1. ឯកអគ្គរដ្ឋទូតអេហ្ស៊ីបថាមិនមានការបញ្ជូនអាវុធមកកាន់តំបន់ហ្គាហ្សា
យោងតាមសារព័ត៌មាន Fire News ចុះផ្សាយថ្ងៃទី០៦ ខែវិច្ឆិកាបានអោយដឹងថា លោកឯកអគ្គរដ្ឋទូតអេហ្ស៊ីប Ahmed Abu Zeid អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយថា មិនមានការអត្ថាធិប្បាយលើការចោទប្រកាន់របស់អ៊ីស្រាអែលពីមនុស្សមួយចំនួននោះទេថា មានការដឹកនាំបញ្ជូនអាវុធចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបពីឧបទ្វីបស៊ីណៃរបស់អេហ្ស៊ីប។ លោកបានចង្អុលបង្ហាញថា គោលដៅពិតប្រាកដរបស់អេហ្ស៊ីបគឺត្រឹមតែជាការព្យាយាមធ្វើអោយតំបន់នេះត្រលប់មករកភាពដូចដើមវិញប៉ុណ្ណោះ គឺមានស្ថិរភាពក្នុងតំបន់ និងគ្មានភេវរកម្ម។ លោកឯកអគ្គរដ្ឋទូត Ahmed Abu Zeid បានបញ្ជាក់ថា បច្ចុប្បន្ននេះមានការទំនាក់ទំនងគ្នាជាបន្តបន្ទាប់រវាងលោករដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប Sameh Shoukry និងលោក Josep Borrell អ្នកសម្របសម្រួលគោលនយោបាយការបរទេសអឺរ៉ុប ដើម្បីតាមដានឃ្លាំមើលស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីបនេះ។ លោកបានបង្ហាញថា រដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីបបានបញ្ជូនដំណឹងទៅកាន់លោក Borrell ថាតំបន់ Gaza Strip កំពុងតែត្រូវការសកម្មភាពរបស់សហគមន៍អន្តរជាតិដើម្បីបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងនឹងតំបន់ហ្គាហ្សានេះ និងត្រូវការបង្កើនជំនួយមនុស្សធម៌។
2. អាមេរិកកំពុងបញ្ជូនអាវុធដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់អ៊ីស្រាអែល
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី០៦ ខែវិច្ឆិកាបានអោយដឹងថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកមានគោលដៅវាយប្រហារជាក់លាក់ក្នុងតម្លៃ 320 លានដុល្លាទៅឱ្យអ៊ីស្រាអែល នៅក្នុងអំឡុងពេលដែលមានការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សាស្រ្ទីបនៅក្នុងសង្គ្រាមជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសនេះផងដែរ។ ការលក់យន្តហោះទម្លាក់គ្រាប់បែក Spice Family Gliding Bomb Assemblies ដែលជាប្រភេទឧបករណ៍បំផ្ទុះដ៏ជាក់លាក់នេះ អាចបំប្លែងគ្រាប់បែកដែលគ្មានការដឹកនាំ ទៅជាគ្រាប់បែកដែលដឹកនាំដោយ GPS សម្រាប់អ៊ីស្រាអែលដែលត្រូវបានអនុម័តឡើងដោយគណៈកម្មាធិការសភាអាមេរិកជាច្រើនខែមុន នៅមុនពេលដែលក្រុមហាម៉ាស់បានវាយប្រហារលើអ៊ីស្រាអែលនៅថ្ងៃទី 7 ខែតុលា។
3. អ៊ីស្រាអែលថាបានសម្លាប់អ្នកផលិតអាវុធដល់ក្រុមហាម៉ាសធំៗ
យោងតាមសារព័ត៌មាន Asharq Al Awsat ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកាបានអោយដឹងថា យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាស្ទ្រីបបានសម្លាប់អ្នកផលិតអាវុធដល់ក្រុមហាម៉ាសកំពូលម្នាក់ និងយុទ្ធជនជាច្រើននាក់។ ទីក្រុងហ្គាហ្សាដែលជាទីតាំងការពាររឹងមាំដ៏សំខាន់របស់ក្រុមហាម៉ាស ត្រូវបានឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល។ យោធាបាននិយាយថា កងទ័ពបានឈានទៅដល់ចំណុចកណ្តាលនៃទីក្រុងដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលនេះហើយ ខណៈដែលក្រុមហាម៉ាស់និយាយថាក្រុមយុទ្ធជនរបស់ខ្លួនបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែលបាននិយាយថា មានការវាយប្រហារពីរដាច់ដោយឡែកពីគ្នាបានវាយប្រហារលើអ្នកផលិតអាវុធរបស់ក្រុមហាម៉ាសឈានមុខគេគឺលោក Mahsein Abu Zina និងអ្នកប្រយុទ្ធមួយចំនួនទៀត។
ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនក៏បានរាយការណ៍ពីការប៉ះទង្គិចគ្នារវាងក្រុមសកម្មប្រយុទ្ធ និងកងកម្លាំងអ៊ីស្រាអែលផងដែរនៅជិតជំរុំជនភៀសខ្លួន al-Shati នៅក្នុងទីក្រុង Gaza។