ក្រសួងព័ត៌មានបានឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា នេះថា បានព្រមានឲ្យបុគ្គលអ្នកព័ត៌មានដែលពាក់ព័ន្ធការយកលុយនៅក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ព្រំដែនខេត្តតាកែវ ចូលខ្លួនបំភ្លឺ ខណៈមកដល់ពេលនេះ មាន៤៣រូបហើយបានចូលខ្លួនសារភាព និងបំភ្លឺនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។
ក្រសួងព័ត៌មានបានលើកឡើងថា កន្លងមកក្រសួងព័ត៌មានបានចេញលិខិតតម្រូវឱ្យក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ សហការផ្តល់នូវរបាយការណ៍ ពាក់ព័ន្ធករណីក្រុមហ៊ុននេះបានផ្ដល់លុយកាក់ និងជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន និងបានតម្រូវឱ្យបុគ្គលដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ រាយការណ៍មកក្រសួងព័ត៌មាន។ ហើយក្រសួងបានទទួលលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន លើករណីដែលក្រុមហ៊ុននេះបានចេញលិខិតធ្វើឱ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់វិជ្ជាជីវៈសារព័ត៌មាន។
តាមរយៈលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសនេះ ក្រុមហ៊ុនបានសន្យាបន្តសហការជាមួយក្រសួងព័ត៌មាន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងកន្លងមក ព្រមទាំងគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន លើអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងសណ្តាប់ធ្នាប់ស្ថាប័ន ព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងការឆ្លើយបំភ្លឺ និងសុំអភ័យទោស ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន បានផ្តល់បញ្ជីឈ្មោះ បុគ្គលចំនួន៨២៨ រូប ដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានបញ្ជាក់ថា ជាអ្នកសារព័ត៌មាន ដែលបានមកសុំលុយកាក់ពីក្រុមហ៊ុនជូនក្រសួងព័ត៌មាន។ ក្រសួងព័ត៌មានបញ្ជាក់ថា ចំនួនតួលេខដែល កាស៊ីណូ បានចុះផ្សាយនេះ មិនមែនជាចំនួនអង្គភាពសារព័ត៌មានទេ តែជាចំនួនបុគ្គលដែលបានអះអាងខ្លួនថា ជាអ្នកសារព័ត៌មាន។ បច្ចុប្បន្ន បញ្ជីឈ្មោះបុគ្គលទាំង៨២៨ រូបនេះ បានតម្កល់ទុកនៅក្រសួងព័ត៌មាន ហើយ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ កំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដ អំពីចំនួនអង្គភាពសារព័ត៌មានដែលបានចុះបញ្ជី និងមិនចុះបញ្ជីនៅក្រសួងព័ត៌មាន ដើម្បីមានវិធានការបន្តតាមផ្លូវច្បាប់។
បើតាមក្រសួងព័ត៌មាន រហូតមកដល់ពេលនេះ មានអ្នកសារព័ត៌មាន ចំនួន៤៣រូប មកពីស្ថាប័នសារព័ត៌មានចំនួន៣៤អង្គភាព បានចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ថា ខ្លួនពិតជាបានទៅសុំលុយពីក្រុមហ៊ុនកាស៊ីណូប្រាកដមែន។ ចំណែក អង្គភាពសារព័ត៌មានផ្សេងទៀតក៏បានបញ្ជាក់ជូនក្រសួងព័ត៌មានអំពីការមិនពាក់ព័ន្ធនឹងករណីនេះផងដែរ។
ដើម្បីបន្តវិធានការចំពោះបុគ្គលដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន និងដើម្បីការពារ ភាពស្អាតស្អំចំពោះអ្នកសារព័ត៌មាន ក្រសួងព័ត៌មាន តម្រូវឱ្យអ្នកសារព័ត៌មាន និងបុគ្គលដែលជាប់ពាក់ព័ន្ធ ករណីសុំលុយពីកាស៊ីណូ ថបដាយអឺម៉ិន ត្រូវមកធ្វើការផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺនៅអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានរៀងរាល់ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ជាកំហិត។
ជាមួយគ្នានោះ ក្រសួងព័ត៌មាន បានក្រើនរំលឹកជាចុងក្រោយដល់អ្នកសារព័ត៌មានទាំងអស់ ដែលកំពុងបំពេញភារកិច្ច ជាអ្នកសារព័ត៌មានត្រូវលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជៀសវាងការគិតពីប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តិកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ធ្វើឱ្យអាប់ឱនដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពរបស់ស្ថាប័នព័ត៌មាន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន។ ករណីនៅតែបំពាន ក្រសួង ព័ត៌មាននឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