អ៊ីស្រាអែលគម្រាមបិទព្រំដែនរវាងអេហ្ស៊ីបនិងហ្គាហ្សា និងចោទប្រកាន់អេហ្ស៊ីបពីការលះបង់ចំណាយលើក្រុមសកម្មប្រយុទ្ធហាម៉ាស ដោយស្របពេលជាមួយនឹងកងទ័ពអ៊ីស្រាអែលបានកំពុងធ្លាក់ចុះនៅតំបន់ហ្គាហ្សា និងចំនួនទាហានបម្រុងរបស់អ៊ីស្រាអែលត្រូវបានកាត់បន្ថយ ដែលនាំអោយជះឥទ្ធិពលដល់កិច្ចព្រមព្រៀងដោះដូរអ្នកទោសជាមួយក្រុមហាម៉ាស។ ខណៈពេលនេះផងដែរ យេម៉ែនទើបតែបានបង្ហាញវីដេអូនៃការប្លន់កប៉ាល់របស់អ៊ីស្រាអែល ដែលកំពុងគំរាមកំហែងដល់សកម្មភាពធ្វើនាវាចរសកលលោកនៅសមុទ្រក្រហម និងព្រែកជីកស៊ុយអេ។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចកំពុងជឿជាក់ថា សង្គ្រាមនៅតំបន់ហ្គាហ្សាកំពុងក្លាយជារឿងមិនសមហេតុផល ជាមួយនឹងការវាយប្រហារមិនឈប់ឈរលើទីក្រុង Tel Aviv ពីតំបន់ហ្គាហ្សា និងការអំពាវនាវឡើងជាថ្មីពីអ៊ីស្រាអែលថាមានតែការជម្លាសអ្នកស្រុកហ្គាហ្សាប៉ុណ្ណោះទេទើបគឺជាដំណោះស្រាយតែមួយគត់! ខណៈពេលដែលអង់គ្លេសបានបញ្ជូនយន្តហោះដឹកជំនួយទៅកាន់អ៊ីស្រាអែល ប្រធានាធិបតីអាហ្សង់ទីនថ្មីលោក Javier Miley គំរាមដាក់បញ្ចូលកោះ Falkland ទៅកាន់ប្រទេសអាហ្សង់ទីន ដែលបង្កើតជាសម្ពាធដ៏គ្រោះថ្នាក់ដល់អង់គ្លេស។
-
អ៊ីស្រាអែលគម្រាមបិទព្រំដែនរវាងអេហ្ស៊ីបនិងហ្គាហ្សា
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២០ ខែវិច្ឆិកាបានអោយដឹងថា ស្ទើរតែទាំងអស់នៃប្រជាជនប្រហែល2 លាននាក់ដែលរស់នៅក្នុងតំបន់ Gaza ឥឡូវនេះត្រូវបានប្រមូលផ្តុំនៅសាលារៀន ជំរុំជនភៀសខ្លួន និងលំនៅឋាននៅភាគខាងត្បូង។ ចាប់តាំងពីអ៊ីស្រាអែលបានដាក់ការឡោមព័ទ្ធទាំងស្រុងនៅលើទឹកដីនេះកាលពីខែតុលាមក ប្រជាជនស៊ីវិលប៉ាឡេស្ទីនកាន់តែអស់សង្ឃឹម ដោយកង្វះការផ្គត់ផ្គង់អាហារ កង្វះទឹក
ស្អាត គ្មានអគ្គិសនី និងទឹកស្អុយហូរពាសពេញផ្លូវធ្វើដំណើរ។ ការកើនឡើងចំនួនអ្នកស្លាប់ និងរងរបួសរបស់ប៉ាឡេស្ទីនបានកើនឡើងដល់មានអ្នកស្លាប់ជាង 12,000 នាក់។
គោលដៅមួយក្នុងចំណោមគោលដៅទាំងអស់របស់អ៊ីស្រាអែលទៅលើតំបន់ភាគខាងត្បូងនោះគឺដើម្បីបិទព្រំដែនរវាងហ្គាហ្សា និងអេហ្ស៊ីប ដែលរួមមានផ្លូវរូងក្រោមដីខាងក្រោមនោះផងដែរ ដើម្បីការពារទប់ស្កាត់ក្រុមសកម្មប្រយុទ្ធហាម៉ាសពីការនាំយកអាវុធបន្ថែមទៀតធ្វើអោយអូសបន្លាយនៃសង្គ្រាម និងដើម្បីបញ្ឈប់មេដឹកនាំរបស់ពួកគេពីការរត់គេចចេញពីតំបន់ហ្គាហ្សា ប្រសិនបើការប្រយុទ្ធរបស់ពួកគេនៅតែបន្តដំណើរការមិនល្អនេះបើតាមអ្នកវិភាគ និងមន្ត្រីសន្តិសុខអ៊ីស្រាអែល។
លោក Miri Eisin អតីតនាយករងនៃអង្គភាពស៊ើបការណ៍ប្រយុទ្ធរបស់យោធាអ៊ីស្រាអែលបាននិយាយថា"មេដឹកនាំក្រុមហាម៉ាស់សំខាន់ៗមិនដែលអង្គុយនៅភាគខាងជើងទេ" ។ "ពួកគេនឹងស្នាក់នៅភាគកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា"។ គោលដៅកំពូលរបស់អ៊ីស្រាអែលគឺលោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាស់ជាន់ខ្ពស់បំផុតនៅតំបន់ហ្គាហ្សា និងលោក Mohammed Deif មេបញ្ជាការយោធារបស់ក្រុមហាម៉ាស់ ដែលអ៊ីស្រាអែលបានចោទប្រកាន់ថាបានដឹកនាំការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា។
-
ការវាយប្រហារដោយគ្រាប់មីស៊ីលលើតំបន់ភាគកណ្តាលអ៊ីស្រាអែល
យោងតាមសារព័ត៌មាន The Jerusalem Post ចុះផ្សាយថ្ងៃទី២០ ខែវិច្ឆិកាបានអោយដឹងថា សំឡេងស៊ីរ៉ែនគ្រាប់រ៉ុក្កែតកំពុងបន្លឺឡើងនៅទូទាំងភាគកណ្តាលនៃប្រទេសអ៊ីស្រាអែល រួមទាំងទីក្រុង Tel Aviv ផងដែរ បន្ទាប់ពីគ្រាប់រ៉ុក្កែតមួយចំនួនបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប។
ក្រុមសកម្មប្រយុទ្ធហាម៉ាសបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
នេះកំណត់បានថាជាការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើកដំបូងបំផុតមកលើតំបន់ភាគកណ្តាលរបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃសុក្រមក។
មកទល់ពេលនេះមិនទាន់មានរបាយការណ៍ភ្លាមៗបញ្ជាក់ពីការរងរបួសឬការខូចខាតនោះទេ។
-
អាហ្សង់ទីនគំរាមដណ្តើមកោះ Falkland ពីចក្រភពអង់គ្លេសវិញ
យោងតាមសារព័ត៌មាន Daily Express ចុះផ្សាយថ្ងៃទី២០ ខែវិច្ឆិកាបានអោយដឹងថា លោក Javier Milei ដែលជាអ្នកស្តាំនិយមរបស់ប្រទេសអាហ្សង់ទីន អាចនឹងឈ្នះតំណែងប្រធានាធិបតីថ្មីនៃប្រទេសនេះ។
លោក Milei គឺជាអ្នកមូលធននិយមប្រភេទអនាធិបតេយ្យម្នាក់ ដែលឥលូវកំពុងត្រូវបានគេប្រៀបធៀបស្មើទៅនឹងលោក Donald Trump ដែរ ដោយលោកបានធ្វើអោយផ្ទុះកិត្តិនាមល្បីល្បាញនៅខណៈពេលថ្កោលទោសយ៉ាងខឹងសម្បារនៅតាមរយៈកម្មវិធីទូរទស្សន៍មួយ។
លោក Milei បាននិយាយអំពីយុទ្ធនាការរបស់លោកថា «អធិបតេយ្យភាពរបស់អាហ្សង់ទីនលើប្រជុំកោះ Malvinas គឺមិនអាចចរចាបានទេ។ Malvinas គឺជារបស់អាហ្សង់ទីន។ ឥឡូវនេះយើងត្រូវមើលពីរបៀបដែលយើងនឹងយកកោះទាំងនេះមកវិញ។ ហើយច្បាស់ណាស់ថាជម្រើសសង្រ្គាមមិនមែនជាដំណោះស្រាយទេ។»
លោកបានលើកឡើងថា អ្វីដែលពួកគេកំពុងស្នើសុំគឺកំពុងឈានទៅរកដំណោះស្រាយដូចគ្នានឹងប្រទេសអង់គ្លេសមានជាមួយនឹងប្រទេសចិនដែរជុំវិញបញ្ហាហុងកុង ហើយប្រសិនបើនៅក្នុងបរិបទនេះដែរ ជំហររបស់ប្រជាជនដែលរស់នៅលើកោះនេះ ទើបផ្តល់ចម្លើយពិតប្រាកដថាជាអធិបតេយ្យភាពរបស់ខាងណា។
អនាគតមេដឹកនាំថ្មីនេះបានកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅចក្រភពអង់គ្លេសនៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់លោក។