ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ជីវភាពរស់នៅ និងសុខទុក្ខរបស់កម្មករ-និយោជិត ទាំងអស់ តែងតែត្រូវបានយកចិត្តទុកដាក់ តាមរយៈការរៀបចំគោលនយោបាយគាំទ្រជាប់ជាប្រចាំ ជាពិសេសការបង្កើត និងពង្រីកការងារឱ្យកាន់តែច្រើន បង្កើតបរិយាកាសលក្ខខណ្ឌការងារល្អ របបសន្តិសុខសង្គម និងគាំពារលើជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងការព្យាយាមបង្កើនប្រាក់បៀវត្សអប្បបរមា បូកនឹងអត្ថប្រយោជន៍ផ្សេងៗផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ផែនការទៅអនាគត គឺជាកិច្ចការសំខាន់ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបំភ្លេចបាននូវកត្តាប្រវត្តិសាស្ត្រ ដែលជាមេរៀនសម្រាប់ធ្វើការសិក្សាប្រៀបធៀប ពីព្រោះកន្លងទៅ កម្ពុជាយើងធ្លាប់ជាប្រទេសដែលមានសង្គ្រាមពេញផ្ទៃប្រទេស មានការកាប់សម្លាប់ និងការបន្សល់ទុកគ្រាប់មីន គំនាបផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់ ដែលជាការលំបាកបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផង និងដង្ហើមសេដ្ឋកិច្ចជាតិទាំងមូលផង។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នៅពេលនោះ កម្ពុជាពឹងផ្អែកលើការនាំចូលស្ទើរទាំងស្រុង ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់សន្តិភាព ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យយើងមានសមត្ថភាពម្ចាស់ការផលិតដោយខ្លួនឯង ហើយមានសមត្ថភាពផលិតទំនិញគុណភាពខ្ពស់ និងស្តង់ដារ ដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ បន្ទាប់ពីបានឆ្លងកាត់ការកែទម្រង់ជាច្រើនដំណាក់កាល ក្នុងនោះក៏មានការកែទម្រង់ទីផ្សារ ពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារ។
ឈរលើមូលដ្ឋាននៃការគិតគូរអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាព រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន។ លោកថា ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញដោយសក្តានុពលក្នុងវិស័យការងារ ប៉ុន្តែដើម្បីបង្កើតផលប្រយោជន៍ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ជូនប្រជាពលរដ្ឋ ចាំបាច់ត្រូវធានាឱ្យបាននូវកត្តា៣យ៉ាងគឺ៖ ទី១. កត្តាសុខសន្តិភាព ស្ថិរភាព ទី២. កត្តាគោលនយោបាយត្រឹមត្រូវ និងទី៣. កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងធនធានមនុស្ស៕