អ៊ីស្រាអែលព្រមានតំបន់ហ្គាហ្សាភាគខាងត្បូងពីការជម្លៀសចេញ និងទម្លាក់គ្រាប់បែកនៅក្បែរព្រំដែនអេហ្ស៊ីប។ អ៊ីរ៉ង់បានព្រមានក្រុមសកម្មប្រយុទ្ធហាម៉ាសមិនអោយស្តីបន្ទោសក្រុមសកម្មប្រយុទ្ធហេសបូឡា រួមទាំងបានបញ្ជាក់ថាពួកគេនឹងមិនចូលរួមក្នុងសង្គ្រាមដោយផ្ទាល់ប្រឆាំងជាមួយនឹងអ៊ីស្រាអែល និងអាមេរិកទេ។ តើអ៊ីរ៉ង់បានបោះបង់ចោលក្រុមហាម៉ាសហើយមែនទេ? ជាមួយនឹងកងទ័ពអ៊ីស្រាអែលដែលកំពុងតែធ្លាក់ចុះនៅតំបន់ហ្គាហ្សាភាគខាងជើង ការវិភាគរបស់អ៊ីស្រាអែលកាន់តែកើនឡើងចំពោះភាពមិនអាចទៅរួចនៃការលុបបំបាត់ក្រុមហាម៉ាស ហើយថាចលនានេះនឹងកាន់តែរឹងមាំជាងនេះបន្ទាប់ពីបញ្ចប់សង្រ្គាមនៅហ្គាហ្សានេះ។ តើអ៊ីស្រាអែលនឹងទទួលជោគជ័យក្នុងការអូសទាញអេហ្ស៊ីបចូលរួមក្នុងសង្រ្គាម និងពង្រីកនៃជម្លោះនេះដែររឺទេ?
-
អ៊ីស្រាអែលចាប់ផ្តើមព្រមានតំបន់ហ្កាហ្សាភាគខាងត្បូងអោយជម្លៀសចេញ
យោងតាមសារព័ត៌មាន Forbes ចុះផ្សាយថ្ងៃទី១៦ ខែវិច្ឆិកាបានអោយដឹងថា អ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលចាកចេញពីទីក្រុងចំនួនបួននៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើអោយមានការកើនឡើងនៃភាពភ័យខ្លាចថាសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសនេះអាចរីករាលដាលទៅកាន់តំបន់ផ្សេងៗទៀតដែលពួកគេអះអាងប្រាប់ប្រជាជនថាមានសុវត្ថិភាព។
ខិត្តប័ណ្ណបានទម្លាក់ចុះពីយន្តហោះពេញមួយយប់ប្រាប់ប្រជាជនស៊ីវិលឱ្យចាកចេញពីក្រុង Bani Shuhaila, Khuzaa, Abassan និង Qarara នៅភាគខាងកើតនៃទីក្រុង Khan Younis ដែលជាទីក្រុងភាគខាងត្បូងដ៏សំខាន់។ ក្រុងទាំងនេះគឺជាកន្លែងប្រមូលផ្តុំមនុស្សជាង 100,000 នាក់នៅក្នុងពេលមានសន្តិភាព ប៉ុន្តែឥឡូវនេះកំពុងក្លាយជាជម្រកសំរាប់មនុស្សរាប់ម៉ឺននាក់ទៀតដែលភៀសខ្លួនចេញពីតំបន់ផ្សេងៗ។
ខិត្តប័ណ្ណនោះបាននិយាយថា"សកម្មភាពរបស់ក្រុមភេរវករ Hamas ទាមទារឱ្យកងកម្លាំងការពារអ៊ីស្រាអែលធ្វើសកម្មភាពប្រឆាំងនឹងពួកគេនៅក្នុងតំបន់រស់នៅរបស់អ្នក"។ "ដើម្បីសុវត្ថិភាពរបស់អ្នក អ្នកត្រូវជម្លៀសចេញពីទីកន្លែងរស់នៅរបស់អ្នកជាបន្ទាន់ ឆ្ពោះទៅកាន់ជម្រកសុវត្ថិភាពដែលអ្នកស្គាល់"។
បន្ទាប់មកអ្នកស្រុកបាននិយាយថា តំបន់នេះបានរងនូវការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងពេញមួយយប់។
-
អ៊ីរ៉ង់ព្រមានមេដឹកនាំហាម៉ាសពីការពង្រីកនៃសង្រ្គាម
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកាបានអោយដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់បានថ្លែងសារយ៉ាងច្បាស់មួយទៅកាន់ប្រមុខក្រុមហាម៉ាស់ នៅពេលដែលពួកគេបានជួបគ្នានៅទីក្រុងតេអេរ៉ង់កាលពីដើមខែវិច្ឆិកានេះ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់បីនាក់៖ ដោយលោកបានលើកឡើងថា អ្នកមិនបានបញ្ជូនដំណឹងដល់យើងជាមុនពីការវាយប្រហារកាលពីថ្ងៃទី7 ខែតុលារបស់អ្នកចំពោះអ៊ីស្រាអែលទេ ដូចនេះហើយយើងនឹងមិនចូលរួមក្នុងសង្រ្គាមជាមួយអ្នកទេ។ .
