុង​រមណីយដ្ឋានអង្គរទាំងមូល មានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវ​បានចុះក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក។ ការដាក់បញ្ចូលដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌពិភព​លោក គឺជាជោគជ័យ និងមោទនភាពដ៏ធំធេងសម្រាប់ជាតិខ្មែរ។ នៅថ្ងៃខួប៣១​ឆ្នាំនេះ ប្រជា​ពលរដ្ឋបានសម្តែងការអបអរសាទរជាមួយនឹង​សារបង្ហាញ​មោទន​ភាពផ្សេងៗគ្នា។

IMG_45836767655654 (5) - choek sopon

សូជម្រាប​ថា ប្រាសាទ​អង្គរវត្តមានឈ្មោះដើមថា “ប្រាសាទព្រះបរមវិស្ណុលោក” ត្រូវបាន​សាង​សង់ក្នុងអំឡុងសតវត្សរ៍ទី១២ នារជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ព្រះ​មហា​ក្សត្រ​​មកពីភាគខាងលិច (ល្វវត្តី)។ មានអាយុកាលជិត ១សហវត្សមកនេះ ប្រាសាទអង្គរវត្ត បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់សម័យកាល ពិសេសទើបតែត្រូវបានយកចិត្ត​ទុកដាក់យ៉ាងដិតដល់ ពីសំណាក់រាជរដ្ឋាភិបាល នាសម័យទំនើបនេះឯង។

IMG_45836767655654 (6) - choek sopon

ជាមហាសោកសង្រេង បន្ទាប់ពីមហានគរដ៏រុងរឿងបានរសាត់បាត់ឆ្ងាយទៅ រាជធានីបុរាណ​ខ្មែរ ដែលធ្លាប់តែមានឥទ្ធិពលខ្លាំងក្លាមហិមាមួយនេះ បានលាក់ខ្លួនពួនកប់កណ្ដាលព្រឹក្សា គ្មានមនុស្សណាបានទៅដល់ឡើយ ប៉ុន្តែបើតាមប្រវត្តិសាស្ត្រខ្មែរ ក្នុងសតវត្សរ៍ទី១៦ នាស​ម័យ​អាណាចក្រលង្វែក ព្រះបាទបរមរាជា (ព្រះរាជបុត្រារបស់ព្រះបាទច័ន្ទរាជា ស្ថានិករាធានី​លង្វែក) បានទតឃើញប្រាសាទបុរាណដ៏ស្កឹមស្កៃនេះជាលើកដំបូង ក្នុងពេលចូលទាក់ដំរី បន្ទាប់មកព្រះអង្គក៏បានលើករាជធានីពីលង្វែក ទៅតាំងនៅរាជធានីអង្គរបាន​មួយរយៈ​ផងដែរ។

តាំងពីពេលនោះមក ប្រាសាទព្រះបរមវិស្ណុលោកដ៏ធំល្វឹងល្វើយអស្ចារ្យមួយនេះ ត្រូវបាន​ព្រះ​ប្រទាននាមថ្មីថា “ព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក”។ លុះក្រោយមក ធម្មជាតិវិទូបារាំង​ឈ្មោះ Henri Mouhot បានរកឃើញប្រាសាទនេះនៅក្នុងឆ្នាំ១៨៦០ និងបានហៅឈ្មោះ​ប្រាសាទ​ដ៏ធំដែលជាទីអារាមសម្រាប់ព្រះសង្ឃព្រះពុទ្ធសាសនានេះ​​ថា ប្រាសាទអង្គរវត្ត (រាជធានីព្រះពុទ្ធសាសនា) វិញ។

ក្រោយ​រំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេសកម្ពុជាបានខិត​ខំពុះពារ​ដាក់​បែបបទស្នើសុំដាក់បញ្ចូលប្រាសាទអង្គរវត្តរបស់ខ្លួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក​របស់អង្គការយូណេស្កូ រហូតបានដាក់បញ្ចូលជាស្ថាពរនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

រង​នូវព្យុះភ្លៀងខ្យល់បោកបក់ទាំងយប់ទាំងថ្ងៃអស់ជាច្រើនរយឆ្នាំ អង្គរវត្តរបស់​យើងបាន​បន្ត​ជីវិតគ្រប់រសជាតិជាមួយប្រទេសកម្ពុជា អ្វីដែលជាការភិតភ័យខ្លាំងជាងគេនោះ អង្គរវត្ត រួមជា​មួយខេត្តខ្មែរមួយចំនួន មានខេត្តសៀមរាប ខេត្តកំពង់ស្វាយ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសិរីសោភ័ណជាដើម ប៊ិះនឹងត្រូវបានទៅខាងប្រទេសថៃ នាដើមសម័យអាណានិគម​និយម​បារាំង តែដោយការប្រឹងប្រែងរបស់ព្រះមហាវិរក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ រួមកម្លាំងជាមួយប្រជារាស្ត្រខ្មែរ ទើបអាចដណ្ដើមប្រាសាទអង្គរ និងទឹកដីមួយចំនួននោះមកវិញ។

លុះដល់បច្ចុបុ្បន្ន ប្រាសាទអង្គរវត្ត ឬ ព្រះបរមវិស្ណុលោក ឬព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះ​ពិស្ណុ​លោក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងសេនាធិការរាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងការពារ​រមណី​យដ្ឋានអង្គរយ៉ាងយកចិត្តទុកដាក់ ពោលដៃម្ខាងខិតខំថែរក្សាអភិរក្ស ដៃម្ខាងទៀតខិតខំ​ផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ និងមកទស្សនាឲ្យបានច្រើន។

ជាមួយនឹងការខិតខំប្រឹងប្រែងនេះ ប្រាសាទអង្គរ និងតំបន់ជុំវិញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយដៃគូជាតិ-អន្តរជាតិ ធ្វើការជួសជុល អភិរក្ស កែលម្អ ប្រមូលវត្ថុដែលបែកបាក់ ឃ្លាតឆ្ងាយ មកផ្គុំនៅកន្លែងដើមឡើងវិញ ជាមួយនឹងការទទួលបានភ្ញៀវទេសចរជាតិ-អន្តរ​ជាតិ​មកទស្សនាជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ។

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់ មានក្ដីសប្បាយរីករាយយ៉ាងខ្លាំង នៅពេល​មានឱកាសបានទៅមកទស្សនាប្រាសាទអង្គរ និងប្រាសាទរាប់រយកន្លែងទៀត ដែលជា​កេរមរតក​ដ៏​ពិសិដ្ឋថ្លៃថ្លារបស់មហាបុព្វបុរសខ្មែរ នាសម័យបុរាណ ជាមួយនឹងសុវត្ថិភាពក្នុង​ការ​ធ្វើដំណើរ សុខសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេស មធ្យោបាយធ្វើដំណើរក៏ងាយស្រួល ពិសេសការគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះសម្បត្តិបេតិកភណ្ឌដ៏ធំក្នុងពិភពលោក​មួយ​នេះ៕

 


ថ្ងៃព្រហស្បតិ៍, 14 ខែធ្នូ 2023 15:21  មានជ័យ