BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អង្ករខ្មែរលើកដំបូង​ បាន​ទៅដល់​ឥណ្ឌូនេស៊ីជាផ្លូវការហើយ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ

ថ្ងៃព្រហស្បតិ៍, 02 ខែវិច្ឆិកា 2023 14:51  មានជ័យ

R-photo_2023-11-02_10-29-31 (1) - choek sopon (1)

បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេច កាលពីខែសីហា ឆ្នាំ២០២៣ កន្លងមក  អង្កររបស់កម្ពុជា​បានដឹ​កទៅដល់កំពង់ផែឥណ្ឌូនេស៊ីហើយ ក្នុងនោះ​ពិធី​បើក​កុងតឺន័រ​​បានរៀប​ចំធ្វើជាផ្លូវការ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ​​។

ការប្រកាសឲ្យដឹងពីការទៅដល់ប្រទេសឥណ្ឌូនេស៊ី​ របស់អង្ករខ្មែរនេះ បានធ្វើឡើង​នៅក្នុង​បណ្តាញ​តេឡេក្រាមរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ នៃព្រះរា​ជា​ណាកម្ពុជា។ ហើយតាមប្រភពនោះ នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការ​ចរចាបើក​ទី​ផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ា​ណែត ​និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំ​ងពីក្រសួង​កសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯ​កជនជា​ដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។

R-photo_2023-11-02_10-29-31 (2) - choek sopon

កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណ​ដំណាក់​កាល​ទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើកា​រ​បន្ត​ពង្រឹង​តួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់​ការ​អភិវឌ្ឍ​ជនបទ សំដៅធានាសន្តិសុខ និង​សុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញ​ភាព​ប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ។​

R-photo_2023-11-02_10-29-31 (5) - choek sopon

លោក​ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ដែរថា អង្ករ​កម្ពុជា ជើងទី១ បានទៅដល់ទឹកដីឥណ្ឌូនេស៊ី ចំនួន​៣៥០០តោន និងបន្តរ​ដឹក​ជញ្ជូន​ចំនួន​២ជើងបន្ថែមទៀត សរុប​១​ម៉ឺនតោន។

នៅក្នុងជំនួបរវាងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងសម្តេច​ធិ​ប​តី ហ៊ុន ម៉ាណែត ​​នៅទីក្រុងហ្សាកាតា កម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោន​ក្នុង​មួយ​ឆ្នាំ ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់​ក្នុង​ប្រទេស។​​

R-photo_2023-11-02_10-29-31 (4) - choek sopon

គួររំលឹកថា ​នៅក្នុងរយៈពេល​៨ ខែឆ្នាំ​២០២៣ កម្ពុជា​សម្រេចការនាំចេញអង្ករបានជាង​៤០ ម៉ឺន​តោន (៤០១ ៦៩៩) គិតជាទឹកប្រាក់​២៧៨ លានដុល្លារ ស្មើនឹង​៥៨ ភាគរយនៃផែនការ​៧០ ម៉ឺន​​តោន។​ ហើយបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម​បាន​ឲ្យដឹងថា មាន​ក្រុមហ៊ុនចំនួន ៥៥ បាននាំចេញអង្ករចេញទៅ​៥៦ គោលដៅ ដែលមានប្រទេសចិន អាហ្វ្រិក មជ្ឈឹមបូព៌ា ប្រ​ទេ​ស​ក្នុងទ្វីបអឺរ៉ុប និងសមាជិកអាស៊ាន។ ដោយឡែក ការនាំចេញ​ស្រូវទៅកាន់​ប្រទេស​ជិត​ខាង​​បានជិត​៣ លានតោន (២ ៩២៩ ០៤៣) ដែលមានទឹកប្រាក់​៨១៤ លានដុល្លារ ស្មើនឹង ៥៩ភាគរយ៕​

R-photo_2023-11-02_10-29-31 (3) - choek sopon


 

 


ថ្ងៃព្រហស្បតិ៍, 02 ខែវិច្ឆិកា 2023 14:51  មានជ័យ