Al-Qassam បានក្លែងជាស្លៀកសំលៀកបំពាក់កងទ័ពអ៊ីស្រាអែល ដែលបានបង្កការភ័យខ្លាច នឹងមានរឿងអាក្រក់ជិតចូលមក។ ខណៈដែលក្រុម Al-Houthi បានវាយប្រហារទីក្រុង Eilat បានដោយជោគជ័យ។ ចំណែកអាមេរិកបានប្រកាសបទឈប់បាញ់រយៈពេល 4 ម៉ោងក្នុងមួយថ្ងៃ។ រីឯការជម្លៀសប្រជាជនពីទីក្រុង Gaza ក៏មានការកើនឡើង។ មេដឹកនាំក្រុមហាម៉ាស់បានមកដល់អេហ្ស៊ីបក្នុងគោលបំណងនៃកិច្ចព្រមព្រៀងចំណាប់ខ្មាំង ហើយទីតាំងបើកសង្គ្រាមនៅតំបន់West Bank ក៏ឆេះឡើងនៅខាងលិចជំរុំ Jenin។ តើនៅពេលណាដែលសហរដ្ឋអាមេរិកចាប់ផ្តើមស្នើឱ្យមានបទឈប់បាញ់ពិតប្រាកដ? តើអ៊ីស្រាអែលអាចចូលទីក្រុងហ្កាហ្សាបានដែររឺទេ? សំខាន់ជាងនេះទៅទៀត តើពួកគេអាចរក្សាកម្លាំងរបស់ខ្លួនបានដែរឬទេ?
-
ក្រុមហាម៉ាសក្លែងធ្វើជាកងទ័ពអ៊ីស្រាអែល
យោងតាមសារព័ត៌មាន The Mirror US ចុះផ្សាយថ្ងៃទី០៩ ខែវិច្ឆិកាបានអោយដឹងថា ខ្សែវីដេអូកាមេរ៉ាដ៏គួរឲ្យរន្ធត់មួយបានបង្ហាញឡើងពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានក្លែងខ្លួនជាឯកសណ្ឋានកងកម្លាំង IDF របស់អ៊ីស្រាអែល និងបានចាប់ជំរិត និងវាយដំជនជាតិមូស្លីមអារ៉ាប់-អ៊ីស្រាអែលម្នាក់។
សមាជិកនៃក្រុមហាម៉ាស់បានស្រែកដាក់បុរសនោះ ដើម្បីដឹកនាំលោកទៅកាន់ភូមិ Kibbutz Re'im កាលពីថ្ងៃទី០៧ ខែតុលានៅក្នុងប្រតិបត្តិការវាយលុករបស់ក្រុមហាម៉ាស។ នៅក្នុងវិដេអូនោះផងដែរ បុរសម្នាក់នោះបានស្រែកឡើង «កុំបាញ់អី ខ្ញុំគឺជាជនជាតិមូស្លីមដែរទេ!» ប៉ុន្តែនៅតែទទួលបានការគំរាមកំហែងពីក្រុមរបស់ហាម៉ាសដដែល។
គួរបញ្ជាក់ផងដែរថា វិដេអូនេះគឺជាផ្នែកមួយដែលទទួលបានពីវិដេអូពេញរយៈពេល៤៣នាទី ដែលកងកម្លាំងអ៊ីស្រាអែល IDF បានបញ្ចេញឡើងនៅសន្និសីទសារព័ត៌មានដែលមានសមាជិកអ្នកកាសែតបរទេសប្រមាណ២០០នាក់ទស្សនា។
-
ភាពតានតឹងបានកើនឡើងនៅជំរំ Jenin តំបន់ West Bank
យោងតាមសារព័ត៌មាន Sky News ចុះផ្សាយថ្ងៃទី០៩ ខែវិច្ឆិកាបានអោយដឹងថា កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសដោយដ្រូន និងផ្ទុះប្រដាប់អាវុធនៅក្នុងជំរុំជនភៀសខ្លួន Jenin នៅក្នុងតំបន់ West Bank នេះបើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានលើកឡើងថាជាការវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស 18 នាក់ ជាការវាយឆ្មក់ប្រហារដ៏ឃោរឃៅបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ប្រតិបត្តិការនៅជំរុំ Jenin គឺដើម្បីកំណត់ទីតាំងគ្រាប់បែក IEDs ដែលដាក់ឡើងដោយពួកភេរវករ។
នៅក្នុងជំរុំជនភៀសខ្លួន Jenin មានការវាយប្រហារស្ទើរតែរាល់ថ្ងៃដោយកងទ័ពអ៊ីស្រាអែល និងប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយពួកសកម្មប្រយុទ្ធ។
កងកម្លាំងការពារអ៊ីស្រាអែលនិយាយថាវាជាសំបុកនៃអំពើភេរវកម្ម។ រីឯពួកសកម្មប្រយុទ្ធនិយាយថា ពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងការគៀបសង្កត់របស់អ៊ីស្រាអែល។
-
អ៊ីស្រាអែលយល់ព្រមផ្អាកប្រយុទ្ធរយៈពេល ៤ ម៉ោង
យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី១០ ខែវិច្ឆិកាបានអោយដឹងថា សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានយល់ព្រមផ្អាកប្រយុទ្ធជារៀងរាល់ថ្ងៃរយៈពេល4 ម៉ោងក្នុងប្រតិបត្តិការនៅខាងក្នុងតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលកាន់តែច្រើនចាកចេញពីភាគខាងជើងនៃតំបន់នេះ និងជួយសម្រួលដល់ការកើនឡើងនៃជំនួយមនុស្សធម៌ដែលហូរចូលមកពីអេហ្ស៊ីប។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា ការផ្អាកនេះគឺចាប់ផ្តើមឡើងពីថ្ងៃនេះ បើទោះបីជាអ៊ីស្រាអែលបានបើកឳកាសអោយជនស៊ីវិលជម្លៀសខ្លួនចេញតាំងតែពីដើមសប្តាហ៍ក៏ដោយ។ សេចក្តីថ្លែងការណ៍របស់កងកម្លាំងការពារអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍មិនបាននិយាយអំពីកិច្ចព្រមព្រៀងនៃការផ្អាកជារៀងរាល់ថ្ងៃនេះទេ ហើយក៏មិនបានផ្តល់ព័ត៌មានលម្អិតអំពីរយៈពេលនៃកិច្ចព្រមព្រៀងនេះដែរ។ យ៉ាងណាមិញ លោក Eylon Levy អ្នកនាំពាក្យការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់ថាអ៊ីស្រាអែលនឹងបន្តអនុញ្ញាតបើកឳកាសដល់ការជម្លៀសជនស៊ីវិលតាមច្រករបៀងជាក់លាក់ណាមួយ។