ការចាប់ផ្តើមគឺចេញពីក្នុងជួរកងទ័ពអ៊ីស្រាអែលដែលការត្អូញត្អែរកំពុងកើនឡើងនៅក្នុងចំណោមជួរមេទ័ពនិងទាហាននៅជុំវិញបញ្ហាពន្យារពេលរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ក្នុងការចេញបញ្ជាវាយលុកទឹកដី Gaza Strip ដែលជាលទ្ធផលមកពីសម្ពាធរបស់អាមេរិកលុះត្រាណាតែក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង។ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងកាន់សញ្ជាតិ២ចំនួនពីរនាក់រួចមកហើយតាមរយៈការអន្តរាគមន៍របស់ប្រទេស Qatar ដែលនេះផ្តល់ក្តីសង្ឃឹមដល់សេតវិមាននឹងអាចមានការដោះលែងអ្នកចាប់ខ្លួនបានដោយមិនចាំបាច់មានប្រតិបត្តិការបង្ហូរឈាម។ លោកខាងលិចកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើឥទ្ធិពលនៃរដ្ឋឈូងសមុទ្រដែលជាអ្នកវិនិយោគធំមួយនៅទូទាំងពិភពលោក។ កាលពីថ្ងៃសុក្រ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសើរតួនាទី ដ៏"សំខាន់" របស់ទីក្រុង Doha ក្នុងការចរចាដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកពីរនាក់ដែលក្រុមហាម៉ាសបាននាំទៅ ដោយបង្ហាញពីទំនុកចិត្តរបស់លោកថានឹងអាចមានការដោះលែងចំណាប់ខ្មាំងជាបន្តទៀត។
-
ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង២នាក់បន្ទាប់ពីការចរចារបស់ Qatar
យោងតាមសារព័ត៌មាន CNBC ចុះផ្សាយថ្ងៃទី២០ ខែតុលាបានអោយដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ ដែលជាកងពលតូច Izz el-Deen al-Qassam បានដោះលែងចំណាប់ខ្មាំងអាមេរិកពីរនាក់ពីហ្គាហ្សា- ដែលជាម្តាយនិងកូនស្រីរបស់គាត់ - "ដោយហេតុផលមនុស្សធម៌" ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសកាតានៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែល។ អ្នកនាំពាក្យរបស់ពួកគេលោក Abu Ubaida បាននិយាយកាលពីថ្ងៃសុក្រនេះ។
លោក Abu Ubaida បាននិយាយថា ពួកគេបានដោះលែងពលរដ្ឋពិតមែនដោយសារ "ហេតុផលមនុស្សធម៌ និងដើម្បីបញ្ជាក់ដល់អាមេរិក និងពិភពលោកថា ការអះអាងឡើងដោយ លោកប្រធានាធិបតី Joe Biden និងរដ្ឋបាលហ្វាស៊ីសរបស់លោក គឺជារឿងមិនត្រឹមត្រូវ និងគ្មានមូលដ្ឋាននោះទេ" ។
-
លោកខាងលិចបន្តចរចាជាមួយអេហ្ស៊ីបដើម្បីជម្លៀសប្រជាជនពីហ្គាហ្សាទៅស៊ីណៃ
យោងតាមសារព័ត៌មាន Foreign Policy ចុះផ្សាយថ្ងៃទី២០ ខែតុលាបានអោយដឹងថា អ្នកជំនាញផ្នែកហិរញ្ញវត្ថុបាននិងកំពុងសង្កេតមើលបញ្ហាបំណុលដែលកំពុងកើនឡើងនៅក្នុងប្រទេសអេហ្ស៊ីប។ កាលពីរដូវក្តៅកន្លងទៅនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអេហ្ស៊ីបលោក Mohamed Maait បានប្រកាសថា ផលធៀបអនុបាតបំណុលនិង GDP ត្រូវបានគេរំពឹងថានឹងឈានដល់ 97 ភាគរយក្នុងអំឡុងពេលរដូវក្តៅ ដែលជាការកើនឡើងដ៏ធំ16.8 ភាគរយចាប់ពីខែមិថុនាឆ្នាំ 2022មក។ លោកខាងលិចអាចនឹងដោះដូរបំណុលទាំងនេះរបស់អេហ្ស៊ីបជាមួយនឹងការជម្លៀសប្រជាជនពីតំបន់ហ្គាហ្សាទៅឧបទ្វីបស៊ីណៃ។
អេហ្ស៊ីបបានធ្វើកិច្ចព្រមព្រៀងបែបនេះពីមុនមក។ នៅឆ្នាំ1991 នៅរយៈពេលបីខែបន្ទាប់ពីសង្រ្គាមឈូងសមុទ្រ អាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតបានអនុញ្ញាតឱ្យអេហ្ស៊ីបចេញពីការខ្ចីប្រាក់ចំនួន 10 ពាន់លានដុល្លា ដែលស្មើនឹងមួយភាគបួននៃបំណុលខាងក្រៅទាំងអស់របស់ខ្លួននៅពេលនោះ។ ខណៈដែលប្រទេសអារ៉ាប់ផ្សេងទៀតប្រមូលផ្តុំកងទ័ព និងមើលពីអារ៉ាប៊ីសាអូឌីត លោក Hosni Mubarak ដែលពេលនោះជាប្រធានាធិបតីអេហ្ស៊ីបគឺជាមេដឹកនាំដំបូងគេដែលបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់លោកទៅចូលរួមការប្រយុទ្ធរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ាក់។
-
Biden ពិភាក្សាសង្គ្រាមអ៊ីស្រាអែលជាមួយអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី
យោងតាមសារព័ត៌មាន The Times Of Israel ចុះផ្សាយថ្ងៃទី២២ ខែតុលាបានអោយដឹងថា សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានពិភាក្សាអំពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសជាមួយមេដឹកនាំនៃមហាអំណាចលោកខាងលិច។
សេតវិមានបាននិយាយថា លោក Biden បានធ្វើការហៅទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ និងអ៊ីតាលី។
សេតវិមានបាននិយាយថា"មេដឹកនាំបានរំលឹកឡើងវិញនូវការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែល និងសិទ្ធិការពារខ្លួនប្រឆាំងនឹងអំពើភេរវកម្ម និងបានអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការការពារជនស៊ីវិល"។
បន្ថែមលើនេះក៏បាននិយាយថាមេដឹកនាំបានពិភាក្សាគ្នាអំពីបញ្ហាពលរដ្ឋរបស់ពួកគេដែលកំពុងជាប់ខ្លួននៅក្នុងសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាសនេះ។