ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានដឹកនាំក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចផ្ទាល់ ដើម្បីស្វែងយល់អំពីខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា នាខេត្តចំនួន៣ គឺខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងរយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងសហភាពអឺរ៉ុប បានចូលរួមបើកដំណើរទស្សនកិច្ចព័ត៌មាននេះ។
នៅក្នុងពិធីបើកដំណើរទស្សនកិច្ចនេះ លោក តូច ប៊ុនហួរ បានលើកបញ្ជាក់អំពីគោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីសក្តានុពលរបស់ដំណាំស្វាយចន្ទី និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ បង្កើនការវិនិយោគឱ្យបានខ្លាំងក្លា ដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយខ្លួនជាអធិរាជនាំចេញស្វាយចន្ទី។ លោក បានណែនាំឱ្យមានការសហការគ្នាចែករំលែកទិន្នន័យដាំដុះ និងទិន្នផលទាំងអស់ ដើម្បីមានភាពច្បាស់លាស់សម្រាប់ការគ្រប់គ្រង និងកែច្នៃនាំចេញ។ លោកថា ការផលិត ការកែច្នៃ ត្រូវយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព តាមស្តង់ដាគោលនយោបាយ និងទីផ្សារ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។
ជាមួយគ្នានេះដែរ ត្រូវកាត់បន្ថយថ្លៃដើមផលិត និងទុនវិនិយោគ ដើម្បីជួយដល់កសិករ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ លោកបានបញ្ជាក់បន្ថែមថា ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ពិតជាចាំបាច់ក្នុងផ្តល់សេវាផ្សព្វផ្សាយកសិកម្មកាន់តែខិតជិតកសិករ និងជួយសម្រួលពួកគាត់ដោះស្រាយបញ្ហាប្រឈមផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
យោងតាមទិន្នន័យ ពីសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង៦១ម៉ឺនតោន ទទួលបានទឹកប្រាក់ ៨៣១លានដុល្លារ ថយចុះជិត១៦.៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ សមាគមបញ្ជាក់ថា តម្លៃមធ្យមគ្រាប់ស្វាយចន្ទីស្ងួតតម្លៃ១,៦៥៨ដុល្លារ ក្នុង១តោន។ សម្រាប់ខែតុលា គ្រាប់ស្ងួតតម្លៃ៧០០០រៀល ទៅ៧៥០០រៀល ក្នុង១គីឡូក្រាម ឬ ១៩០០ដុល្លារ ក្នុង១តោន។
ស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញឲ្យបានច្រើនជាងគេនៅលើពិភពលោក ឬអាចនិយាយបានថា “ជាអធិរាជ” នាំចេញគ្រប់ស្វាយចន្ទី នាពេលខាងមុខ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ២០២២-២០២៧ ដែលជាផែនទីចង្អុលផ្លូវដែលបានផ្តោត ទៅលើគោលដៅយុទ្ធសាស្ត្រធំៗចំនួន៣ គឺយុទ្ធសាស្ត្រនៃការផលិត យុទ្ធសាស្ត្រនៃការកែច្នៃ និងយុទ្ធសាស្ត្រនៃការនាំចេញ ប្រកបដោយនិរន្តភាព ភាពប្រកួតប្រជែង និងឈានមុខគេលើទីផ្សារ។
គោលនយោបាយនេះ នឹងរួមចំណែកសំខាន់ ក្នុងការសម្រេចបានគោលដៅ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ ដោយគោលនយោបាយនេះ បានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ និងគ្រប់ជ្រុងជ្រោយ ដែលមានក្រសួង ស្ថាប័ន ទទួលបន្ទុក និងពេលវេលាអនុវត្តច្បាស់លាស់។
ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានសក្ដានុពលខ្លាំង ក្នុងការដាំដំណាំប្រភេទដើមស្វាយចន្ទី ម្យ៉ាងទៀតដំណាំស្វាយចន្ទី គឺជាដំណាំផ្ដល់អត្ថប្រយោជន៏ច្រើន។ ដំណាំស្វាយចន្ទីងាយស្រួលដាំដុះ ដែលអាចឲ្យកសិករធ្វើការដាំដុះ តាមលក្ខណៈធម្មតា ក៏អាចដុះបានល្អ។ យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ន ផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទី សរុបប្រមាណ៧០ម៉ឺនហិកតា៕