លោក Ayatollah Ali Khamenei បានប្រាប់លោក Ismail Haniyeh ថាអ៊ីរ៉ង់នឹងបន្តផ្តល់ជំនួយផ្នែកនយោបាយ និងការគាំទ្រផ្សេងៗដល់ក្រុមរបស់ពួកគេ ប៉ុន្តែនឹងមិនជ្រៀតជ្រែកដោយផ្ទាល់នៅក្នុងសង្គ្រាមនោះទេ នេះបើតាមសម្តីរបស់មន្ត្រីអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធហាម៉ាសដែលបានដឹងពីកិច្ចពិភាក្សានេះ។
មេដឹកនាំកំពូលអ៊ីរ៉ង់បានជំរុញអោយលោក Haniyeh បំបិទសំឡេងស្នើសុំនៅក្នុងរង្វង់ក្រុមប៉ាឡេស្ទីនដែលអំពាវនាវជាសាធារណៈឱ្យអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តលីបង់របស់ខ្លួន Hezbollah ចូលរួមយ៉ាងពេញទំហឹងនៅក្នុងសង្គ្រាមជាមួយអ៊ីស្រាអែលដែរ នេះបើតាមមន្ត្រីក្រុមហាម៉ាស់បានប្រាប់សារព័ត៌មានរ៉យទ័រ។
-
អតីតអ្នកសំរបសំរួលអ៊ីស្រាអែលព្រមាននៅតែមានក្រុមហាម៉ាសក្រោយសង្គ្រាម
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី១៧ ខែវិច្ឆិកាបានអោយដឹងថា លោក Daniel Levy ប្រធានគម្រោង The US/Middle East Project បានផ្តល់បទសម្ភាសន៍មួយចំនួននៅជុំវិញប្រធានបទសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា។ លោកបានអោយដឹងថា នាពេលបច្ចុប្បន្ននេះ អ៊ីស្រាអែលកំពុងតែប្រើប្រាស់មធ្យោបាយដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែលជាមួយនឹងបទឈប់បាញ់មួយរយៈ ប៉ុន្តែមិនថាជាយ៉ាងណាក៏អ៊ីស្រាអែលនៅទទួលរងសំពាធពីអន្តរជាតិនោះដែរ។ នៅពេលដែលបានសួរអំពីវិធីដោះស្រាយជំលោះនេះពិតប្រាកដដែលអាចធ្វើទៅបាន លោក Daniel Levy ក៏បានរៀបរាប់អោយដឹងថា មិនថាជាយ៉ាងណាក្រុមសកម្មប្រយុទ្ធហាម៉ាសនឹងនៅតែមាន នឹងកាន់តែរឹងមាំផ្នែកនយោបាយ ទោះបីជាមានការចុះខ្សោយផ្នែកយោធាក៏ដោយ។ ព្រោះបញ្ហាពិតប្រាកដគឺនៅត្រង់ប្រជាជនប៉ាឡេស្ទីនដែលនៅតែមិនទាន់ទទួលបានសេរីភាពពិតប្រាកដ ដូចនេះពួកគេមិនសុខចិត្តនោះឡើយនឹងចរចាបញ្ចប់ជំលោះទាំងដែលពួកគេកំពុងបាត់បង់មនុស្សជាទីស្រលាញ់ជាច្រើននាក់។ ចំណែករដ្ឋអំណាចប៉ាឡេស្ទីនវិញអាចនឹងរួមដៃសហការជាមួយអ៊ីស្រាអែលដើម្បីបញ្ចប់ជម្លោះតាមរយៈការទូត និងទទួលស្គាល់រដ្ឋអ៊ីស្រាអែល ប៉ុន្តែប្រតិកម្មពិតប្រាកដពីប្រជាជនប៉ាឡេស្ទីននៅតែចង់កំហឹង ហើយសង្គមនៅតំបន់ West Bank នឹងកាន់តែអន់ថយជាងនៅមុនសង្គ្រាមទៀត។ ដូចនេះដើម្បីអាចដោះស្រាយបាន គឺលុះត្រាតែដោះស្រាយបញ្ហារបស់រដ្ឋប៉ាឡេស្ទីន។