អ៊ីស្រាអែលគំរាមទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើតំបន់ហ្គាហ្សា។ សេចក្តីថ្លែងការណ៍ជាផ្លូវការរបស់រដ្ឋមន្ត្រីបេតិកភណ្ឌអ៊ីស្រាអែលលោក Amichai Eliyahu បានបង្កឱ្យមានការភាន់ច្រឡំនៅក្នុងរដ្ឋាភិបាលរបស់លោក Netanyahu។ ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីស្រាអែលបានបង្ហាញពីភាពបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងសមរភូមិសង្គ្រាមរបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលជាកន្លែងក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងកងពលតូច Qassam បានបំផ្លាញយានយន្ត និងរថពាសដែករបស់កងទ័ពអ៊ីស្រាអែល! ការបែងចែករវាងរដ្ឋបាលលោក Biden និងលោក Netanyahu កាន់តែកើនឡើងខ្លាំងនៅជុំវិញបញ្ហាសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែលគ្មានគោលដៅ ហើយកងទ័ពអ៊ីស្រាអែលកំពុងតែត្រូវបាននាំមុខដោយកងកម្លាំងហាម៉ាស! តើអ៊ីស្រាអែលនឹងអាចចេញពីភាពតានតឹងនៅតំបន់ហ្កាហ្សានេះដោយរបៀបណា? តើអាមេរិកអាចនឹងជោគជ័យក្នុងការបញ្ឈប់សង្រ្គាមនេះបានដែររឺទេ ដោយមានន័យថា នោះជ័យជំនះគឺជារបស់ក្រុមហាម៉ាស?!
-
អ៊ីស្រាអែលគំរាមវាយប្រហារតំបន់ហ្កាហ្សាដោយអាវុធនុយក្លេអ៊ែរ
យោងតាមសារព័ត៌មាន The Times Of Israel ចុះផ្សាយថ្ងៃទី០៥ ខែវិច្ឆិកាបានអោយដឹងថា រដ្ឋមន្ត្រីបេតិកភណ្ឌលោក Amichai Eliyahu បាននិយាយកាលពីថ្ងៃអាទិត្យថា ជម្រើសមួយរបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស អាចជាការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើតំបន់ហ្គាហ្សាស្ទ្រីប នៅក្នុងការអត្ថាធិប្បាយមួយរបស់លោកដែលត្រូវបានបដិសេធភ្លាមៗដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងបានផ្អាករដ្ឋមន្ត្រីនោះពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីផងដែរ។
លោក Eliyahu ជាសមាជិកនៃគណបក្សស្តាំនិយមជ្រុលនៃអំណាចជ្វីហ្វរបស់លោករដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben Gvir។ ខណៈពេលនោះផងដែរ លោក Eliyahu កំពុងតែឆ្លើយទៅនឹងសំនួរមួយដែលលើកឡើងនៅក្នុងបទសម្ភាសន៍តាមវិទ្យុ។
អ្នកសម្ភាសន៍វិទ្យុ Kol Berama បាននិយាយថា "ការរំពឹងទុករបស់លោកគឺដូចជាថា យើងអាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែរប្រភេទផ្សេងៗពាសពេញលើតំបន់ហ្គាហ្សា ហើយនោះយើងនឹងអាចកំចាត់មនុស្សគ្រប់គ្នាចេញពីទីនោះទាំងអស់..."។
លោក Eliyahu បានឆ្លើយតបថា៖ «នោះជាផ្លូវមួយ»។ "វិធីទីពីរគឺត្រូវស្វែងយល់ពីអ្វីដែលសំខាន់សម្រាប់ពួកគេ អ្វីដែលធ្វើឱ្យពួកគេភ័យខ្លាច អ្វីដែលរារាំងពួកគេ ...ខ្ញុំគិតថាពួកគេមិនខ្លាចស្លាប់នោះទេ។"។
គួរបញ្ជាក់ផងដែរថា លោក Eliyahu មិនមានទំនាក់ទំនងណាមួយជាមួយគណៈរដ្ឋមន្ត្រីសង្គ្រាមដែលដឹកនាំសង្រ្គាមប្រឆាំងនឹងក្រុមភេរវករ Hamas នោះទេ ហើយក៏មិនមែនជាផ្នែកនៃគណៈរដ្ឋមន្ត្រីសន្តិសុខផងដែរ។
-
ក្រុមសកម្មប្រយុទ្ធហាម៉ាសបំផ្លាញរថពាសដែកកងទ័ពអ៊ីស្រាអែល
