1. កងកម្លាំងអាមេរិកចូលទៅកាន់តំបន់ហ្គាហ្សាហើយប្រឈមនឹងការវាយឆ្មក់
យោងតាមសារព័ត៌មាន Daily Caller ចុះផ្សាយថ្ងៃទី២៣ ខែតុលាបានអោយដឹងថា ពិធីករនៃកម្មវិធី “Tucker on X” លោក Tucker Carlson បានធ្វើបទសម្ភាសន៍ទៅកាន់លោកវរសេនីយ៍ឯកកងទ័ពចូលនិវត្តន៍អាមេរិក Douglas MacGregor អំពីប្រធានបទមួយក្រោមចំណងជើងថា«តើសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្រ្គាមជាមួយអ៊ីរ៉ង់ដែរឬទេ?»។ លោក Carlson បានសួរលោក MacGregor ថា“អ្នកជឿទេថាយើងកំពុងឆ្ពោះទៅរកសង្រ្គាមជាមួយអ៊ីរ៉ង់?”
លោក MacGregor បាននិយាយថា«បាទ ខ្ញុំជឿ» ហើយបានព្រមានអាមេរិកមិនអោយចូលរួមក្នុងសង្គ្រាមណាមួយទេ ដែលអាចបង្កឲ្យឆ្ពោះទៅរកសង្រ្គាមដ៏ពេញលេញជាមួយរុស្ស៊ី។ លោកបានបន្តថា មានតែលោកប្រធានាធិបតី Erdogan នៃប្រទេសតួកគីប៉ុណ្ណោះដែលអាចដើរតួនាទីសម្របសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បាន។ លោកក៏បានទម្លាយបន្ថែមព័ត៌មានបន្ថែមផងថា “កងកម្លាំងពិសេសរបស់អាមេរិក និងអ៊ីស្រាអែលបានព្យាយាមចូលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដើម្បីអង្កេតការណ៍ទីតាំង និងរៀបចំផែនការរំដោះចំណាប់ខ្មាំង ប៉ុន្តែក៏ត្រូវបានរងការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរពីក្រុមប្រឆាំងប៉ាឡេស្ទីន។
2.អ៊ីស្រាអែលយល់ព្រមពន្យារការឈ្លានពានជាផ្លូវការ
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៥ ខែតុលាបានអោយដឹងថា អ៊ីស្រាអែលបានយល់ព្រមចំពោះសំណើរបស់អាមេរិកដើម្បីពន្យារពេលលុកលុយចូលតំបន់ហ្គាហ្សា ដើម្បីអោយមន្ទីរបញ្ចកោណអាចដាក់ប្រព័ន្ធការពារដែនអាកាសនៅក្នុងតំបន់ដើម្បីការពារទាហានអាមេរិកនេះបើយោងតាមមន្រ្តីអាមេរិក និងអ្នកដែលបានដឹងពីការរៀបចំផែនការរបស់អ៊ីស្រាអែល។ មន្ទីរបញ្ចកោណកំពុងព្យាយាមដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសជិតរាប់សិបគ្រឿងទៅកាន់តំបន់នេះ រួមទាំងសម្រាប់កងទ័ពអាមេរិកដែលបម្រើនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី គុយវ៉ែត ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមផងដែរ ដើម្បីការពារពួកគេពីមីស៊ីលនិងគ្រាប់រ៉ុក្កែត។ រហូតមកដល់ពេលនេះ មន្ត្រីអាមេរិកបានបញ្ចុះបញ្ចូលអ៊ីស្រាអែលឱ្យពន្យារពេលសិនរហូតទាល់តែបំណែកទាំងអស់ត្រូវបានតម្លើងរួចរាល់នៅដើមសប្តាហ៍នេះ។ ក្រុមមន្ត្រីបាននិយាយថា អ៊ីស្រាអែលក៏កំពុងពិចារណាផងដែរនៅក្នុងផែនការរបស់ខ្លួនដើម្បីប្រឹងប្រែងផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាប្រឹងប្រែងខាងការទូតដើម្បីសុំដោះលែងចំណាប់ខ្មាំងដែលចាប់ឡើងដោយក្រុមហាម៉ាស់ផងដែរ។
3. ក្រុមហេសបូឡា ហាម៉ាស និងមេដឹកនាំជីហាតអ៊ីស្លាមពិភាក្សាពីវិធីយកជ័យជម្នះ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៥ ខែតុលាបានអោយដឹងថា ប្រមុខក្រុមហេសបូឡារបស់ប្រទេសលីបង់បានជួបជាមួយមេដឹកនាំកំពូលនៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas និងជីហាតអ៊ីស្លាម ហើយបានពិភាក្សាគ្នាពីអ្វីដែលសម្ព័ន្ធរបស់ពួកគេត្រូវធ្វើដើម្បីទទួលបានជោគជ័យក្នុងការប្រឆាំងនេះ នេះបើតាមក្រុមហេសបូឡាបាននិយាយឡើងកាលពីថ្ងៃពុធ។ ក្រុមហេសបូឡាបាននិយាយឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំនេះមានការចូលរួមពីលោក Sayyed Hassan Nasrallah របស់ក្រុមហេសបូឡា អនុប្រធានក្រុមហាម៉ាស លោក Saleh al-Arouri និងប្រធានក្រុមជីហាតអ៊ីស្លាមលោក Ziad al-Nakhala ។ ក្រុមហេសបូឡាបាននិយាយថា"ការវាយតម្លៃមួយត្រូវបានធ្វើឡើងសម្រាប់អ្វីដែលភាគីនៃក្រុមប្រឆាំងត្រូវធ្វើ...ដើម្បីសម្រេចបាននូវជ័យជំនះពិតប្រាកដមួយសម្រាប់ការតស៊ូប្រឆាំងជាយូរនៅក្នុងតំបន់ហ្គាហ្សា និងសម្រាប់ប្រជាជនប៉ាឡេស្ទីនផ្ទាល់ ដ៏ដូចជាដើម្បីបញ្ឈប់ការវាយប្រហារដ៏ឃោរឃៅ" ។