គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្សនយោបាយចំនួន២៧ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព” ជាមួយគ្នាជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា។
គណបក្សនយោបាយ ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជារួមមាន៖ ១, គណបក្សមហានគរ ២, គណបក្សខ្មែររួបរួមជាតិ ៣, គណបក្សពន្លឺថ្មី ៤, គណបក្សសញ្ជាតិកម្ពុជា ៥, គណបក្សខ្មែរក្រោក ៦, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៧, គណបក្សរស្មីខេមរា ៨, គណបក្សខ្មែរសាធារណរដ្ឋ ៩, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១០, គណបក្សយុវជនកម្ពុជា ១១, គណបក្សធម្មាធិបតេយ្យ ១២, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៣, គណបក្សខ្មែរតែមួយ ១៤, គណបក្សឯកភាពជាតិខ្មែរ ១៥, គណបក្សកម្លាំងប្រជាធិបតេយ្យ ១៦, គណបក្សកសិករ ១៧, គណបក្សស្ត្រីដើម្បីស្ត្រី ១៨, គណបក្សបំណងពលរដ្ឋ
១៩, គណបក្សខ្មែរអភិរក្ស ២០, គណបក្សមហាសាមគ្គីជាតិខ្មែរ ២១, គណបក្សនគរប្រជាធិបតេយ្យ ២២, គណបក្សអំណាចប្រជាពលរដ្ឋ ២៣, គណបក្សខ្មែរអង្គរ ២៤, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ២៥, គណបក្សម៉ូលីណាកា ២៦, គណបក្សចលនាប្រជាធិបតេយ្យ ២៧, គណបក្សអភិវឌ្ឍន៍កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការចងសម្ព័ន្ធភាពនេះ មិនមែនមានន័យថា គណបក្សទាំង២៧ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន ដែលកំពុងកាន់អំណាចនោះទេ ពោលគឺគណបក្សទាំងអស់ដែលបានចូលរួមមានសិទ្ធិស្មើភាពគ្នាទាំងអស់។ សម្តេចបញ្ជាក់ថា គណបក្សទាំងអស់មិនមែនចំណុះគណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែនេះជាការស្ម័គ្រចិត្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទោះបីគណបក្សប្រជាជនកំពុងកាន់អំណាច មានធនធានមនុស្ស ធនធានហិរញ្ញវត្ថុច្រើនលើសលប់ក៏ដោយ ក៏ប៉ុន្តែ យើងមិនបានចាត់ទុកគណបក្សទាំងអស់ថា ជាគណបក្សដែតូចតាចនោះទេ តែជាគណបក្សនយោបាយស្របច្បាប់ មានសិទ្ធិដូចគ្នា។
ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះអះអាងថា សម្ព័ន្ធភាពនេះ មិនប៉ះពាល់ដល់ប្រជាធិបតេយ្យទេ តែនឹងធ្វើឱ្យប្រជាធិបតតេយ្យនៅកម្ពុជាកាន់តែល្អប្រសើរ។ ពីព្រោះសម្ព័ន្ធភាពនេះ មិនមែនមានន័យថា គណបក្សទាំងនេះជាកូនចៅរបស់គណបក្សប្រជាជនកម្ពុជាឡើយ តែជាដៃគូសហការ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ។ សម្ដេចតេជោសង្កត់ធ្ងន់ថា សម្ព័ន្ធភាពនេះ គឺជាដៃគូកិច្ចសហប្រតិបត្តិការដោយស្មើភាព សាមគ្គីភាព គោរពសិទ្ធិ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាមួយគណកប្សនយោបាយស្ទើរជាងពាក់កណ្ដាលនៃគណបក្សដែលមាននៅកម្ពុជានេះ ក៏មិនបានធ្វើឡើងដើម្បីលុបបំបាត់សំឡេងប្រឆាំងនោះឡើយ ខណៈក្រុមប្រឆាំង ក៏កំពុងបង្កើតសម្ព័ន្ធភាពមួយ ដើម្បីប្រឆាំងផងដែរ។
គួររំលឹកថា ដំណើររឿងដែលនាំទៅដល់ការសម្ព័ន្ធភាពនេះ គឺកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ គណបក្សនយោបាយជាង២០ គណបក្ស ដូចជា គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សអំណាចប្រជាពលរដ្ឋ និងគណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យជាដើម បានធ្វើលិខិតរួមគ្នាមួយផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សមួយនេះ។
ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ សម្តេចបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូស្មើភាពជាមួយគណបក្សប្រជាជនកម្ពុជា៕