យោងតាមសារព័ត៌មាន Anadolu Ajansi ចុះផ្សាយថ្ងៃទី០៥ ខែវិច្ឆិកាបានអោយដឹងថា កងពលតូច Al-Qassam របស់ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃអាទិត្យថាសមាជិករបស់ខ្លួនបានបំផ្លាញរថក្រោះអ៊ីស្រាអែលចំនួនប្រាំមួយគ្រឿងជាមួយនឹងគ្រាប់បែក Yassin 105 និងបានសម្លាប់ទាហានអ៊ីស្រាអែលមួយចំនួនចាប់តាំងពីព្រឹក។
កងពលតូចនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់នៅលើបណ្តាញ Telegram របស់ខ្លួនថា យុទ្ធជនរបស់ខ្លួនបានបំផ្លាញជាមួយនឹងគ្រាប់បែកផលិតក្នុងស្រុក ហៅថា Yassin 105 ដោយបានរួមមានបំផ្លាញទៅលើរថក្រោះអ៊ីស្រាអែលមួយគ្រឿងនៅភាគពាយព្យនៃទីក្រុងហ្គាហ្សា ហើយរថក្រោះពីរគ្រឿងទៀតនៅតំបន់ Tal al-Hawa នៃភាគខាងត្បូងទីក្រុងហ្គាហ្សា និងបីគ្រឿងទៀតនៅទីក្រុង Beit Hanoun នៃភាគខាងជើងតំបន់ហ្គាហ្សាស្រ្ទីប។
ពួកគេបានបន្ថែមថាសមាជិករបស់ខ្លួន "បានប៉ះទង្គិចប្រដាប់អាវុធជាមួយកងកម្លាំងអ៊ីស្រាអែលនៅភាគពាយព្យនៃតំបន់ហ្គាហ្សាកាលពីពេលព្រឹកនេះ និងយប់ម្សិញមិញផងដែរ ហើយបានបំផ្លាញរថក្រោះមួយគ្រឿងជាមួយនឹងគ្រាប់បែក Al-Yassin 105" និងសម្លាប់ទាហានអស់មួយចំនួន។
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យកងពលតូចបាននិយាយនៅក្នុងសុន្ទរកថាថា ក្រុមប៉ាឡេស្ទីនបានបំផ្លាញរថយន្តយោធាអស់ 24 គ្រឿងក្នុងរយៈពេល 48 ម៉ោងចុងក្រោយនេះ។
ខណៈកងទ័ពអ៊ីស្រាអែលក៏បានប្រកាសពីការស្លាប់ទាហានរបស់ខ្លួនផងដែរ ដែលមានចំនួន 30 នាក់នៅតំបន់ហ្គាហ្សានេះចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការជើងគោក។
-
ទាហានស៊ីឈ្នួលអេស្ប៉ាញដែលជួយប្រយុទ្ធជាមួយក្រុមហាម៉ាសនៅហ្គាហ្សា
យោងតាមសារព័ត៌មាន Middle East Monitor ចុះផ្សាយថ្ងៃទី០៥ ខែវិច្ឆិកាបានអោយដឹងថា សារព័ត៌មានរបស់កាសែត El Mundo អេស្ប៉ាញបានអោយដឹងកាលពីថ្ងៃសុក្រថា កងទ័ពកាន់កាប់អ៊ីស្រាអែលឥលូវនេះបានងាកទៅប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសដើម្បីជាផ្នែកមួយនៃយុទ្ធនាការប្រយុទ្ធរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលឡោមព័ទ្ធ។
ក្នុងចំណោមអ្នកប្រយុទ្ធបរទេសទាំងនោះគឺមានទាហានស៊ីឈ្នួលអេស្បាញដ៏ល្បីឈ្មោះម្នាក់ផងដែរ ដែលលោកធ្លាប់បានចូលរួមប្រយុទ្ធជាមួយនឹងពួកណាស៊ីនីអូអ៊ុយក្រែនបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីកាលពីឆ្នាំមុន។ លោក Pedro Diaz Flores ពីមុនត្រូវបានរុស្សីសន្មត់ថាស្លាប់ ប៉ុន្តែលោកនៅរស់រានមានជីវិតនៅឡើយ នេះបើយោងតាមកាសែតដែលបានធ្វើការសម្ភាសន៍លោក។
លោកបានប្រាប់ពីការជម្រុញទឹកចិត្តរបស់លោកក្នុងការចូលរួមជាមួយកងកម្លាំងកាន់កាប់អ៊ីស្រាអែលនេះថា “ខ្ញុំមកទីនេះដើម្បីលុយ។ ពួកគេចំណាយច្រើន ហើយផ្តល់សម្ភារៈល្អ និងការងារមានភាពស្ងប់ស្ងាត់។
ទោះជាយ៉ាងណាក៏ដោយ លោកក៏បានព្យាយាមបញ្ជាក់យ៉ាងច្បាស់ថា លោកប្រយុទ្ធនៅតំបន់ Golan Heights ហើយគ្រាន់តែផ្តល់ការគាំទ្រផ្នែកសន្តិសុខសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែលដែលស្ថិតនៅក្នុងតំបន់ Gaza Strip ប៉ុណ្ណោះ មិនមែនប្រយុទ្ធជាមួយក្រុម Hamas ដោយផ្ទាល់ទេ ហើយក៏មិនបានពាក់ព័ន្ធដោយផ្ទាល់ក្នុងប្រតិបត្តិការវាយប្រហារដែរ។”