ការពន្យារពេលបទឈប់បាញ់មនុស្សធម៌រវាងអ៊ីស្រាអែល និងចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) បានពន្យាររហូតមកដល់ព្រឹកថ្ងៃសុក្រ បន្ទាប់ពីអ្នកសម្របសម្រួលនៃប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកបានប្រកាសថានឹងចាប់ផ្តើមជាធរមាននៅថ្ងៃព្រហស្បតិ៍។ របាយការណ៍របស់អ៊ីស្រាអែល បាននិយាយថា ហេតុផលជាមូលដ្ឋាននៅពីក្រោយការពន្យារពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនេះ គឺជាបំណងរបស់ចលនាហាម៉ាសដើម្បីបញ្ឈប់ចលនាយោធាអ៊ីស្រាអែលណាមួយ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបក្នុងអំឡុងពេលបទឈប់បាញ់។ នៅក្នុងបរិបទមួយទេ បាននិយាយថាការបន្តអរិភាពនៃសង្គ្រាមនេះនឹងធ្វើអោយអ៊ីស្រាអែលចំណាយថវិកាជាតិប្រហែល ២៧០ លានដុល្លាក្នុងមួយថ្ងៃ។ មន្ត្រីក្នុងក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលថាអ៊ីស្រាអែលនឹងប្រឈមមុខនឹងឱនភាពថវិកាកើនឡើងក្នុងរយៈពេលពីរឆ្នាំខាងមុខ ដែលអាចឈានដល់ 9% នៃទំហំGDPសរុបរបស់ខ្លួន។
-
ការសម្រេចចិត្តពន្យារពេលកិច្ចព្រមព្រៀងចំណាប់ខ្មាំងធ្វើឡើងរួមគ្នាដោយអ៊ីស្រាអែល កាតា អេហ្ស៊ីប
យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី២៣ ខែវិច្ឆិកាបានអោយដឹងថា មន្ត្រីជាន់ខ្ពស់អាមេរិកប្រាប់ CNN ថាការសម្រេចចិត្តពន្យារពេលការអនុវត្តកិច្ចព្រមព្រៀងចំណាប់ខ្មាំងរហូតមកដល់ថ្ងៃសុក្រនេះ ត្រូវបានធ្វើឡើងរួមគ្នាដោយអ៊ីស្រាអែល រួមជាមួយនឹងកាតា និងអេហ្ស៊ីប ហើយសហរដ្ឋអាមេរិកក៏មានចំណែកផងដែរ។
របាយការណ៍របស់អ៊ីស្រាអែល បាននិយាយថា ហេតុផលជាមូលដ្ឋាននៅពីក្រោយការពន្យារពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនេះ គឺជាបំណងប្រាថ្នារបស់ចលនាក្រុមហាម៉ាសដើម្បីបញ្ឈប់ចលនាយោធាអ៊ីស្រាអែលណាមួយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបក្នុងអំឡុងពេលបទឈប់បាញ់។
ម្យ៉ាងវិញទៀតយន្តការសម្រាប់ការដោះលែងចំណាប់ខ្មាំងគឺនៅមិនទាន់បានបញ្ចប់នៅឡើយទេ ដោយក្រុមហាម៉ាសនៅមិនទាន់បានផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងក្រុមទីមួយដែលពួកគេគ្រោងនឹងដោះលែងនោះទេ។
-
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែលហាក់ដូចជាមិនបារម្ភពីការចំណាយនៅក្នុងសង្គ្រាមហ្គាហ្សា
យោងតាមសារព័ត៌មាន HAARETZ ចុះផ្សាយថ្ងៃទី២៣ ខែវិច្ឆិកាបានអោយដឹងថា អ៊ីស្រាអែលដែលជាប្រទេសមានសង្រ្គាម ធ្វើអោយមានការចំណាយផ្ទុះឡើង រីឯចំណូលក៏កាត់បន្ថយ និងការខ្ចីប្រាក់កើនឡើង។ ហើយប្រទេសនេះក៏ស្ថិតនៅក្រោមសម្ពាធពីអន្តរជាតិថែមទៀត ដែលធ្វើអោយគ្រប់គ្នាគិតថាអ៊ីស្រាអែលកំពុងពិចារណាលើគោលនយោបាយដឹកនាំយ៉ាងល្អិតល្អន់។ ដូច្នេះរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អ៊ីស្រាអែលលោក Bezalel Smotrich ច្បាស់ជាប្រឹងប្រែងអស់សមត្ថភាពដើម្បីដោះស្រាយបញ្ហានេះ។
ប៉ុន្តែមិនដូចអ្វីដែលគ្រប់គ្នាគិតទេ យោងតាមប្រធានផ្នែកស្រាវជ្រាវរបស់ធនាគារអ៊ីស្រាអែល បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា វិសោធនកម្មថវិកាដែលបានស្នើឡើងដោយលោក Smotrich ដើម្បីចំណាយសម្រាប់សង្គ្រាមនឹង-ប្រសិនបើត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី និងសភានឹងមានចំនួនរហូតដល់8.23 ពាន់លានដុល្លាក្នុងថវិកាឆ្នាំនេះ ខណៈពេលដែលកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលផ្សេងៗទៀតត្រឹមតែ 4 ពាន់លានដុល្លាប៉ុណ្ណោះ។
បើអរិភាពនៃសង្គ្រាមហ្គាហ្សានៅតែបន្ត នឹងធ្វើអោយអ៊ីស្រាអែលចំណាយថវិកាជាតិប្រហែល ២៧០ លានដុល្លាក្នុងមួយថ្ងៃ។ មន្ត្រីក្នុងក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលថាអ៊ីស្រាអែលនឹងប្រឈមមុខនឹងឱនភាពថវិកាជាតិកើនឡើងក្នុងរយៈពេលពីរឆ្នាំខាងមុខដែលអាចឈានដល់ 9% នៃទំហំGDPសរុបរបស់ខ្លួន។
-
ក្រុមហេសបូឡាបាញ់រ៉ុក្កែតលើភាគខាងជើងអ៊ីស្រាអែល
យោងតាមសារព័ត៌មាន ABC News ចុះផ្សាយថ្ងៃទី២៣ ខែវិច្ឆិកាបានអោយដឹងថា ក្រុមសកម្មប្រយុទ្ធ Hezbollah បានបាញ់រ៉ុក្កែតជាង 50 គ្រាប់ទៅលើទីតាំងយោធានៅភាគខាងជើងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍នៅមួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមកលើផ្ទះមួយនៅភាគខាងត្បូងប្រទេសលីបង់ និងបានសម្លាប់អ្នកប្រយុទ្ធជាន់ខ្ពស់របស់ក្រុមហេសបូឡានេះចំនួនប្រាំនាក់។
ក្រុមហេសបូឡា បាននិយាយថា តាមរយៈការបង្កើនសកម្មភាពរបស់ខ្លួននៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ពួកគេនឹងបានជួយបន្ធូរបន្ថយសម្ពាធលើតំបន់ហ្គាហ្សាស្ទ្រីប។ ដែលទីនេះជាកន្លែងដែលមានការវាយលុកតាមអាកាស ដី និងជើងទឹកមិនស្រាកស្រាន្តរបស់អ៊ីស្រាអែល និងបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជាង13,300 នាក់បានស្លាប់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើននៅលើតំបន់នេះ។