អ្នកសម្របសម្រួលនៃក្រុមឆ្វេងនិយមក្នុងសភាបារាំងលោក Manuel Bompard បានរិះគន់សុន្ទរកថារបស់លោកប្រធានាធិបតី Emmanuel Macron នៅក្នុងប្រទេសអ៊ីស្រាអែល ទាក់ទងនឹងសំណើអោយប្រទេសរបស់លោកចូលរួមជាមួយនឹងសម្ព័ន្ធអន្តរជាតិប្រឆាំងនឹងក្រុម ISIS ទប់ស្កាត់នឹងក្រុមហាម៉ាសផងដែរ។ លោក Bompard បាននិយាយថា "ថ្ងៃនេះលោក Macron ស្នើឱ្យបារាំងធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។ តើនេះមានន័យថាម៉េច ? ចង់អោយបារាំងទម្លាក់គ្រាប់បែកលើហ្គាហ្សា?ទាហានបារាំងចូលរួមប្រតិបត្តិការលុកលុយ? ហើយនៅពេលណា? អត់ទេ វាគឺជាការលើកឡើងដ៏គ្រោះថ្នាក់បំផុត»។ លោកបានបន្ថែមថា ផ្ទុយពីអ្វីដែលលោក Macron បានថ្លែងនោះ បារាំងត្រូវតែគាំទ្រសំឡេងសន្តិភាព។ ខណៈឯកសារមួយបានបង្ហាញឡើងអនុសាសន៍របស់រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់អ៊ីស្រាអែលអ្នកស្រី Gila Gamliel ដោយបានណែនាំថា ប្រជាជននៅតំបន់ហ្គាហ្សាគួរតែបានផ្ទេរទៅក្នុងឧបទ្វីបស៊ីណៃ និងគួរតែបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសដ៏ទៃទៀតដើម្បីឱ្យពួកគេអាចទទួលជនជាតិប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅពីតំបន់ហ្គាហ្សា ដូចជារដ្ឋកាណាដា និងប្រទេសមួយចំនួននៅអឺរ៉ុប ដូចជាក្រិក និងអេស្បាញ និងប្រទេសអាហ្វ្រិកខាងជើងមួយចំនួន។
-
អ្នកឆ្វេងនិយមសភាបារាំងថា “Macron ត្រូវតែទាមទារ “បទឈប់បាញ់”!
យោងតាមសារព័ត៌មាន France24 ចុះផ្សាយថ្ងៃទី២៤ ខែតុលាបានអោយដឹងថា អ្នកសម្របសម្រួលនៃក្រុមឆ្វេងនិយមក្នុងសភាបារាំងលោក Manuel Bompard បានសរសេរទៅកាន់ប្រធានាធិបតីនៃប្រទេសនេះថា លោករំពឹងថាលោកប្រធានាធិបតី Emmanuel Macron នឹងធ្វើការ "ផ្សព្វផ្សាយសំឡេងរបស់បារាំងឡើងវិញ" ពោលគឺជាការទាមទារចង់អោយមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងគូវិវាទក្រុមសកម្មប្រយុទ្ធហាម៉ាស មិនមែនដូចជាអ្វីដែលលោក Macron លើកឡើងថានឹងគាំទ្រអ៊ីស្រាអែលគ្រប់វិធីទាំងអស់ដើម្បីការពារខ្លួនឯងពីភេរវកម្ម។
លោកបាននិយាយថា "បទឈប់បាញ់មានន័យថា សុំឱ្យកងទ័ពអ៊ីស្រាអែល បញ្ឈប់ប្រតិបត្តិការទម្លាក់គ្រាប់បែករបស់ខ្លួន ដែលនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម" ហើយបានសន្មតឡើងថា អ្វីដែលពួកគេចាំបាច់ធ្វើនោះគឺជាការចរចាជាមួយចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីន ហាម៉ាសនេះតែម្តង។
លោកបានសរសេរឡើងថា"ប្រសិនបើអ្នកចង់ទទួលបានការដោះលែងចំណាប់ខ្មាំងរបស់អ្នក អ្នកត្រូវមានកាតព្វកិច្ចចរចាជាមួយសត្រូវ។ ហើយសហរដ្ឋអាមេរិក និងបារាំងបានជឿជាក់មុតមាំប្រគល់តួនាទីសម្របសម្រួលកណ្តាលនេះអោយទៅប្រទេសអេហ្ស៊ីប និងតួកគីសង្ឃឹមថាការចរចាំមួយផ្នែកនេះអាចធ្វើអោយមានការដោះលែងចំណាប់ខ្មាំង។"
-
ផែនការបំផ្លាញឧបទ្វីបស៊ីណៃបង្ហាញឡើងដោយឯកសារ
