ដោយចាប់ផ្តើមពីប្រធានាធិបតីអាមេរិកលោក Joe Biden ដែលកំពុងប្រឈមមុខនឹងសម្ពាធផ្ទៃក្នុងកាន់តែខ្លាំងឡើងអោយវាយប្រហារលើក្រុមប្រូកស៊ីអ៊ីរ៉ង់ ដែលបានវាយប្រហារជាញឹកញាប់និងបង្ករបួសមកលើកងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីនៅអំឡុងពេលខែតុលានេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអាមេរិក The Washington Post។ ប៉ុន្តែបើតាមប្រភពដដែលនេះបានអោយដឹងថា លោក Biden កំពុងពិចារណាលើការសម្រេចចិត្តណាមួយដើម្បីសងសឹកសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដោយបារម្ភថាសង្រ្គាមនៅតំបន់ហ្គាហ្សាអាចនឹងឈានទៅដល់ការផ្ទុះឡើង និងរីករាលដាលពេញតំបន់នេះបើយោងតាមមន្ត្រីអាមេរិកដែលបានផ្តល់ដំណឹង។ កាលពីថ្ងៃពុធ លោក Biden បានព្រមានមេដឹកនាំអ៊ីរ៉ង់លោក Ali Khamenei ថា«ប្រសិនបើទីក្រុងតេអេរ៉ង់បន្តធ្វើចលនាប្រឆាំងនឹងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា នោះពួកយើងនឹងឆ្លើយតប»។ ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថាទាហានអាមេរិកជាង 20 នាក់បានរងរបួសក្នុងរយៈពេលប្រាំបីថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានការវាយប្រហារតាមអាកាសចំនួន14លើកឬច្រើនជាងនេះទៅលើមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
-
អាមេរិកពិចារណាវាយប្រហារក្រុមប្រូស៊ីអ៊ីរ៉ង់ក្រោយការវាយប្រហារលើកងទ័ពខ្លួន
យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី២៦ ខែតុលាបានអោយដឹងថា លោកប្រធានាធិបតី Biden ប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក្នុងការវាយប្រហារលើក្រុមប្រូកស៊ីអ៊ីរ៉ង់ដែលបានវាយប្រហារម្តងហើយម្តងទៀត និងបង្ករបួសមកលើទាហានអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរីក្នុងខែនេះ ប៉ុន្តែលោកកំពុងថ្លឹងថ្លែងលើការសម្រេចចិត្តណាមួយដើម្បីសងសឹកដោយបារម្ភថាសង្រ្គាមនៅតំបន់ហ្គាហ្សានេះនឹងអាចឈានដល់កម្រិតនៃការផ្ទុះឡើងពាសពេញតំបន់នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិក និងអ្នកផ្សេងទៀតដែលដឹងពីការពិភាក្សារបស់រដ្ឋបាល។
លោក Biden បាននិយាយកាលពីថ្ងៃពុធថា លោកបានព្រមានលោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ថា ប្រសិនបើទីក្រុង Tehran បន្តធ្វើចលនាប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាទៀត នោះពួកគេនឹងធ្វើការឆ្លើយតបហើយ ។
ការប្រកាសរបស់លោក Biden បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ថាទាហានអាមេរិកជាង 20 នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយដ្រូន និងរ៉ុក្កែតយ៉ាងហោចណាស់ចំនួន១២លើកផ្សេងៗគ្នានៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីថ្ងៃទី១៨ ខែតុលានេះ។
-
ស្ថានទូតអាមេរិកប្រចាំគុយវ៉ែតព្រមានខណៈមានការគំរាមកំហែងរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រអ៊ីរ៉ង់
យោងតាមសារព័ត៌មាន Atlas News ចុះផ្សាយថ្ងៃទី២៥ ខែតុលាបានអោយដឹងថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសគុយវ៉ែតបានចេញសេចក្តីប្រកាសអាសន្នផ្នែកសន្តិសុខដោយសារតែការគំរាមកំហែងធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធគាំទ្រអ៊ីរ៉ង់ Alwiyat al-Waad al-Haq (AWH) ដែលលើកឡើងថាមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសនេះគឺជា "គោលដៅវាយប្រហារស្របច្បាប់របស់ពួកគេ" ។
ក្រុមសកម្មប្រយុទ្ធគាំទ្រអ៊ីរ៉ង់ AWH បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៤ ខែតុលាថា"យើងចាត់ទុកមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសគុយវ៉ែត និង Emirates ជាគោលដៅស្របច្បាប់សម្រាប់ពួកយើងដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មរបស់អង្គភាពគាំទ្រប្រជាជនជ្វីហ្វ និងប្រទេសអាមេរិកផងដែរ។ ហើយជាការសងសឹកចំពោះប្រជាជនប៉ាឡេស្ទីនជាទីស្រឡាញ់ដែលត្រូវបានសម្លាប់ដោយក្រុមជ្រុលនិយមសាសនាទាំងនេះ»។
ស្ថានទូតបានឆ្លើយតបដោយនិយាយថា ពួកគេបានដឹងពីការគម្រាមកំហែងនេះហើយ និងកំពុងរឹតត្បិតសកម្មភាពរបស់ខ្លួនពាក់ព័ន្ធជាមួយមូលដ្ឋានយោធាអាមេរិកមកត្រឹមតែព្រឹត្តិការណ៍សំខាន់ៗតែប៉ុណ្ណោះ។ ខណៈពលរដ្ឋអាមេរិកក៏ត្រូវបានណែនាំឲ្យរក្សាការប្រុងប្រយ័ត្ន»។
-
មន្ទីរបញ្ចកោណថាទាហានអាមេរិក៩០០នាក់បានដាក់ពង្រាយនៅមជ្ឈិមបូព៌ា
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី២៧ ខែតុលាបានអោយដឹងថា ទាហានអាមេរិកប្រហែល 900 នាក់ត្រូវបានដាក់ពង្រាយ និងកំពុងដាក់ពង្រាយនៅមជ្ឈិមបូព៌ា ខណៈមានភាពតានតឹងកាន់តែកើនឡើងខ្លាំងនៅក្នុងតំបន់ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់មកលើមូលដ្ឋានចម្រុះដែលបណ្តាលឱ្យមានរបួសតិចតួចសម្រាប់ទាហានជិត២០នាក់។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកឧត្តមសេនីយ៍ទោ Pat Ryder បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា អង្គភាពដែលដាក់ពង្រាយនេះនឹងមិនធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលទេ ហើយពួកគេត្រូវបានប្រើប្រាស់ក្នុងគោលបំណងគាំទ្រដល់កិច្ចប្រឹងប្រែងទប់ស្កាត់ក្នុងតំបន់ និងពង្រឹងសមត្ថភាពការពារកម្លាំងរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ" ។