នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌” នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
មានប្រសាសន៍ក្នុងពិធីនោះ សម្តេចនាយករដ្ឋមន្ត្រី បានរំឮកថា ទិវាជនមានពិការភាព ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណជាង១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា, ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និង ការធ្វើបរិយាប័ន្នលើគ្រប់សកម្មភាពនយោបាយ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌។
លោកអះអាងថា នៅកម្ពុជា ការប្រារព្ធទិវាជនមានពិការភាពនេះឡើង គឺដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមរាប់លានតោន។ សម្តេចបន្តថា ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍។ ក្នុងន័យនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ ក៏ដូចជាអាណត្តិមុនៗដែរ គឺបន្តចក្ខុវិស័យច្បាស់លាស់ សម្រាប់ជនមានពិការភាព និងក្រុមគ្រួសារ មានគុណភាពជីវិតល្អចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការធ្វើបរិយាប័ន្នពិការភាពក្នុងគ្រប់វិស័យ ដូចជា ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសាធារណៈ, ជីវភាពនយោបាយ, សកម្មភាពសង្គម, វប្បធម៌, សិល្បៈ, សាសនា, កីឡា, ការសម្រាកលម្ហែ និងសកម្មភាពផ្សេងៗទៀត។
បើតាមសម្តេចធិបតី រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅ ធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ ព្រមទាំងបន្តការលើកកម្ពស់សហគ្រិនភាព ដែលជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពខ្លួន និងគ្រួសារ។ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព រួមមាន ការរៀបចំជម្រាល, ធ្នាក់ដៃ, ចំណតយានយន្តអាទិភាព, ភាសាសញ្ញា និងផ្លូវដើរសម្រាប់ជនពិការភ្នែកជាដើម ។ ក្រៅពីនេះ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាព ដោយរដ្ឋបានចំណាយថវិកាអស់ជាង១.៣០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ១,៥លានគ្រួសារ ។
ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញផងដែរ ដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ឱ្យធានានូវការធ្វើបរិយាប័ន្នសម្រាប់ជនមានពិការភាពទទួលបានការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចាស់ការលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ការសម្រេចចិត្ត និង ភាពជាអ្នកដឹកនាំ ដើម្បីមានឱកាសពេញលេញទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ៕