សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” និង “គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” ដែលជាឯកសារដ៏សំខាន់ចំនួនពីរ ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៣ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលកម្មវិធីជំនួយសង្គមនេះ នឹងចាប់អនុវត្តពីខែមេសា ឆ្នាំ២០២៤ តទៅ បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបិទបញ្ចប់។
ថ្លែងក្នុងពិធីនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នេះ នៅតែបន្តផ្តោតលើមនុស្សជាចម្បង ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ។ ជាក់ស្តែង ការដាក់ចេញនូវ “គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយរងគ្រោះ ដោយក្នុងនេះ មានកម្មវិធីជាតិជំនួយសង្គមចំនួន៤ រួមមាន៖
ទី១, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, ទី២, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, ទី៣, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និងទី៤, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង)។ បន្ថែមលើនេះ កញ្ចប់គ្រួសារ ក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហានិភ័យ និងភាពងាយរងគ្រោះនានា។
គួររំលឹកថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណជាង១.២០០ លានដុល្លារ សម្រាប់ការអនុវត្តវិធានការអន្តរាគមន៍ក្នុងការដោះស្រាយផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ជាពិសេសលើកម្មវិធីប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ, ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, កម្មវិធីសាច់ប្រាក់ពលកម្ម, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ និងក្នុងអំឡុងពេលមានសម្ពាធអតិផរណាជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវ “គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” ដើម្បីត្រៀមរួចជាស្រេចក្នុងការធ្វើអន្តរាគមន៍គាំពារសង្គម បន្ថែមលើផែនការគ្រប់គ្រងគ្រោះមហន្តរាយដែលមានស្រាប់ ។ ការណ៍នេះ នឹងផ្តល់កិច្ចគាំទ្រដល់គ្រួសារទាំងនោះនូវមធ្យោបាយ និងលទ្ធភាព ដើម្បីដោះស្រាយបញ្ហាជីវភាព និងការស្ដារជីវភាពឡើងវិញប្រកបដោយប្រសិទ្ធភាព ទាំងក្នុងអំឡុងពេល និងក្រោយពេលគ្រោះអាសន្ន ។
សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវកី្តសង្ឃឹមយ៉ាងមុតមាំថា គោលការណ៍ណែនាំ ទាំងពីរនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសការអនុវត្តកម្មវិធី ក៏ដូចជារួមចំណែកដល់ការពង្រឹង និង ពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គម ជាពិសេសត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ចេញអន្តរាគមន៍គាំពារសង្គម ដើម្បីជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្នុងគ្រាមានគ្រោះអាសន្ន។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នា ខិតខំរៀបចំឯកសារគោលការណ៍ណែនាំទាំងពីរ ព្រមទាំងបានរៀបចំរួចជាស្រេចនូវ “កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” ដែលត្រៀមចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ៕