សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរដល់ប្រទេសវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ទំាងសងខាង ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅតាមខេត្តជាប់ព្រំដែនឱ្យបានប្រសើរឡើង។
ប្រធានរដ្ឋសភាកម្ពុជាលើកឡើងដូចនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យលោក ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ។
មានប្រសាសន៏នៅក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភាបញ្ជាក់ថា ឈរលើមូលដ្ឋាននៃចំណងទាក់ទងរវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ជាតិ តំបន់ និងពិភពលោកមានការវិវត្ត ប្រែប្រួល និងផ្លាស់ប្តូរយ៉ាងណាក៏ដោយ តែចំណងមិត្តភាពជាប្រពៃណី ដែលបានចាក់ប្ញសយ៉ាងជ្រៅនៅតែបន្តស្ថិតស្ថេរយ៉ាងរឹងមាំ និងលូតលាស់ទ្វេឡើងថែមទៀត ទំាងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ចំណែកលោក ង្វៀន ហ៊ុយ តាំង បានកោតសរសើរចំពោះសមិទ្ធផលជាច្រើន ដែលកម្ពុជាសម្រេចបាននារយៈពេលចុងក្រោយនេះ បន្ទាប់ពីបានបើកប្រទេស ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីការរាតត្បាតជំងឺកូវីដ១៩ ក្រោមគោលការណ៍ទប់ស្កាត់កូវីត និងយុទ្ធនាការចាក់វ៉ាក់សំាងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល។ លោកថា រាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា នីតិកាលទី៧ បានចេញដំណើរដោយភាពស្វាហាប់ និងច្បាស់លាស់ ដែលនឹងនាំមកនូវជោគជ័យធំៗជាច្រើនទៀតជូនជាតិ និងប្រជាជន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បានកាន់ប្រសើរឡើង។
ជាមួយគ្នានេះ លោកបានសំណូមពរឲ្យសម្តេចប្រធានរដ្ឋសភា បន្តគំាទ្រ និងជំរុញដល់ការអនុវត្តកិច្ចព្រមព្រៀងនានា ដែលប្រទេសទំាងពីរបានចុះហត្ថលេខាកន្លងមក និងបន្តពង្រឹងពង្រីកទំនាក់ទំនង ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាប្រទេសទំាងពីរ ឱ្យបាននៅគ្រប់កម្រិត៕