យោងតាមសារព័ត៌មាន Mondoweiss ចុះផ្សាយថ្ងៃទី២៣ ខែតុលាបានអោយដឹងថា វិទ្យាស្ថានស្រាវជ្រាវ Think Tank របស់អ៊ីស្រាអែលដែលមានទំនាក់ទំនងជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានចេញរបាយការណ៍មួយនៅថ្ងៃទី 17 ខែតុលាដែលនិយាយពី "ឱកាសពិសេសនិងកម្រមួយ" សម្រាប់ "ការផ្លាស់ទីលំនៅនិងការតាំងទីលំនៅរបស់ប្រជាជនតំបន់ Gaza ទាំងមូល" ។
ទីភ្នាក់ងារព័ត៌មានអ៊ីស្រាអែល Calcalist បានរាយការណ៍អំពីផែនការបោសសម្អាតជនជាតិភាគតិចនៃតំបន់ហ្គាហ្សានេះ ដែលកំពុងត្រូវបានផ្សព្វផ្សាយឡើងដោយក្រសួងស៊ើបការណ៍សម្ងាត់អ៊ីស្រាអែលផងដែរ ដែលដឹកនាំដោយអ្នកស្រី Gila Gamliel ។
នៅក្នុងផែនការដែលត្រូវបានស្នើឡើងដោយក្រសួងស៊ើបការណ៍សម្ងាត់នេះ ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានឹងត្រូវផ្លាស់ទីលំនៅពីហ្គាហ្សាទៅកាន់ឧបទ្វីបស៊ីណៃភាគខាងជើងនៃប្រទេសអេហ្ស៊ីប។ នៅក្នុងរបាយការណ៍ ក្រសួងបានពណ៌នាអំពីជម្រើសផ្សេងៗសម្រាប់អ្វីដែលកើតឡើងបន្ទាប់ពីការលុកលុយក្នុងតំបន់ហ្គាហ្សា។ ជំហ៊ាននេះមានបីដំណាក់៖១ ការបង្កើតទីក្រុងតង់នៅភាគនិរតីនៃតំបន់ហ្គាហ្សាស្ទ្រីប។ ២ ការសាងសង់ច្រករបៀងជំនួយមនុស្សធម៌សម្រាប់"ជួយអ្នកស្រុក" ៣ ហើយចុងក្រោយគឺការកសាងទីក្រុងនៅភាគខាងជើងស៊ីណៃ។
បន្ថែមលើនេះក៏មានផែនការបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសដ៏ទៃទៀតដើម្បីឱ្យពួកគេអាចទទួលជនជាតិប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅពីតំបន់ហ្គាហ្សា ដូចជារដ្ឋកាណាដា និងប្រទេសមួយចំនួននៅអឺរ៉ុប ដូចជាក្រិក និងអេស្បាញ និងប្រទេសអាហ្វ្រិកខាងជើងមួយចំនួន។
-
តើក្រុមសកម្មប្រយុទ្ធហាម៉ាសពិតជាដូចក្រុម ISIS រឺទេ?
យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី២៥ ខែតុលាបានអោយដឹងថា លោក Itzchak Weismann ប្រវត្តិវិទូអ៊ីស្រាអែលនៃចលនាអ៊ីស្លាមនៅសាកលវិទ្យាល័យ Haifa បានលើកឡើងថា“មានទំនោរក្នុងការនិយាយថា ក្រុមហាម៉ាស តែងតែជា ក្រុម ISIS ។ ប៉ុន្តែនោះមិនមែនជាការពិតទេ។ ពួកគេគឺជាអង្គការមួយដែលឆ្លើយតបទៅនឹងស្ថានភាពនេះ”។ លោកបានប្រាប់កាសែតអ៊ីស្រាអែល Haaretz កាលពីសប្តាហ៍មុនដោយចង្អុលបង្ហាញពីរបៀបដែលក្រុមហាម៉ាសបានទ្រាំទ្រនឹងក្រុមសាសនាផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សានេះ។ “ក្រុមហាម៉ាស់បានព្យាយាមរួមបញ្ចូលចំនួនប្រជាជនទាំងអស់នៃតំបន់ហ្គាហ្សា… ផ្ទុយទៅវិញ ISIS នឹងសម្លាប់មូស្លីមណាម្នាក់ដែលសូម្បីតែមិនបានបន់ស្រន់ទៅតាមពេលត្រឹមត្រូវ។ អ្នកមិនអាចនិយាយថា 'ISIS បានសម្លាប់មនុស្ស ហើយក្រុម Hamas ក៏ធ្វើដូច្នេះដែរទេ ហើយពួកគេគឺជាក្រុមដូចគ្នាទេ»។
លោក Aaron Zelin អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន Washington Institute for Near East Policy ថា ក្រុម ISIS តែងតែ"ចាត់ទុកក្រុម Hamas ថាជាអ្នកក្បត់សាសនា" ដោយសារតែទំនាក់ទំនងរបស់ពួកគេជាមួយនឹងរបបលទ្ធិស៊ីអ៊ីតនៅអ៊ីរ៉ង់។