សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់ទៅភាគីវៀតណាមថា គម្រោងព្រែកជីកហ្វូណន-តេជោ នឹងនៅតែបន្ត ពីព្រោះកម្រោងនេះ ពុំប៉ះពាល់បរិស្ថាន និងរំហូរទឹកនៃទន្លេមេគង្គនោះទេ។
នេះបើតាមការបញ្ជាក់របស់លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីយប់មិញ ក្រោយគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកដល់កម្ពុជា នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបន្ទាប់ពីភាគីវៀតណាមបង្ហាញពីក្តីកង្វល់ចំពោះគម្រោងព្រែកជីកភ្ជាប់ទន្លេមេគង្គ ទៅកាន់សមុទ្ររបស់កម្ពុជា មានប្រវែង១៨០គីឡូម៉ែត្រ ក្នុងអំឡុងពេលសម្ដេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល២ថ្ងៃ។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ លើកឡើងថា ខាងវៀតណាម បានសម្តែងក្តីបារម្ភថា គម្រោងព្រែកជីកហ្វូណនតេជោនេះ អាចនឹងអាចជះផលអវិជ្ជមានទៅលើដងទន្លេមេគង្គ ប៉ុន្តែកម្ពុជា បានបង្ហាញនូវលទ្ធផលនៃការសិក្សាមួយចំនួន ដែលបញ្ជាក់ថា គ្មានឡើយផលប៉ះពាល់ទៅលើបរិស្ថាននោះឡើយ។ លោកបញ្ជាក់ថា នេះគឺជាគម្រោងធំមួយ រយៈពេលខ្លីខាងមុខ ដើម្បីអូសទាញកម្ពុជា ទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាបន្ត។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះ នឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។
ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារអាម៉េរិក និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃ នៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
ពាក់ព័ន្ធនឹងគម្រោងសាងសង់ ព្រែកជីកហ្វូណនតេជោនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលម្អិតលើគម្រោងនេះក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង៕