នៅព្រឹកថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
តាមរបាយការណ៏បានឲ្យដឹងថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល១ឆ្នាំ៣៦០ថ្ងៃ នៅលើផ្ទៃដីទំហំសរុប ៥០៩,៥៣៩ម៉ែត្រការ៉េ។ អគារនេះ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី អតីតរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ចំណាយថវិការប្រមាណ៦០ លានដុល្លារសហរដ្ឋអាមេរិក។ អាគារទីស្តីការរបស់ក្រសួងមហាផ្ទៃ មានផ្ទៃដីសរុបទំហំ៥,៦ ហិកតា ផ្នែកខាងមុខនៃអាគារនេះ បែរទៅទិសខាងកើត ស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលគេហៅថា ទន្លេចតុមុខ។
អាគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះ មានទំហំ១៥៣ ម៉ែត្រគុណ៨៣ម៉ែត្រ មានកំពស់៩ ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ ចំណតរថយន្ត ដែលអាចចតរថយន្ត ក្នុងអាគារបានសរុបចំនួន៣៣០ គ្រឿង។ ដោយឡែកប្លង់ស្ថាបត្យកម្ម អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុក ចំនួន៥ លំនាំតាម ប្រាសាទអង្គវត្ត កំពូល៥ ដោយអនុលោមតាមគោលការណ៍សមមាត្រ នៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់ អំពីពន្លឺ ខ្យល់ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុកភាព ស័ក្តសមជាទីកន្លែងធ្វើការរួម បែបសម័យទំនើបថ្មី។
លើសពីនេះទៀត អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ មានសមត្ថភាពអាចផ្ទុកមនុស្ស សរុបរហូតដល់៨.៥០០នាក់ ហើយមានមុខងារប្រើប្រាស់ជាអគាររដ្ឋបាលប្រមូលផ្តុំ ដែលមាន ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារផងដែរ។
មានប្រសាសន៏នៅក្នុងពិធីនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងមហាផ្ទៃ ដែលសម្រេចបានជោគជ័យលើការងារសាងសង់សំណង់អគារដ៏វិចិត្រនេះ ស្រប់តាមលំនាំស្ថាបត្យកម្ម ទាំងបែបខ្មែរបុរាណ និងតាមបែបទំនើប។ សម្តេចមហាបវរធិបតី ក៏បានកោតសរសើរដល់ក្រុមសំណង ក៏ដូចជា ស្ថាបត្យករទាំងអស់ បានខិតខំប្រឹងប្រែងសាងសង់អគារមួយនេះ ស្រប់តាមតម្រូវការរបស់ប្រទេសជាតិ ក្នុងការពង្រីកសេវាសាធារណៈដែលក្រសួងមហាផ្ទៃ ដើរតួនាទីយ៉ាងសំខាន់។
សម្តេចធិបតីបន្ដថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃនេះ គឺជាមរតកមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាល នីតិកាលទី៦ ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងការគាំទ្ររបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី។ សម្ដេចសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នឹងបន្ដបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពវីជ្ជាជីវៈខ្ពស់។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបេសកម្មរបស់ខ្លួន។
ទន្ទឹមនឹងមានអគារល្អ ធំស្កឹមស្កៃនេះ សម្ដេចធិបតី បានជំរុញកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ គឺត្រូវតែបន្ត ហើយត្រូវតែសម្រួចនូវអ្វីដែលនៅសេសសល់ ត្រូវខិតខំដុសខាត់ឱ្យបានល្អ។ សម្តេចបន្តថា ពិតណាស់អ្វីដែលថ្មី គឺមិនប្រាកដថា វាល្អអត់ខ្ចោះនោះទេ ហើយមិនអាចកាត់ផ្ដាច់សេវាថ្នាក់ជាតិភ្លាម ទម្លាក់ទៅដល់ថ្នាក់ក្រោមនោះទេ ត្រូវមានដំណាក់កាល នៃការផ្ទេរដែលវាត្រូវការពេលវេលា និងនីតិវិធីច្បាស់លាស់។
ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ណែនាំការងារសំខាន់ៗចំនួន៦ចំណុចរួមមាន៖
ទី១, ត្រូវពង្រឹងសមត្ថភាពមន្ត្រី ជាពិសេសមន្ត្រីដែលនៅកៀកជិតប្រជាពលរដ្ឋ ឱ្យមាននូវមនសិការ ក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងសមត្ថភាព ស័ក្តិសមជាទីពឹងរបស់ប្រជាពរដ្ឋ។
ទី២, ត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេសត្រូវពង្រឹងនូវយន្តការត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្មនានា ជាពិសេសការប្រើប្រាស់អំណាចខុសច្បាប់។
ទី៣, ត្រូវធ្វើវិចារណកម្មនូវប្រសិទ្ធភាព និងភាពងាយស្រួលនៃការផ្តល់សេវាសាធារណៈរបស់ខ្លួន ដើម្បីធានាថា គ្មាននីតិវិធីណាមួយ ដែលបង្កការលំបាក និងដែលមិនមានការចាំបាច់ ដល់ប្រជាពលរដ្ឋឡើយ។
ទី៤, ត្រូវពង្រឹងយន្តការច្រកចេញចូលតែមួយ និងយកចិត្តទុកដាក់រៀបចំសេវាសាធារណៈ ទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាដូចជាថ្នាល CamDX ដោយត្រូវផ្តល់អាទិភាព ផ្តល់សេវាសាធារណៈណា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឬជាញឹកញាប់។
ទី៥, ត្រូវធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាព នៃការវិភាជធនធានទៅកាន់ថ្នាក់ក្រោមជាតិ ដើម្បីធានាថាថ្នាក់ក្រោមជាតិ អាចបំពេញមុខងារ និងភារកិច្ច ដែលត្រូវបានធ្វើប្រតិភូកម្ម ដោយជោគជ័យ។
ទី៦, ត្រូវពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ រាល់គោលនយោបាយទាំងអស់ ដែលថ្នាក់ជាតិបានដាក់ចេញឱ្យអនុវត្តន៍ ដើម្បីពង្រឹងការផ្សាភ្ជាប់គោលនយោបាយ ទៅនឹងការអនុវត្តជាក់ស្តែង៕