សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី ក្រោយក្លាយជាប្រជាប្រធានព្រឹទ្ធសភា ខណៈដែលប្រទេសមហាអំណាចមួយនេះ កំពុងធ្វើសង្រ្គាមរង្គោះរង្គើពិភពលោក ជាមួយប្រទេសអ៊ុយក្រែន។
ការប្រកាសឲ្យដឹងពីគម្រោងទស្សនកិច្ចនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នៅអាណត្តិទី៧នេះ នឹងកាន់តែរីកចម្រើនរឹងមាំថែមទៀត លើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ក្រោយពីចំណងការទូតរវាងប្រទេសទាំងពីរ មានប្រមាណ៦៧ ឆ្នាំ កន្លងមក។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកអគ្គរដ្ឋទូតរុស្ស៊ី ដោយអះអាងថា នេះជាឱកាសសម្រាប់ការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី។ សម្តេចបានរំឭកផងដែរ ពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលដែលកាលនោះជាអតីតសហភាពសូវៀត បានជួយឧបត្ថម្ភគាំទ្រកម្ពុជា លើការស្តារកសាងប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំនៃរបបប៉ុលពត។
ជារួមសម្តេចនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈកាលកន្លងមក ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងនៅក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ, ការផ្លាស់ប្តូរវិស័យការពារជាតិ និងសន្តិសុខ ដែលក្នុងនោះ មានគម្រោងនៃការចូលចតនាវារុស្ស៊ី នៅខេត្តព្រះសីហនុ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះជាដើម ។
បើតាមលទ្ធផលនៃជំនួបពិភាក្សានោះ នៅក្រោយការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មីរួច សម្តេចតេជោ ហ៊ុន សែន ដែលនឹងក្លាយជាប្រជាព្រឹទ្ធសភា នឹងធ្វើទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីផងដែរ។
ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, រុស្ស៊ីក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន។ ហើយទិសដៅទៅមុខ កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀត ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