នេះជាការបញ្ជាក់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយលោក បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ថ្លែងក្នុងឳកាសនោះ ភាគីទាំងពីរបានលើកឡើងពីចំណងមិត្តភាពជាប្រពៃណី និងជាបងប្អូន រវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់មកហើយ។ ដែលទំនាក់ទំនងបានប្រែក្លាយជាដៃគូយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង និងបានបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងសងខាង។
សម្តេចប្រធានរដ្ឋសភា ឃួន សុដារី មានក្តីសោមនស្សរីករាយ បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងយកអស់កម្លាំងកាយចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំ និងស្អិតរមួតថែមទៀត។ សម្តេចគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលពិភពលោកទើបងើបចេញពីវិបត្តិកូវីដ-១៩ និងការប្រឈមបញ្ហាស្មុគស្មាញសង្គ្រាម ការប្រទាញប្រទង់ភូមិសាស្ត្រនយោបាយ ការរឹតចំណងមិត្តភាព ពង្រឹងសាមគ្គីភាពរវាងប្រទេសជិតខាងជាកត្តាសំខាន់បំផុត។ កម្ពុជា-ឡាវ ជាមិត្ត និងបងប្អូននឹងគ្នានៅគ្រប់កាលៈទេសៈ ទាំងពេលក្រលំបាក និងនៅក្នុងពេលត្រូវកសាង និងអភិវឌ្ឍន៍ប្រទេសដូចគ្នា។
បើតាមសម្តេចធិបតី ឃួន សុដារី ឈរលើស្មារតី នៃចំណងមិត្តភាពជាអមតៈហើយនេះ នៅដើមរដ្ឋសភានីតិកាលទី៧នេះ សម្តេចបានសម្រេចចិត្តធ្វើទស្សនកិច្ចក្រៅប្រទេសដំបូងគេ ទៅកាន់ប្រទេសជាមិត្តភូមិផងរបងជាប់គ្នា មានឡាវ និងប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសការពង្រឹងចំណងមិត្តភាពប្រជាជន និងប្រជាជន ដើម្បីផលប្រយោជន៍ប្រទេសទាំងសងខាង។
សម្តេចរដ្ឋសភាធិបតី បានអះអាងថា កាលពីឆ្នាំ២០២២ទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានកើនដល់២១០ លានដុល្លារ ហើយក្រោមចំណងមិត្តភាពភាពនេះ នឹងនាំមកនូវសមិទ្ធផលថ្មីៗជាច្រើនទៀត នាពេលខាងមុខ ស្របពេលដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន៣៥ កំពុងវិនិយោគនៅប្រទេសឡាវ។
ចំណែកលោក បួកែវ ភុំវង្សសាយ បានអបអរសាទរចំពោះរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលកើតចេញពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ កាលពីខែកក្កដា កន្លងមក។ លោកសង្ឃឹមថា នៅក្នុងអាណត្តិថ្មីនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងខាងរដ្ឋសភា និងរាជរដ្ឋាភិបាល ក៏ដូចជាទំនាក់ទំនងប្រជាជន និងប្រជាជន កាន់តែរឹងមាំ និងស្អិតរមួតថែមទៀត។
គួររំលឹកថា កម្ពុជា និងឡាវ មានព្រំដែនជាប់គ្នាប្រវែង៥៣៥គីឡូម៉ែត្រ។ កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានស្នើឡាវពិនិត្យមើលលទ្ធភាព និងជំរុញទំហំពាណិជ្ជកម្ម ដែលមានសក្ដានុពល ជាពិសេសបង្កើនសកម្មភាពពាណិជ្ជកម្មតាមព្រំដែន។ ហើយប្រទេសទាំងពីរ ក៏បានបង្រីកកិច្ចសហប្រតិបត្តិលើវិស័យជាច្រើនដូចជា នយោបាយ សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ ជាដើម។
ទាក់ទងការវិនិយោគនេះ ក្រុមហ៊ុនមួយឈ្មោះ LOCA ដែលជាក្រុមហ៊ុនជំនាញលើស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសឡាវ បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការស្ថានីយសាករថយន្តអគ្គិសនីផងដែរ ហើយបាននឹងកំពុងសិក្សាពីឱកាស និងច្បាប់ ព្រមទាំងឯកសារគតិយុត្តផ្សេងៗ ដើម្បីឱ្យក្រុមហ៊ុនអាចត្រៀមខ្លួនចូលមកវិនិយោគនៅកម្ពុជា៕