គណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានបើកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីអនុម័តសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយក៏ត្រូវបានអង្គប្រជុំអនុម័តទាំងស្រុងផងដែរ។
មានប្រសាសន៏នៅក្នុងពិធីនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាការផ្តល់ជម្រើសបន្ថែម ដល់ប្រជាពលរដ្ឋក្នុងការដោះស្រាយវិវាទ ហើយការអនុវត្តមិនមែនធ្វើឡើង ដើម្បីបង្ខិតបង្ខំប្រជាពលរដ្ឋឱ្យប្រើប្រាស់សេវានេះទេ ពួកគាត់មានជម្រើសច្រើន។ សម្តេចធិបតីបានសម្តែងក្តីសង្ឃឹមថា ការរៀបចំបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ នឹងចូលរួមចំណែកផ្តល់យុត្តិធម៌ និងបង្កើតសុខដុមនីយកម្ម និងការជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប៉ុន្តែមិនទៅជំនួសតុលាការទេ គ្រាន់តែបំពេញបន្ថែម នូវយន្តការដែលមានស្រាប់។
ជាមួយគ្នានោះ សម្តេចធិបតីអះអាងថា បញ្ហាដែលសំខាន់បំផុតមួយទៀត គឺការធ្វើយុទ្ធនាការផ្សព្វផ្សាយ ពន្យល់ ណែនាំ មហាជន ក៏ដូចជាប្រជាពលរដ្ឋឲ្យបានយល់ពីច្បាប់ យល់ពីជម្រើសដែលរៀបចំជូនពួកគាត់។
គួររំលឹកថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីពញរឹកមិញ ធ្វើឡើងនៅវិមានសន្តិភាព មានរបៀបវារៈចំនួន៤ ក្នុងនោះមានរបៀបវារៈទី១ គឺសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី១រូប មានអនុប្រធាន៤រូប ក្នុងនោះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាអនុប្រធានប្រចាំការ និងមានសមាជិក៧រូប។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានតួនាទីដឹកនាំ សម្របសម្រួល និងអនុវត្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាវិវាទ និងរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ គោលការណ៍ណែនាំ វិធានការនានា និងលិខិតបទដ្ឋាន គតិយុត្តិ សម្រាប់អនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ហើយដាក់ចេញនូវក្រមសីលធម៌ ក្រុមប្រតិបត្តិ វិធាន និងលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់អនុវត្ត។ ជាពិសេសគឺការសម្រុះសម្រួលផ្សះផ្សាវិវាទ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ដោយទទួលដោះស្រាយពាក្យបណ្ដឹងនានា ដែលស្នើសុំឱ្យសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ៕