អាមេរិកទទួលស្គាល់ជ័យជំនះរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស និងលាតត្រដាងអន្ទាក់បទឈប់បាញ់នៅតំបន់ហ្គាហ្សា។ យេម៉ែននឹងមិនប្រកាន់ខ្ជាប់នូវបទឈប់បាញ់ ហើយនឹងបន្តវាយប្រហារលើគោលដៅនៃទីក្រុង Tel Aviv។ ក្រុមសកម្មប្រយុទ្ធហេសបូឡាបានប្រកាសចូលរួមនៅក្នុងបទឈប់បាញ់ ហើយក្រុមសកម្មប្រយុទ្ធហាម៉ាសគឺជាអ្នកដែលឈ្នះច្រើនជាងគេបំផុត ខណៈដែលសហរដ្ឋអាមេរិកបានបញ្ជាក់ថានឹងផ្តល់ឱកាសឲ្យអ្នកកាសែតបានថតពីការថ្កោលទោសអ៊ីស្រាអែលក្នុងអំឡុងពេលបទឈប់បាញ់! វាហាក់ដូចជាតំបន់ហ្គាហ្សាកំពុងឈ្នះ ហើយអ៊ីស្រាអែលនឹងមិនសម្រេចបាននូវគោលដៅណាមួយនៅក្នុងសង្រ្គាមនេះទេ ប៉ុន្តែតើអ្វីទៅជាការកើនឡើងបន្ទាប់ពីការបញ្ចប់នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សាភាគខាងត្បូង?
-
យេម៉ែននៅតែបន្តវាយប្រហារដោយមិនប្រកាន់ខ្ជាប់នូវបទឈប់បាញ់
យោងតាមសារព័ត៌មាន The Times Of Israel ចុះផ្សាយថ្ងៃទី២២ ខែវិច្ឆិកាបានអោយដឹងថា កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា យន្តហោះចម្បាំង F-35 របស់ពួកគេមួយគ្រឿងបានបាញ់ទម្លាក់ដោយជោគជ័យនូវកាំជ្រួចមីស៊ីល Cruise ដែលហោះហើរចូលមកលើសមុទ្រក្រហម នៅជិតភាគខាងត្បូងបំផុតនៃទីក្រុង Eilat ។
កាំជ្រួចមីស៊ីលនេះត្រូវបានជឿជាក់ថាត្រូវបានបាញ់ចេញដោយក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន។
ក្រុម Houthis បានបាញ់មីស៊ីលផ្លោង និងដ្រូនជាច្រើនគ្រាប់ទៅលើទីក្រុង Eilat ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីខែមុន ដែលកាំជ្រួចទាំងអស់នេះត្រូវបានស្ទាក់ចាប់ ឬខកខានគោលដៅរបស់ពួកគេ។ គួររំលឹកផងដែរ កាលពីថ្ងៃអាទិត្យ ក្រុមឧទ្ទាម Houthis បានរឹបអូសយកកប៉ាល់ Galaxy Leader ដែលជាកប៉ាល់ដឹកទំនិញមានទំនាក់ទំនងជាមួយនឹងអ៊ីស្រាអែលដែលបានធ្វើដំណើរនៅលើសមុទ្រក្រហម។
-
អាមេរិកបារម្ភចំពោះ “អន្ទាក់បទឈប់បាញ់”
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកាបានអោយដឹងថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក Biden បានប្រាប់អោយដឹងថា វាមិនសមហេតុផលនោះទេដែលថាការផ្អាកការប្រយុទ្ធគ្នានឹងធ្វើអោយក្លាយទៅជាបទឈប់បាញ់រយៈពេលយូរជាងនេះ។
ប៉ុន្តែលើសពីនេះ វាកាន់តែធ្វើអោយមានការព្រួយបារម្ភនៅក្នុងជួររដ្ឋបាល ដែលថានាពេលខាងមុខអាចនឹងមាន"ផលវិបាកកើតឡើង" នៃកិច្ចព្រមព្រៀងបទឈប់បាញ់នេះ។
លោកបាននិយាយថា "នៅពេលខាងមុខអាចនឹងអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទៅកាន់តំបន់ហ្គាហ្សាកាន់តែទូលំទូលាយដើម្បីជាឱកាសស្រាយបំភ្លឺបន្ថែមទាក់ទងនឹងការបំផ្លិចបំផ្លាញលើតំបន់នេះ ហើយដូច្នេះវានឹងអាចធ្វើអោយមតិសាធារណៈវាយប្រហារមកលើអ៊ីស្រាអែលកាន់តែច្រើន"។
-
អាមេរិកបញ្ជូនទិន្នន័យអ៊ីស្រាអែលពីទីតាំងក្រុមផ្តល់ជំនួយ
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកាបានអោយដឹងថា រដ្ឋបាល លោក Biden បាននិងកំពុងផ្តល់ទិន្នន័យដល់អ៊ីស្រាអែលនូវទីតាំងនៃក្រុមផ្តល់ជំនួយនៅក្នុងតំបន់ Gaza អស់រយៈពេលជាច្រើនសប្តាហ៍ដើម្បីទប់ស្កាត់ការវាយប្រហារមកលើទីតាំងរបស់ពួកគេ។ ប៉ុន្តែអ៊ីស្រាអែលនៅតែបានបន្តវាយលុកមកលើទីតាំងជាច្រើន។
ព័ត៌មាននោះរួមមានទីតាំងកូអរដោនេ GPS នៃមន្ទីរពេទ្យមួយចំនួន និងព័ត៌មានអំពីការចល័តនៃក្រុមផ្តល់ជំនួយនៅក្នុងតំបន់ហ្គាហ្សាទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែលយ៉ាងហោចណាស់អស់រយៈពេលមួយខែមកហើយ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលនៅតែបានបើកប្រតិបត្តិការវាយប្រហារប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅក្នុងទីកន្លែង ឬនៅជិតទីកន្លែងផ្តល់ជំនួយ រួមមានមន្ទីរពេទ្យ ដែលបង្កអោយមានការបំផ្លិចបំផ្លាញអគារ និងការបិទប្រេងឥន្ធនៈ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត។