នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលជាកម្មវិធីគោលនយោបាយអាទិភាព ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ដែលចាប់ផ្តើមអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣។
មានប្រសាសន៏នៅក្នុងពិធីនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យណាមួយបានឡើយ ចាំបាច់ត្រូវមានពិពិធកម្ម ព្រមជាមួយនឹងការព្យាយាមធ្វើទំនើបកម្មវិស័យនានា។ ក្នុងនោះវិស័យកសិកម្ម ត្រូវធ្វើទំនើបកម្មពីកសិកម្ម ដែលពឹងផ្អែកដោយពលកម្មតាមបែបប្រពៃណី ទៅជាកសិកម្មដែលពឹងផ្អែកលើជំនាញ, បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់ ។ ទន្ទឹមនេះ ក៏ត្រូវផ្សារភ្ជាប់វិស័យកសិកម្មរបស់យើង ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែច្រវាក់ផលិតកម្ម ទាំងក្នុងស្រុក, ក្នុងតំបន់ និងសកលលោក ផងដែរ ។
បើតាមសម្តេចធិបតី ការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ឱ្យក្លាយជាកសិកម្មតាមបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាស្រ័យលើតួអង្គចំនួន៣គឺ៖
ទី១, ជាអ្នកប្រតិបត្តិផ្ទាល់៖ តួអង្គនេះមានការខិតខំ និងឆន្ទៈមោះមុតរួចទៅហើយនៅក្នុងការធ្វើឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន ក៏ប៉ុន្តែត្រូវព្យាយាមបន្ថែមទៀតក្នុងការប្រទាក់ក្រឡាគ្នា, បំពេញបន្ថែមឱ្យគ្នា និងជាពិសេស ត្រូវមានផលប្រយោជន៍រួមគ្នា ទើបអាចកៀរគរបាននូវកម្លាំងរួម សម្រាប់អភិវឌ្ឍវិស័យនេះ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងលើកកម្ពស់ការចងក្រងប្រតិបត្តិករទាំងអស់ រួមទាំងប្រជាកសិករ និងបណ្តាសហគ្រាសជារចនាសម្ព័ន្ធ ដូចជា សហគមន៍កសិកម្ម ឬជាសហគ្រាស ដើម្បីគ្រប់គ្រងទីផ្សារ និងផ្សារភ្ជាប់ជាមួយវិស័យឯកជនដទៃទៀត ឱ្យកាន់តែមានភាពជិតស្និទ្ធគ្នា ព្រមទាំងឱ្យរាជរដ្ឋាភិបាលអាចជួយអន្តរាគមន៍បានឆាប់រហ័ស និងមានប្រសិទ្ធភាព ទាំងលើការផ្តល់ជំនួយបច្ចេកទេស, ការប្រឹក្សាយោបល់ និងការផ្តល់ឥណទានជាដើម។ លើសពីនេះ ប្រតិបត្តិករទាំងអស់ ក៏នឹងមានអំណាចចរចាទីផ្សារ ព្រមទាំងអាចអនុវត្តតាមកិច្ចសន្យាផលិតកម្ម បើកឱកាសក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មដល់ទីផ្សារធំៗ ដូចជា នៅតាមបណ្តាផ្សារទំនើប និងនាំចេញទៅកាន់ទីផ្សារបរទេស ទៀតផង។
ទី២, គឺជារាជរដ្ឋាភិបាល៖ ដែលមានតួនាទីជាអ្នកតម្រង់ទិសដៅ និងជួយសម្របសម្រួលដល់ការអភិវឌ្ឍវិស័យនេះ ជាអាទិ៍ ជាអ្នកផ្តល់ប្រឹក្សា និងជាអ្នកផ្តល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញប្បទាន, និងបច្ចេកទេស ព្រមទាំងធ្វើការចរចាជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា មានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាដើម ។ ជាងនេះទៅទៀត ក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដាក់ចេញនេះ គឺដើម្បីរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទានចំនួន១០០ លានដុល្លារអាម៉េរិក និងការដាក់ពង្រាយមន្រ្តីកសិកម្មរហូតដល់ថ្នាក់មូលដ្ឋាន។ ក្នុងន័យនេះរាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការធ្វើឱ្យការប្រកួតប្រជែងក្នុងទីផ្សារសេរីនេះ កាន់តែស្មើភាព យុត្តិធម៌ និងបរិយាបន្ន ។
ទី៣, គឺអតិថិជន ដែលជាអ្នកជួយគាំទ្រដល់ផលិតផលខ្មែរ ជាអ្នកជួយដល់ប្រជាកសិករ និងសេដ្ឋកិច្ចជាតិទាំងមូល។ ត្រង់ចំណុចនេះ សម្តេចធិបតី បានអំពាវនាវដល់ប្រជាជនទាំងអស់ ដែលជាអតិថិជន សូមបន្តផ្តល់ការគាំទ្រកាន់តែខ្លាំងថែមទៀតដល់ផលិតផលកសិកម្មកម្ពុជា ព្រមទាំងស្នើគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស មន្រ្តីកសិកម្ម ដែលនឹងត្រូវដាក់ពង្រាយទៅដល់មូលដ្ឋានផ្ទាល់ សូមបង្កើត និងផ្សព្វផ្សាយនូវវប្បធម៌ “យកគុណភាព ជាជាងយកបរិមាណ” ទៅកាន់ប្រជាកសិករទាំងអស់ ដើម្បីធានាថា ផលិតផលខ្មែរមានគុណភាព, មិនប៉ះពាល់ដល់សុខភាព ហើយថែមទាំងមានតម្លៃសមរម្យ។
សម្តេចធិបតី អះអាងដែរថា ផែនការ និងគោលនយោបាយទាំងនេះ គឺមានភាពប្រទាក់ក្រឡាគ្នាជាអន្តរក្រសួង និងភាគីពាក់ព័ន្ធ។ ដូច្នេះសម្ដេចបានណែនាំឱ្យមន្ត្រីចេះសហការគ្នា អនុវត្តផែនការ ដោយមិនត្រូវមើលស្រាលការងារ និងប្រចាំគ្នា ដូចពាក្យចាស់ពោលថា “គ្នាច្រើន អន្សមខ្លោចនោះទេ”។
សម្តេចនាយករដ្ឋមន្រ្តី បានលើកជាឧទាហរណ៍ថា បើការងារនោះ ពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺរដ្ឋមន្រ្តីកសិកម្ម ត្រូវដឹកនាំក្បាលម៉ាស៊ីនរៀបចំកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធដូចជា ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទជាដើម ក្នុងការពិភាក្សាគ្នារកចំណុចរួមមួយ ដាក់ចេញសកម្មភាព និងដំណោះស្រាយឱ្យចំគោលដៅ ទើបផែនការការងារមានប្រសិទ្ធភាព។ លោកថា គន្លឹះសំខាន់ គឺយើងត្រូវឱ្យកសិករគាត់បង្កើតសហគមន៍កសិកម្មទំនើប ដើម្បីឱ្យគាត់ចូលគ្នាជាធ្លុងមួយសិន។
ទោះជាយ៉ាងណា សម្តេចប្រមុខរដ្ឋាភិបាលលើកឡើងថា ស្ថាប័នរដ្ឋរបស់យើង អត់សហការគ្នា អត់និយាយជាមួយគ្នា អត់ធ្វើការជាមួយគ្នា។ ដែលនេះ គឺជាបញ្ហា។
គួររំលឹកថា កសិកម្ម គឺជាវិស័យស្នូលមួយ ដែលបានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌នៃសង្គមខ្មែរ។ មកដល់ពេលបច្ចុប្បន្ន វិស័យកសិកម្ម បានរំដោះប្រជាពលរដ្ឋខ្មែរពីគ្រោះទុរភិក្ស និងធានាបានសន្តិសុខស្បៀងក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ១៩ ព្រមទាំងបានរក្សាអតិរេកស្រូវ (មានស្រូវលើសពីចំនួនត្រូវការ) អស់រយៈពេលជិត៣០ឆ្នាំមកហើយ។ បើទោះបីយ៉ាងណារាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែកំណត់វិស័យកសិកម្មជានយោបាយអាទិភាព ដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តឱ្យបានល្អប្រសើរ៕